អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខេមបូចា​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​ធានា​សេរី​ភាព​អ្នក​សារ​ព័ត៌​មាន​ បន្ទាប់​ពី​មាន​ការ​ឃាត់​ខ្លួន​អ្នក​យក​ព័ត៌​មាន​វី.អូ.ឌី​ ២​នាក់​​

សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ ហៅ​កាត់​ថា ​​(​ខេមបូចា)​ ដែល​ទើប​បង្កើត​ឡើង​ថ្មី ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដោយ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ និង​ ​អាជ្ញាធរ​កម្ពុជា​ ធានា​សេរីភាព​ពេញលេញ​នៃ​ការ​រាយការណ៍​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​បម្រើការ​នៅ​ប្រទេស​កម្ពុជា​។ ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​ គឺ​ធ្វើ​ឡើង​ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ឃាត់​ខ្លួន​អ្នក​យក​ព័ត៌​មាន​វីអូឌី​ចំនួន​២​នាក់​កាល​ពី​ម្សិល​មិញ​អស់​រយៈ​ពេល​ជាង​៣​ម៉ោង​ ខណៈ​ពួក​គេ​ចុះ​ធ្វើ​សេចក្តី​រាយការណ៍​ទាក់​ទង​នឹង​ការ​​វិល​ត្រឡប់​មក​កម្ពុជា​វិញ​​របស់​លោក សម រង្ស៊ី។

អ្នក​សារ​ព័ត៌មាន វី.អូ.ឌី លោក វណ្ណ វិចារ និង​លោក ជន ចាន់រ៉ែន ក្រោយ​ពី​ឃាត់​ខ្លួន​
អ្នក​សារ​ព័ត៌មាន វី.អូ.ឌី លោក វណ្ណ វិចារ និង​លោក ជន ចាន់រ៉ែន ក្រោយ​ពី​ឃាត់​ខ្លួន​ Sun Narin
ផ្សាយពាណិជ្ជកម្ម

«ខេម​បូចា ​មាន​ការ​សោក​ស្តាយ និង​​ ព្រួយ​បារម្ភ​ ដែល​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាន​ឃាត់​ខ្លួន​​អ្នក​សារ​ព័ត៌​មាន​វី.អូ.ឌី ​ពីរ​នាក់​គឺ​ លោក វណ្ណ វិចារ និង​លោក​ ជន ចាន់​រ៉ែន ទៅ​សាក​សួរ​អស់​រយ:​ពេល​ជាង​៣​ម៉ោង​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍»​។​ នេះ​ជាខ្លឹម​សារ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា ហៅ​កាត់ថា ​​(​ខេមបូចា) ។

កាល​ពី​ម៉ោង​៣​រសៀល​ថ្ងៃសៅរ៍ លោក វណ្ណ វិចារ និង​លោក​ ជន ចាន់​រ៉ែន ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ឃាត់​ខ្លួន ហើយ​នាំ​ខ្លួន​តាម​រថយន្ត យក​ទៅ​សាក​សួរ​នៅ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត នៅពេល​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​ព្យាយាម​ថត​រូប និង​ថត​វីដេអូ​អំពី​សកម្មភាព​តវ៉ា​របស់​អាជីវករ​ដឹកត្រី ដែល​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​បើក​ច្រក​ព្រំដែន ដើម្បី​បាន​យក​ត្រីទៅ​លក់​ក្នុង​ទឹក​ដី​ថៃ​។

លោក វណ្ណ វិចារ បាន​ប្រាប់​ខេមបូចា​ថា លោក ​និង​សហការី​របស់​លោក​ម្នាក់​ទៀត ឈ្មោះជន​​ ចាន់រ៉ែន ត្រូវបាន​ឃាត់​ខ្លួន​ចាប់​ពីម៉ោង៣រសៀល ដល់ម៉ោង៦កន្លះល្ងាច។ លោក​​ថា កង​រាជ​អាវុធហត្ថបាន​បញ្ជាក់​ប្រាប់​លោក​ថា​«ជាការពង្រឹងសន្តិសុខ ស្របពេលស្ថានការណ៍នយោបាយតឹងតែង»។ «នៅពេលសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ខ្ញុំពិតជាភ័យខ្លាច ពិតជាបារម្ភ​ ខណ:ដែលខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យ​ទាក់ទងទៅថ្នាក់លើរបស់ខ្ញុំ និងគ្រួសារខ្ញុំឡើយ។ សម្ភារ:បំពេញការងារ ម៉ាស៊ីនថតរូប ទូរស័ព្ទដៃ និងកុំព្យូទ័រ សុទ្ធតែត្រូវបានត្រួតពិនិត្យ»។

លោកម៉ៃ ទិត្យថារ៉ា នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារ​ព័ត៌​មាន​កម្ពុជា បានថ្លែងថា «ការ​ហៅអ្នក​សារ​ព័ត៌​មានទាំង​ពីរ​នាក់​ទៅ​សាក​សួរ ធ្វើឲ្យ​អ្នក​សារព័ត៌​មាន​ភាព​ភ័យ​ខ្លាច​។​ ពួកគេ​មិន​បាន​ធ្វើអ្វី​ខុស​នោះទេ ​ហើយពួកគេ​ថែម​ទាំង​ពាក់​អាវ​ដែល​មាន​សញ្ញាជា​អ្នក​សារព័ត៌មាន​ថែម​ទៀត​។​ ការ​ហៅទៅ​សាកសួរ​នេះបង្ហាញថា អាជ្ញាធរ​កំពុង​រឹត​ត្បិត​សេរីភាព​របស់​អ្នក​សារព័ត៌​មាន​កម្ពុជា»​។

ខេមបូចា​ស្នើឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ធានា​ថា​អ្នក​សារ​ព័ត៌​មាន​នៅ​ទូទាំង​ប្រទេស មានសេរី​ភាព​ពេញ​លេញ​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ជូន​ប្រជា​ពល​រដ្ឋ ដោយ​ពុំមាន​ភាព​ភ័យ​ខ្លាច ការ​គាប​សង្កត់ និង​ការ​ចោទប្រកាន់​នានា ដូច​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ត្រង់​មាត្រា៤១ ដែល​ចែង​ថា៖ «ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌​មាន​ សេរីភាព​ខាងកា​រ​បោះ​ពុម្ព​ផ្សាយ សេរី​ភាព​ខាង​ការ​ប្រជុំ»​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ