អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

អ្នក​ជិះ​កង់​សង្គ្រោះ​ព្រៃ​ព្រះ​រកា ​អះ​អាង​ថា ​ព្រៃ​អភិ​រក្ស​មួយ​នេះ​នៅ​តែ​រង​ការ​កាប់​បំផ្លាញ​

ក្រុម​យុវជន​ជិះ​កង់​ដើម្បី​បរិស្ថាន​ បាន​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជា​ច្រើន​ករណី​នៅ​ក្នុង​ព្រៃ​ព្រះ​រកា​ជា​តំបន់​ព្រៃ​អភិរក្ស​ជាង​៩ម៉ឺន​ហិកតា​នៅ​ខេត្ត​ព្រះ​វិហារ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​។ ​ការ​អះ​អាង​របស់​ក្រុម​យុវជន​បរិស្ថាន​ទាំង​នេះ ​គឺ​បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​យុទ្ធនាការ​ជិះ​កង់​ និង​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ចាប់​ពី​ថ្ងៃ​ទី០៣ ដល់ ០៥ ធ្នូ ២០១៩ ​។

សកម្មភាព​ល្បាតព្រៃ​របស់​ក្រុម​យុវជន​ជិះកង់​សង្គ្រោះព្រៃ​ព្រះរកា
សកម្មភាព​ល្បាតព្រៃ​របស់​ក្រុម​យុវជន​ជិះកង់​សង្គ្រោះព្រៃ​ព្រះរកា @Sann Mala
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ផ្នែក​ទី​២​នៃ​ការ​ចុះ​ល្បាត​ព្រៃ​រួម​គ្នា ចាប់ពី​ថ្ងៃ​ទី​០៣ ដល់ ០៥ ធ្នូ ២០១៩ ដែល​មាន​ចំនួន​មនុស្សសរុប​៣៥​នាក់ (ឧទ្យា​នុរក្ស​៥​នាក់, យុវជន​៩​នាក់, សហគមន៍​មូលដ្ឋាន​២១​នាក់​) ពួកគេ​បាន​ធ្វើការ​ចុះល្បាត​រួម​គ្នាពី​ចំនុច​ច្រក​ចូល​ភូមិ​ពោធន៍​ទាប រហូត​ដល់​ចំនុច​ច្រក​ចេញ​ភូមិ​ក្រឡា​ពាស អស់​រយៈ​ពេល​២យប់​២​ថ្ងៃ​។ ក្រុម​ការងារ​ល្បាត​បាន​ប្រទះ​ឃើញបទ​ល្មើសព្រៃ​ឈើ​សរុប​ចំនួន​១៨​ករណី​។ ​នៅក្នុង​នោះ​៦ករណី គឺជា​ដើម​គគី និង​កកោះ ដែល​ត្រូវ​បាន​គេលួច​កាប់​ក៏ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ដឹក​ចេញ ដោយ​បន្សល់ទុក​នូវ​ក្តា​បន្ទះ​សរុប​ចំនួន​១៥៧​បន្ទះ (ភាគ​ច្រើន​សម្រាប់​បម្រើ​ឲ្យ​សិប្បកម្ម)​ និង​១២​ករណីផ្សេង​ទៀត គឺជាគល់​ឈើដែល​ត្រូវ​បាន​គេលួច​កាប់​ដោយ​មាន​មុខ​កាត់​ចន្លោះពី​៥០ ទៅ​៨០ ស.ម​។ នេះ​គឺ​ជាការ​គូស​បញ្ជាក់​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក សាន់ ម៉ាឡា ជា​អ្នក​រៀបចំ​យុទ្ធនា​ការ​​ជិះ​កង់​សង្គ្រោះ​ព្រៃ​ព្រះ​រកា​។

សូមជម្រាបថា ​ព្រៃ​ព្រះរ​ការ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃតាំង​ពី​ខែ​ឧសភា​ឆ្នាំ២០១៦ ក៏ប៉ុន្តែ​បើ​តាម​សកម្ម​ជន​បរិស្ថាន​ ព្រៃ​នេះ​នៅតែ​ទទួល​រង​ការ​គម្រាម​កំហែង​ដោយសារ​សកម្មភាព​កាប់បំផ្លាញ​ឈើ​ដោយ​ខុស​ច្បាប់​។

​បើតាម​សកម្មជន​បរិស្ថាន ពួកគេនឹង​សរសេរ​របាយការណ៍​ដាក់​ជូន​ទៅ​ក្រសួងបរិស្ថាន ដើម្បី​ស្នើ​សុំ​ឱ្យ​ស្ថា​ប័ន​​នេះ ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​ការពារ​ព្រៃ​ព្រះ​រកា​ឱ្យ​មាន​ប្រសិទ្ធភាព ក្រោយ​ប្រ​មូល​​បាន​ភស្តុតាង​មួយ​ចំនួន​នៃ​បទល្មើស​កាប់​ឈើ​នៅពេល​ថ្មីៗនេះ។

សូមបញ្ជាក់ថា ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតា ស្ថិត​នៅ​ព្រំ​ប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ។ ព្រៃ​នេះ​គឺជួយរក្សា​តុល្យភាព​កម្ដៅ​ផែនដី ផ្ដល់​អុកស៊ីហ្សែន​ដល់​ជីវិត​មនុស្ស​សត្វ ផ្ដល់​មុខរបរ​ដល់​ប្រជាពលរដ្ឋ និង​ជា​ជម្រក​សត្វព្រៃ ជាដើម ក៏ប៉ុន្តែបណ្តាញ​សហគមន៍ព្រៃ​ព្រះរកា​បានអះអាងថា ​ព្រៃ​អភិរក្ស​មួយ​នេះ​កំពុង​រង​ការកាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការទន្ទ្រាន​ដី​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ជាបន្ត​បន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ