អានតួអត្ថបទ
កម្ពុជា-ច្បាប់

​បញ្ហា​EBA​៖ ​គណៈ​កម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​មួយ​នៅ​ពាក់​កណ្តាល​ខែ​សីហា​នេះ​

រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពីថ្ងៃទី ០១ សីហា បាន​ជួប​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​លោក​ស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​។ ជំនួប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ផ្តោត​ជា​សំខាន់​លើ​បញ្ហា EBA ខណៈ​គណៈ​កម្មការ​អឺរ៉ុប​គ្រោង​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​មួយ​នៅ​ត្រឹម​ពាក់​កណ្តាល​ខែសីហា​នេះ ក្រោយ​ពី​បញ្ចប់​នីតិ​វិធី​ឃ្លាំ​មើល​និង​ពិភាក្សា​ផ្ទៃ​ក្នុង​អស់​រយៈ​ពេល​៦ខែ​មក​។ 

លោក ប្រាក់ សុខុន ជួបប្រជុំទ្វេភាគីជាមួយលោកស្រី Federica Mogherini
លោក ប្រាក់ សុខុន ជួបប្រជុំទ្វេភាគីជាមួយលោកស្រី Federica Mogherini @សហការី
ផ្សាយពាណិជ្ជកម្ម

ដំណឹង​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក George Edgar តាម​រយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ០២សីហា​នេះ​ថា «ចាប់​ពីថ្ងៃទី ១២ សីហា​ខាង​មុខ​នេះ​តទៅ គណៈ​កម្មការ​អឺរ៉ុប​នឹង​រៀប​ចំ​ធ្វើ​សេចក្តី​សន្និដ្ឋាន​មួយ ក្រោយ​ពី​បញ្ចប់​នីតិ​វិធី​រយៈ​ពេល​៦ខែ ក្នុង​ការ​ឃ្លាំ​មើល និង​ពិភាក្សា​គ្នា​ផ្ទៃ​ក្នុង​របស់​ខ្លួន»។ លោក​បាន​ថ្លែង​ថា «ក្នុង​រយៈ​ពេល​៣ខែ គណៈ​កម្មការ​អឺរ៉ុប​នឹង​បង្ហាញ​ការ​សន្និដ្ឋាន​នោះ ដល់​អាជ្ញាធរ​កម្ពុជា ដែល​ពួក​គេ​មាន​ពេល​១ខែ​សម្រាប់​ឆ្លើយ​តប»។ បន្ទាប់​ពី​នោះ​មក ការ​សម្រេច​ចិត្ត​មួយ នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​គណៈ​កម្មការ​អឺរ៉ុប ថា​តើ ត្រូវ​ផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា ផ្អាក​ទាំង​ស្រុង ឬ​មួយ​ក៏​មិន​ផ្អាក​?

គួរ​ជំរាប​ជូន​ថា សហភាព​អឺរ៉ុប​បាន​បញ្ជូន​គណៈ​ប្រតិភូ​យ៉ាង​តិច​ចំនួន​ពីរ​លើក​មក​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ខែមីនា​ឆ្នាំ២០១៩​មក ដើម្បី​ប្រមូល​ព័ត៌មាន​និង​ស្វែង​រក​ការ​ពិត ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ដំណើរ​ទស្សន​កិច្ច​នោះ គឺ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​នីតិ​វិធី​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ក្នុង​ការ ដក ឬ ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា កាលពីថ្ងៃទី ១៣ មករា ឆ្នាំ ២០១៩ និង​បន្ទាប់​ពី​បាន​ផ្តល់​អនុសាសន៍​ឲ្យ​កម្ពុជា​ស្តារ​ឡើង​វិញនូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្សអស់​ជា​ច្រើន​ខែ​រួច​មក​។

សហភាព​អឺរ៉ុប​ដែល​បាន​រិះគន់​រដ្ឋា​ភិបាល​កម្ពុជា បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​ចាប់​ខ្លួន​ ​ប្រធាន​អតីតគណបក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ មក​ម្លេះ​។ ដោយ​ឡែក កាលពីថ្ងៃទី៥ មីនា ប្រមុខ​ការ​ទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​រិះ​គន់​សហភាព​អឺរ៉ុប អំពី​ដំណើរ​ការ​សម្រេច​ត្រួត​ពិនិត្យ EBA ពី​កម្ពុជា និង​បាន​ហៅ​ដំណើរ​ការ​នេះ​ថា «គឺ​ជា​ការ​អនុវត្តន៍ នូវ​ស្តង់​ដារ​ពីរ មក​លើ​កម្ពុជា​»។

យ៉ាង​ណា​ក៏​ដោយ នៅថ្ងៃទី ០១ ខែសីហា ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ លោក​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ជួប​ទ្វេ​ភាគី​ជាមួយ​លោក​ស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប។ បើ​ទោះ​បី​ជា​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​មិន​បាន​បញ្ជាក់​ថា ជំនួប​ដែល​ធ្វើ​ឡើង​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥២ នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​នេះ បាន​ផ្តោត​ទៅ​លើ​ប្រធាន​រឿង​អ្វី​ក្តី ប៉ុន្តែ​លោក​ស្រី Federica Mogherini បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ASIAN Nikkei កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​ស្រី​នឹង​ផ្តោត​លើ​បញ្ហា EBA​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ