អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​កម្ពុជា​ត្រៀម​តវ៉ា​ទៅ​កាន់​សហ​ភាព​អឺរ៉ុប ​ចំពោះ​វិធាន​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​

កម្ពុជា​នឹង​តវ៉ា​ទៅ​កាន់​សហភាព​អឺរ៉ុប ចំពោះ​វិធាន​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​។ ការ​ប្រកាស​នេះ​ បាន​ធ្វើ​ឡើង​តាម​រយៈ​សន្និ​សីទ​កាសែត​មួយ​ នៅ​រសៀល​ថ្ងៃ​ទី ១៨ មករា និង​នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ជា​ផ្លូវ​ការ ក្នុង​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ (Indica Rice) កម្ពុជា រយៈ​ពេល​៣ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១៨ មករា ឆ្នាំ២០១៩ នេះ​ត​ទៅ​។ 

ការលក់អង្ករ
ការលក់អង្ករ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​ទី ១៨ មករា បន្ថែម​លើ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​យប់​ ថ្ងៃ​ទី ១៧ មករា លោក សុខ សុភ័ក្រ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា បាន​អះ​អាង​ថា ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ និង វិធាន​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ កម្ពុជា​នឹង​តវ៉ា​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ចំពោះ​សេច​ក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី ១៦ មករា​។ បន្ថែម​លើ​នេះ ការ​តវ៉ា​នឹង​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​លក្ខណៈ​ពិសេស​នៃ​អង្ករ​កម្ពុជា និង​តថ​ភាព​សង្គម ដែល​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សហ​ប្រជាជាតិ​។ បើ​តាម លោក សុខ សុភ័ក្រ កម្ពុជា​នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​ថា កម្ពុជា​នឹង​អាច​ផ្លាស់​ប្តូរ​សេច​ក្តី​សម្រេច​ចិត្ត​របស់​សហ​ភាព​អឺរ៉ុប​នេះ​បាន ប្រសិន​បើ​សេច​ក្តី​សម្រេច​ចិត្ត​នេះ មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​។

ប្រតិកម្ម​របស់​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី គណៈ​កម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី ១៦ មករា បាន​ចេញ​សេច​ក្តី​សម្រេច​មួយ ដោយ​តម្រូវ​ឲ្យ​អង្ករ​នាំ​ចូល​ពី​កម្ពុជា និង​ភូមា ត្រូវ​បង់​ពន្ធ​រយៈ​ពេល​៣​ឆ្នាំ ក្នុង​អត្រា​១៧៥​អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង​១​តោន នៅ​ឆ្នាំ​២០១៩ និង​ត្រូវ​បង់​១៥០​អឺរ៉ូ និង​១២៥​អឺរ៉ូ នៅ​ឆ្នាំ​ទី២ និង​ទី៣​។ បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ កម្ពុជា​នឹង​ត្រូវ​ខាត​បង់​ថវិការ​ប្រមាណ​ជា​៥០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​១ឆ្នាំៗ​។ សេច​ក្តី​សម្រេច​នេះ ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី ១៨ ខែ​មករា នេះ​ត​ទៅ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជ​កម្ម​រូប​នេះ បាន​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ថា មិន​មែន​ជា​រឿង​ដែល​ភ្ញាក់​ផ្អើល​នោះ​ទេ​។ ដ្បិត​រដ្ឋា​ភិបាល​កម្ពុជា​បាន​ដឹង​ជា​មុន​រួច​ជា​ស្រេច​ហើយ​ថា នឹង​មាន​ថ្ងៃ​នេះ​។ ដូច្នេះ​ហើយ តាំង​ពី​ឆ្នាំ ២០១៧​មក រដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនដូចជា ទី១.ក្រសួង​ពាណិជ្ជកម្ម​បាន​ទម្លាក់​ចោល​ការ​យក​កំរៃ​គ្រប់​គ្រង​លើ​ការ​នាំ​ចេញ ទី២.នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៨​កន្លង​ទៅ ក្រសួង​បាន​លុប​ចោល​ថែម​ទៀត​នូវ​ការ​សុំ​លិខិត​ស្នាម​លើ​ការ​បញ្ជាក់​ពី​ប្រភព​ដើម​នៃ​មុខ​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ពី​ក្រសួង​ពាណិជ្ជកម្ម​ជា​ដើម និង​ចុង​ក្រោយ​នេះ តាម​រយៈ យុទ្ធនា​ការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​កម្ពុជា ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន ទើប​តែ​បាន​បញ្ជា​ឲ្យ​មាន​ការ​ដក​កង​កម្លាំង និង​ស្ថាប័ន​ទាំង​អស់​ចេញ​ពី​ព្រំ​ដែន ដោយ​ទុក​ឲ្យ​មាន​តែស្ថាប័នគយ និង​ប៉ូលីស​អន្តោ​ប្រវេស​ប៉ុណ្ណោះ​។ បន្ថែម​លើ​នេះ រដ្ឋា​ភិបាល​កម្ពុជា​បាន​ទម្លាក់​ថ្លៃ​អគ្គិសនី​ថែម​ទៀត ដែល​វិធាន​ការ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខាត​បង់​ថវិការ​ប្រមាណ​ពី​៥០​ទៅ​៦០​លាន​ដុល្លារ​អាមេរិក​។ យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ បាន​ទទួល​ស្គាល់​ថា សេចក្តី​សម្រេច​របស់​សហ​ភាព​អឺរ៉ុប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​កម្ពុជា​។ បន្ថែម​លើ​នេះ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ កាល​ពី​យប់​ថ្ងៃ​ទី ១៧ មករា ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចាត់​ទុក​ថា សេចក្តី​សម្រេច​នេះ ថា​ជា​ការ​ដក​ហូត​ចំណូល​របស់​ប្រជា​កសិករ​ក្រីក្រ​កម្ពុជា និង​ប្រៀប​ដូច​ជា​អាវុធ​សម្រាប់​ធ្វើ​ឃាត​កសិករ​ខ្មែរ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​កំពុង​ជាប់​បំណុល​ជាមួយ​នឹង​ស្ថាប័ន​ឥណ​ទាន​នា​នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ