អានតួអត្ថបទ
កម្ពុជា

កូន​ឈើ​ជាង​៨​ពាន់​ដើម ត្រូវ​បាន​ដាំ​នៅ​ខេត្ត​កណ្ដាល ក្នុង​ពិធី​បុណ្យ​រុក្ខទិវា ឆ្នាំ​២០១៧

ពិធី​បុណ្យ​រុក្ខទិវា ៩​កក្កដា នៅ​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​នៅស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល ក្រោម​ព្រះ​រាជាធិបតីភាព​របស់​ព្រះ​ករុណា ព្រះ​មហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី​។ នៅ​ក្នុង​ពិធី​បុណ្យ​រុក្ខទិវា​ថ្ងៃ​នេះ មាន​កូន​ឈើ​ក្រញូង ធ្នង់ និង​គីនីន សរុប​ចំនួន ៨,៨៣០ ដើម ត្រូវ​បាន​ដាំ​នៅ​លើផ្ទៃ​​ដី​ចំនួន​១០​ហិកតា​។

ព្រះ​មហាក្សត្រ យាង​ដាំ​ដើម​ឈើ ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា ៩ កក្កដា ២០១៧ នៅ​ខេត្ត​កណ្ដាល
ព្រះ​មហាក្សត្រ យាង​ដាំ​ដើម​ឈើ ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា ៩ កក្កដា ២០១៧ នៅ​ខេត្ត​កណ្ដាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
ផ្សាយពាណិជ្ជកម្ម

ព្រះ​ករុណា ព្រះ​បាទ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​យាង​ជា​អធិបតី​នៅ​ក្នុង​ឱកាស​នៃ​ពិធី​រុក្ខទិវា ដែល​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ភូមិ​ក្រាំង​ក្រូច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។

នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ ដែល​រួម​មាន​មន្ដ្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រះ​ករុណា ព្រះ​មហាក្សត្រ បាន​មាន​បន្ទូល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រួម​គ្នា​បន្ត​ប្រពៃណី​ដាំ​កូន​ឈើឲ្យ​បាន​សកម្ម​ និង​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ដើម្បី​បង្កើន​ធនធាន​ព្រៃ​ឈើ​​​។

ចំណែក​ចំពោះ​ក្រសួង​ស្ថាប័ន​និងអាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ព្រះ​មហាក្សត្រ ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​អំពាវនាវ​​​ឲ្យបង្កើត សួន​ដាំ​ឈើ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូល​រួម​ចំណែកក្នុង​ការ​ដាំ​ដើម​ឈើនេះ​ផង​។ ព្រះ​មហាក្សត្រ បាន​អំពាវនាវ​ដល់​អង្គការ​ជាតិ អន្ដរជាតិ និង​ដៃគូ​អភិវឌ្ឍ ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​គ្រប់​គ្រង អភិវឌ្ឍ និង​កែទម្រង់​វិស័យ​ព្រៃ​ឈើ​នៅ​កម្ពុជា​។

​ព្រះករុណា ព្រះ​មហាក្សត្រ ចាត់​ទុក​ការ​រួម​ចំណែកនេះ ថា​ជា​ការ​​​បង្ហាញ​ពី​ស្មារតីទទួល​ខុស​ត្រូវ​លើ​​ជោគវាសនា​ អនាគត នៃ​ធនធាន​ព្រៃ​ឈើ ដើម្បី​កូន​ចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត​។ និង​ថា ការ​ដាំ​ដើម​ឈើ​និង​រុក្ខជាតិ​គ្រប់​ប្រភេទ នឹង​ផ្ដល់​នូវ​បុណ្យ​កុសល​ដ៏​ប្រពៃ​សម្រាប់​មនុស្ស​គ្រប់​រូប ព្រម​ទាំង​ធ្វើ​ឲ្យ​មូលដ្ឋាន​មាន​ទេសភាព​ពណ៌​បៃតង​និង​រស់​រវើក​គ្រប់​រដូវ​កាល​។ នេះ​បើ​តាម​ព្រះ​បាទ នរោត្តម សីហមុនី​។

សូម​ជម្រាប​ជូន​ថា ពិធី​បុណ្យ​រុក្ខ​ទិវា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​បរម​រតនកោដ្ឋ ព្រះ​បាទ នរោត្តម សីហនុ ដើម្បី​​បំផុសគំនិត​មហាជន​ឲ្យ​យល់​ដឹង​ច្បាស់​អំពី​សារប្រយោជន៍​នៃ​ព្រៃ​ឈើ ចូល​រួម​ថែ​រក្សា និង​ដាំ​ដុះ​ព្រៃ​ឈើ​ឡើង​វិញ​។ ពិធី​បុណ្យ​នេះ​ក៏​មាន​គោល​ដៅ​បង្កើន​គម្រប​ព្រៃ​ឈើ និង​ដើម្បី​កាត់​បន្ថយ​កំដៅ​ភពផែន​ដី​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ