អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការងារ​ជំរុញ​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រញាប់​ទៅ​ធ្វើ​បណ្ណ​ស៊ី​ជម្ពូ

អ្នកនាំពាក្យ​ក្រសួង​ការងារ​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ជំរុញ​ទៅ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅថៃ ឲ្យ​ប្រញាប់​ទៅ​ធ្វើ​បណ្ណ​ស៊ី​ជម្ពូ​ដើម្បី​ទទួល​បាន​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ក្នុងទឹក​ដី​ថៃ។ ការ​ជំរុញ​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ថៃ​គ្រោង​ចាត់​វិធាការ​យ៉ាង​តឹង​រ៉ឹង​ចំពោះ​ពលករបរ​ទេស​​ទាំង​អស់​ដែល​រស់​នៅ​ខុស​ច្បាប់ ចាប់​ពីដើម​ខែ​មេសា​ខាង​មុខ​ត​ទៅ​។

ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។
ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។ RFI
ផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ថា បើ​ពលករ​ដែល​​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មិន​ទៅ​បន្ត​សុពល​ភាព​បណ្ណ​ពណ៌​ស៊ី​ជម្ពូ​ទេ នោះ​​អាជ្ញាធរ​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​ពលករ​ទាំង​នោះ​ស្នាក់នៅ​និង​ធ្វើ​ការ​នៅ​ប្រទេ​ស​ថៃ​បន្ត​ទៀត​ឡើយ។ លោក ហេង សួរ គូស​បញ្ជាក់​បន្ថែម​ថា ពលករ​កម្ពុជា​ចំនួន​៦៣​ម៉ឺន​នាក់ មាន​បណ្ណ​ស្នាក់​នៅ​ពណ៌​ស៊ី​ជម្ពូ​បណ្ដោះ​អាសន្ន។ ក្នុង​ចំណោម​៦៣​ម៉ឺន​នាក់​នេះ​អាជ្ញាធរ​បាន​ធ្វើ​លិខិត​ឆ្លង​ដែន ឬ​លិខិត​ធ្វើ​ដំណើរ​ជូន​ដល់​ពលករ​ចំនួន​៤៣​ម៉ឺន​នាក់​រួច​រាល់​​ហើយ​។ ចំនួន​សល់​ពី​នេះ ប្រមាណ​១៩ម៉ឺន​នាក់​ផ្សេង​ទៀត អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើ​លិខិត​ឆ្លង​ដែន ឬ​លិខិត​ធ្វើ​ដំណើរ​ជូន​។

គួរ​ជម្រាប​ជូន​ថា ​បណ្ណ​ស៊ី​ជម្ពូ គឺ​ជា​បណ្ណ​ស្នាក់​នៅ​បណ្ដោះ​អាសន្នប៉ុណ្ណោះ​។ ហើយ​គ្រប់​ពលករ​ខ្មែរ​ដែល​មាន​បណ្ណ​ពណ៌​ស៊ី​ជម្ពូ​នៅ​ក្នុង​ដៃ អាច​នៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​ប្រទេស​ថៃ បាន​ត្រឹម​ថ្ងៃ​ទី​៣០​មិថុនា​ឆ្នាំ​២០១៨។ ដូច្នេះ លោក ហេង សួរ បាន​រំឭក​ឲ្យ​ពល​ករ​ខ្មែរ ប្រញាប់​ស្វែង​រក​ភាព​ស្រប​ច្បាប់​ឲ្យ​បាន​ពេញ​លេញ តាមរយៈ​លិខិត​ធ្វើ​ដំណើ​រ​ចេញ​ដោយ​អាជ្ញាធរ​កម្ពុជា និង​បណ្ណ​ពលករ​កម្ពុជា ទើប​ទទួល​បាន​ការ​ស្នាក់​នៅប្រទេស​ថៃ​ស្រប​ច្បាប់​។

គួររម្លឹកថា ការ​ជំរុញ​របស់​ក្រសួង​ការងារ​កម្ពុជា​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាន​ទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​ថៃ ចេញ​សេចក្ដី​ប្រកាស​ថា ភាគី​ថៃ​នឹង​បិទ​ដំណើរ​ការ​បន្ត​សុពលភាព​បណ្ណ​ពណ៌​ស៊ី​ជម្ពូ ត្រឹម​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០១៨។ ហើយ​ចាប់​ពីខែ​មេសា​ត​ទៅ អាជ្ញា​ធរ​ថៃ​នឹង​ចាត់​វិធាន​ការ​យ៉ាង​តឹង​រឹង និង​ពុំ​អនុញ្ញាត​ឲ្យ​ពលករ​ទាំង​នោះ​ស្នាក់​នៅ និង​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ​នោះ​ឡើយ​ប្រសិន​បើ​គ្មាន​ភាព​ស្រប​ច្បាប់​។

ជា​ការ​កត់​សម្គាល់ ដើម្បី​ឆ្លើយ​តប​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ថៃ​យ៉ាង​ដូច្នេះ ភាគី​កម្ពុជា​បាន​បើក​យុទ្ធនា​ការ​១០០​ថ្ងៃ ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករខ្មែរ​នៅ​ប្រទេសថៃ។ គិត​ត្រឹម​​ថ្ងៃ​ទី​១៩ ខែមីនា គណៈកម្មការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ជូន​ដល់​ពលករកម្ពុជា​នៅ​ប្រទេ​ស​​ថៃ បាន​ផ្ដល់​ភាព​ស្រប​ច្បាប់​ជូន​ដល់​ពលករកម្ពុជា​សរុប​ចំនួន ៣០៩,៧៧២នាក់ ហើ​យ​​យុទ្ធនាការ​នេះ នៅ​តែ​អនុវត្ត​ជា​បន្ត​ទៀត​៕

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ