អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រោយ​ទស្សនកិច្ច​មន្ត្រី​ចិន​នៅ​ខេត្ត​ព្រះសីហនុ៖ កម្ពុជា​និង​ចិន​ចាប់​ដៃ​គ្នា​ទប់​ស្កាត់​បទ​ល្មើស

កម្ពុជា និងចិនបាន​ឯកភាព​គ្នា​ផ្លាស់​ប្ដូរ​ព័ត៌មាន​ទៅ​វិញ​ទៅ​មក ចំពោះ​រាល់​បទ​ល្មើស​ដែល​​បង្ក​ឡើង​ដោយ​ជនជាតិ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ការ​ឯក​ភាព​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​នៃ​ក្រសួង​សន្តិ​សុខ​ចិន លោក ហូ ប៊ីន​ជិន Hu Binchen ដែល​បាន​ចុះ​ទៅ​ទស្សន​កិច្ច​នៅ​ខេត្ត​​ព្រះ​​សីហនុ ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​០៦ខែ​កញ្ញា។ បន្ថែម​ពី​លើ​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ភាគី​ចិន​បាន​បន្ត​ប្រកាស​បើកដៃ​ឲ្យអាជ្ញាធរ​ខ្មែរ​បង្ក្រាប​ទៅ​លើ​ជនជាតិ​ចិន​ដែល​បង្ក​បទ​ល្មើស​នៅ​ខេត្ត​ព្រះសីហនុ។

រូបភាព៖ជំនួបរវាងអាជ្ញាធរខេត្ត និងមន្ត្រីនៃក្រសួងសន្តិសុខចិន លោក ហូ ប៊ីនជិន Hu Binchen ដែលបានចុះទៅទស្សនកិច្ចនៅខេត្តព្រះសីហនុ ជាលើកដំបូងកាលពីថ្ងៃទី០៦ខែកញ្ញា។
រូបភាព៖ជំនួបរវាងអាជ្ញាធរខេត្ត និងមន្ត្រីនៃក្រសួងសន្តិសុខចិន លោក ហូ ប៊ីនជិន Hu Binchen ដែលបានចុះទៅទស្សនកិច្ចនៅខេត្តព្រះសីហនុ ជាលើកដំបូងកាលពីថ្ងៃទី០៦ខែកញ្ញា។ @រដ្ឋបាលខេត្តព្រះសីហនុ
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ខេត្ត​ព្រះសីហនុ​នៅថ្ងៃសៅរ៍នេះ ស្នង​ការ​​នគរ​បាល​ខេត្ត​​ព្រះ​​សីហនុ លោក​​ឧត្តម​សេនីយ៍​ទោ ​ជួន ណារិន្ទ បាន​ចាត់​ទុក​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​រវាង​ចិន​និង​កម្ពុជា ទាក់​ទង​នឹង​បទ​ល្មើស​នៅ​ខេត្ត​ព្រះសី​ហនុ ថា​ជា​រឿង​ល្អ។ ល្អ​ព្រោះ​ការងារ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ទាំង​សង​ខាង ក្ដាប់​សភាពការណ៍​សន្តិសុខ ដើម្បី​ការ​ពារ​អ្នក​វិនិយោគទុន​នៅ​ក្នុង​ខេត្ត ដែល​មិន​ចំពោះ​តែ​វិនិយោគ​ទុន​ចិន ឡើយ​ពោល​គឺ​គ្រប់​អ្នក​វិយោគទាំង​អស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

បើតាម លោក ជួន ណារិន្ទ ជា​ថ្មី​ទៀត ភាគី​ចិន​នៅ​តែ​បន្ត​គាំទ្រ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខ្មែរ ក្នុង​ការ​បង្ក្រាប​ទៅលើ​ជន​ជាតិ​ចិន​ខិល​ខូច​មួយ​ចំនួន ដែល​ប្រើ​ប្រាស់​កម្ពុជា​ជា​មូល​ដ្ឋាន​បង្ក​បញ្ហា។​ គាំទ្រ​ព្រោះ​ថា អាជ្ញាធរ​ចិន​ខ្លួនឯង​ក៏​មិន​ដែល​នៅ​ស្ងៀម​ចំពោះ​ទង្វើ​របស់​ជន​ជាតិ​ចិន​ខិល​ខូច​មួយ​ចំនួន​នេះ​ដែរ។​ សម្រាប់​ភាគី​ចិន គឺ​គាំទ្រ​កម្ពុជា​ឲ្យ​អនុវត្ត​ការ​បង្ក្រាប​បទ​ល្មើស ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ស្រាប់​របស់​កម្ពុជា។ នេះ​បើ​តាម​លោក ជួន ណារិន្ទ។

នៅ​ក្នុង​បញ្ហា​បទល្មើស​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​នេះ​ដែរ លោកស្នងការបន្ថែមថា មន្ត្រី​នៃ​ក្រសួង​សន្តិ​សុខ​ចិន លោក ហូ ប៊ីន​ជិន Hu Binchen បាន​លើក​សរសើរ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ថា គ្រប់​គ្រង​សភាពការណ៍​ក្នុង​ខេត្តបាន​ល្អ។

អ្វី​ជា​ការ​កត់​សម្គាល់ ការ​កោត​សសើរ​ពី​សំណាក់​មន្ត្រី​នៃ​ក្រសួង​សន្តិ​សុខ​ចិន ធ្វើឡើង​ជួន​ចំ​ពេល​បញ្ហាអ​សន្តិសុខ និង​សោ​ភ័ណ​ភាព នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​ទទួល​រង​នូវ​ការ​រិះ​គន់​ពី​សាធារណជន​យ៉ាង​ខ្លាំង។ ​ហើយ​ភាគ​ច្រើន​នៃ​បញ្ហា​ទាំង​អស់​នេះ សុទ្ធ​តែ​បង្ក​ឡើង​ដោយ​ជន​ជាតិ​​ចិន។ តួ​យ៉ាង​ដូច​ជា​ ករណី​​ចែក​ខិត្ត​​បណ្ណ​​នៃ​អាជីវកម្ម​ផ្លូវ​ភេទ ករណី​ប្លន់ ​​ជួញ​​ដូរ​គ្រឿង​​ញៀន​ រួម​នឹង​បទ​ល្មើស​ផ្សេងៗ​ទៀត​ជា​ដើម។

អំពី​ការ​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ​ដែរ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ កាល​ពី​ចុង​ខែសីហា បាន​បញ្ជូន​ក្រុម​ការងារ​ពី​ភ្នំពេញ ចុះ​ទៅ​ពង្រឹង​សន្តិ​សុខ សណ្ដាប់​​ធ្នាប់ នៅ​ខេត្ត​ព្រះ​សីហនុ។ បើទោះជាមាន​ការ​ព្រួយ​ពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​យ៉ាង​ណា​ក៏​ដោយ តែ​លោក​ស្នង​ការ​ខេត្ត ជួន ណារិន្ទ នៅ​តែ​អះអាង​ថា សភាពការណ៍​នៅ​ខេត្ត​ព្រះសីហនុ ពុំ​មាន​អ្វី​ធំ​ដុំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ។ ហ៊ាន​អះអាង​ដូច្នេះដោយ​លោក មើល​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​នៅ​តែ​បន្ត​ដំណើរ​កម្សាន្ត​ចេញ​ចូល នៅ​តំបន់​មាត់​សមុទ្រ​នេះ​មិនដាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ