អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អ្នក​នាំ​ពាក្យ​នគរបាលជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ចូល​រួម​យុទ្ធនាការ«ម្រាមដៃស្អាត»

អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាលជា​តិ​នៅ​ថ្ងៃ​ទី​១៤​មិថុនា​នេះ​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្នុង​​ស្រុក​កុំ​ចូល​រួម​យុទ្ធនាការ«ម្រាមដៃស្អាត»។ ម្រាម​ដៃ​ស្អាត ជា​យុទ្ធនាការ​មួយ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​មិន​ទៅ​ចូល​រួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ តាម​រយៈ​សក​មម្ម​ភាព របស់​ពលរដ្ឋ​ខ្មែរ និង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ ភាគ​ច្រើន​រស់នៅ​ក្រៅ​ប្រទេស។

រូបភាព៖នេះគឺជាការបង្ហាញពីយុទ្ធនាការម្រាមដៃស្អាត
រូបភាព៖នេះគឺជាការបង្ហាញពីយុទ្ធនាការម្រាមដៃស្អាត @FB
ផ្សាយពាណិជ្ជកម្ម

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​គូស​បញ្ជាក់​ថា ការ​ណ៍​ដែល​អាជ្ញាធរ អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ចូល​រួម​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ព្រោះ​យុទ្ធនាការ​នេះ ខុស​ច្បាប់។ ខុស​ច្បាប់​ដោយ​សារ យុទ្ធនាការ​នេះ​មាន​បំណង​ប្រឆាំង​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ។ ក្នុង​ករណី​រកឃើញ​ថា មាន​ពលរដ្ឋ​ណា​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត ឬ​សកម្មភាព​ណា​មួយដែល​បង្ហាញ​ពី​ការ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត ជំហ៊ាន​ដំបូង​សមត្ថកិច្ច នឹង​ធ្វើ​ការអប់រំ។ អប់រំ​ហើយ នៅ​តែ​មាន​សក​ម្មភាព​ទៀត អាជ្ញាធរ​នឹង​ប្រើប្រាស់​វិធានការណ៍​តាមផ្លូវ​ច្បាប់។ នេះ​បើ​តាម​លោក គៀត ច័ន្ទ ថារិទ្ធ។

ទាំង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ និង​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ចាត់​ទុក យុទ្ធ​នាការ​ម្រាម​ដៃ​ស្អាត​នេះ​ថា កំពុង​តែ​ដើរ​ផ្ទុយ​ពី​សកម្មភាព​ស្រប​ច្បាប់​របស់​រដ្ឋា​ភិ​បាល ដែល​​បាន​ខិតខំ ពន្យល់​ពលរដ្ឋ​ពី​ដំណើរ​ការ​បោះឆ្នោត រួម​នឹងសិទ្ធិ និង​ភារៈ​កិច្ច​របស់​​ពលរដ្ឋ​ចូល​រួម​បោះឆ្នោត។ ចំពោះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ជឿជាក់​ថា ពល​រដ្ឋ​មិន​ដើរ​តាម យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ឡើយ ហើយ​ថា ពួកគេ​នឹង​ស្ដាប់​ទៅ​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​អញ្ជើញទៅ​បោះ​​ឆ្នោត។

សូមបញ្ជាក់ថា យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ធ្វើ​ឡើង តាមរយៈ​ការប្ដូរ profile ហ្វេស​បុក​ដោយ​​បង្ហាញ​ចង្អុល​ដៃ​ថា គ្មាន​ទឹក​ថ្នាំ​ជ្រលក់​ដៃ។ ក្នុង​នោះ​អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី ដែល​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី តាមរ​យៈ​បណ្ដាញ​សង្គម​ហ្វេស​បុក បាន​អះអាង​ថា ការ​បោះឆ្នោត​ខាង​មុខ​ជា​ការ​បោះឆ្នោត បាយ​ឡុក​បាយ​ឡ ។ ដូច្នេះ​អ្នកស្រី នឹង​មិន​ទៅ​ចូល​រួម​នោះ​ទេ។

រីឯ លោកប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា CCIM បាន​ជំរុញ​ឲ្យ​មាន​ការ​ដូរ profile ហ្វេបបុក ដើម្បី​បង្ហាញ​ម្រាម​ដៃ​គ្មាន​ពណ៌ ។ ក្រៅពី​អ្នក​ទាំង​ពីរ គេ​ក៏​សង្កេត​ឃើញ​មាន​ពលរដ្ឋ​ផ្សេង​ទៀត​ក៏​បង្ហាញ​សារ នឹង​រូប​ភាព​ស្រដៀង​គ្នា​នេះ​ដែរ។

ដោយឡែក ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស កាល​​ពី​ថ្ងៃ​ទី​១២​មិថុនា​ថ្មីៗ​នេះ ក៏បាន​ចេញ​មុខ​រិះគន់​ចំពោះ​ការ​បំភិត​បំភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ពួក​គេ​អះអាង​ថា ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នា​ពេល​ខាង​មុ៕

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ