អានតួអត្ថបទ
កម្ពុជា-ច្បាប់

បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ៖ទេសចរ​ជាង​៤​លាន​នាក់​បាន​ធ្វើ​ដំណើរ​កំសាន្ត​

ក្រសួង​ទេសចរណ៍​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​ជាង​៤​លាន​នាក់(៤.៧២៦.៦០២) ទាំង​ជាតិ​និង​អន្តរជាតិ បាន​ចូល​រួម​ព្រឹត្តិការណ៍​សង្ក្រាន និង​ធ្វើ​ដំណើរកំសាន្ត​តាម​រមណីយ​ដ្ឋាន​ទេសចរ​នានា ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ អ្វី​ជា​ការ​កត់​សម្គាល់ បាត់​ដំបង សៀមរាប ស្វាយរៀង រាជធានីភ្នំពេញ ព្រៃវែង ជាដើម ជា​គោល​ដៅ​ពេញ​និយម​នៃ​ដំណើរ​កំសាន្ត និង​ការ​ជួបជុំ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

រូបភាព៖ភ្ញៀវទេសចរជាតិនិងអន្តរជាតិជួបជុំថ្ងៃចូលឆ្នាំ
រូបភាព៖ភ្ញៀវទេសចរជាតិនិងអន្តរជាតិជួបជុំថ្ងៃចូលឆ្នាំ @SPM page
ផ្សាយពាណិជ្ជកម្ម

លោក ជុក ជំនោរ អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​គូស​បញ្ជាក់​ថា កំណើន​ភ្ញៀវ​ទេស​ចរ​ជាង​៤​លាន​នាក់​នេះ គេ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ចំនួន​ពលរដ្ឋ ដែល​កំសាន្ត​នៅ​តាម​វត្ត​អារាម សាលារៀន តាមភូមិ ប្រមាណ​ជាង​៣លាន​នាក់​ទៀត​ផង។ ដូច្នេះ​កំណើ​​ន​ពលរដ្ឋ​ក្នុង​ស្រុក​នាំ​មុខ​ភ្ញៀវ​ទេសចរ​អន្តរជាតិ។ តាមរយៈ​កំណើន​ចំនួន​ភ្ញៀវ​ទេសចរទាំង​ជាតិ និង​អន្តរជាតិ​ដែល​ចូល​រួម​លេង​កំសាន្ត ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ក្រសួង​ទេសចរណ៍​អះអាង​ថា មាន​ការ​កើន​ខ្ពស់​រហូត​ដល់​ទៅ​ជាង​៦០​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​។

អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បន្ថែមថា ដោយ​សារ​គ្មាន​អង្គរ​សង្ក្រាន្ត​នៅ​សៀមរាប តែ​មាន​សង្ក្រាន្ត​នៅ​តាម​ខេត្ត​និង​ក្រុង ទើប​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវទេសចរ​មាន​ការ​កើន​ឡើង​បែប​នេះ។សម្រាប់​វិស័យឯកជន​មើល​ឃើញ​ថា កត្តា​ជីវភាព​ធូធាក៏​បាន​ជម្រុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដើរ​លេង​កំសាន្ត​ច្រើន​ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

ជាក់ស្ដែង​គោលដៅ​ទេសចរ​ពេញ​និយម​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​គឺ ខេត្ត​បាត់ដំបង​នាំ​មុខ​ក្នុង​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​៨៧​ម៉ឺន​នាក់ ខណៈ​ស្វាយ​រៀង​ជិត​៤៧ម៉ឺន​នាក់ តាម​ពី​ក្រោយ​ដោយ​ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​៣៩​ម៉ឺន​នាក់។ សម្រាប់​រាជធានី​ទាំង​មូល​ជា​ពិសេស​សង្ក្រាន្ត​វត្ត​ភ្នំ​ទទួល​បាន​ភ្ញៀវទេចរ​ប្រមាណ​២០​ម៉ឺននាក់។

ក្នុង​ឱកាស​ឈប់​សម្រាក​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ និន្នា​ការ​ចេញ​ទៅ​លេងនៅ​ក្រៅ​ប្រទេស​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ក៏​មាន​ការ​កើន​ឡើង​ដែរ។ ក្នុង​នោះ​ប្រទេស​វៀត​ណាម​​គឺ​ជា​គោ​លដៅ​ទាក់​ទាញ ដែល​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ទៅ​លេង​កំសាន្ត​នៅ​ទី​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ