rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គ.ជ.ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ត្រឡប់​មក​បោះឆ្នោត​នៅ​ថ្ងៃ​២៩​កក្កដា

media
@សហការី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កំពុងបំ​ពេ​ញ​​បេសកម្ម ឬ​រស់​នៅ​និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ត្រឡប់​មក​បោះ​ឆ្នោតជាតិ​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ។ ការ​អំពាវ​នាវនេះ​ធ្វើ​ឡើង​តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៤​ឧសភា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ។


សេចក្ដី​អំពាវនាវ​របស់​គ.ជ.ប យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ពលរដ្ឋខ្មែរ​រស់​នៅ​ក្រៅប្រទេ​ស​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ការបោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​ ខណៈលោក សម រង្ស៊ី អតីត​ប្រធាន​បក្ស​ប្រឆាំង​អំពាវ​នាវ​ផ្ទុយ​ពី​នេះ។

យ៉ាងណាក៏ គ.ជ.ប មិន​អាច​បញ្ជាក់​បាន​ទេ​ថា មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់​នៅ​ក្រៅ​ប្រទេ​ស​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ​នោះ​ទេ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​៨លាន​៣​សែន​នាក់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ២០១៧ ដែល​នឹង​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ.ជ.ប។

មួយ​ផ្នែក​នៃ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅប្រទេស​អញ្ជើញ​មក​បោះឆ្នោត​ពីសំ​ណា​ក់​គ.ជ.ប នៅ​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ក្រោយ​គ្មាន​វត្ត​មាន​អតី​តគណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ចូល​រួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩កក្កដា​ខាង​មុខ។ តែ គ.ជ.ប អះអាងថា មិន​មែន​ដោយ​សារ​ហេតុផល​នេះ​ឡើយ​គឺ​ការអំពាវ​នា​វឲ្យ​របស់​ខ្លួន​ធ្វើ​ឡើង​នៅ​រៀង​រាល់​អាណត្តិ​បោះឆ្នោត ដែល​មាន​កំណត់​នៅ​ក្នុងច្បាប់។

ទោះបីជា គ.ជ.ប ធ្វើ​ការ​អំពាវនាវ​នៅ​រៀង​រាល់​អាណត្តិ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ត្រឡប់​មក​បោះឆ្នោត​ក៏​ពិត​មែន តែ​មិន​សូវ​សកម្ម​ដូច​ការ​បោះឆ្នោត​នៅ​អាណត្តិ​នេះ​ឡើយ​។ ភាព​សកម្ម​នៅ​អាណត្តិ​នេះ​ត្រូវ​បាន​លោក សម គន្ធាមី ប្រធាន​អង្គការ​និច​ហ្វិក កត់សម្គាល់​ថា ថ្នាក់​ដឹក​នាំ​គ.ជ.ប បាន​ចុះ​ទៅ​ដល់​មូល​ដ្ឋាន​ផ្សព្វផ្សាយ​អំពី​ការ​បោះឆ្នោត។

ក្រៅ​ពី​សេចក្ដី​អំពាវនាវ​នេះ គ.ជ.ប​បាន​រម្លឹក​ពលរដ្ឋ​ថា ដើម្បី​បោះ​ឆ្នោត​បាន​ពលរដ្ឋ​ត្រូវ​មាន​​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជា​ក់​អត្ត​សញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ ករណី​ពលរដ្ឋ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយ​ពុំ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដើម្បី​បោះ​ឆ្នោត គឺ​ពលរដ្ឋ​អាច​ប្រើ​ប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បោះឆ្នោត។ ឯកសារ​បញ្ជាក់​អត្ត​សញ្ញា​ណ​ដើម្បី​​បម្រើ​ឲ្យ​ការបោះឆ្នោត​នឹង​ត្រូវ​ធ្វើ​ជូន​ពលរដ្ឋ​ចាប់​ពី​ថ្ងៃ​ទី​២៨​ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៧ខែ​កក្កដា៕