អានតួអត្ថបទ
កម្ពុជា-នយោបាយ

​បក្ស​កាន់​អំណាច​ប្រកាស​ថ្កោល​ទោស​ប្រធាន​IPU ដែល​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី ចូល​រួម​ប្រជុំ​នៅ​ស្វីស​

គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថ្កោល​ទោស​ប្រធាន​សហភាព​អន្តរ​សភា​ហៅ​កាត់​ថា​IPU​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី ដែល​មិនមែន​ជា​តំណាងរាស្រ្ត​កម្ពុជា​ចូល​រួម​ប្រជុំ​ក្នុង​មហា​សន្និបាត​IPU នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​។ ប្រតិកម្ម​របស់​បក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រធាន​IPU បាន​អញ្ជើញ​តំណាង​សភា​កម្ពុជា និង​លោក​សម រង្ស៊ី ផង​ឲ្យ​ចូល​រួម​មហា​សន្និបាត​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី១៤​ដល់​ថ្ងៃ​ទី១៨​ខែតុលា​ក្នុង​សប្តាហ៍​នេះ​។ 

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @Sam Rainsy Facebook Page
ផ្សាយពាណិជ្ជកម្ម

“គណបក្ស​ប្រជាជន​កម្ពុជា​សូម​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​អាកប្បកិរិយា​ល្មើស​ច្បាប់​របស់​ជន​លំអៀង​ខាង​នយោបាយ និង​មនោគមន៏​វិជ្ជា​អន្តរជាតិ​“។ នេះ​គឺ​ជា​សំណេរ​របស់​លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​បណ្តាញ​សង្គម​តេឡេក្រាម​(Telegram)​មក​កាន់​អ្នក​សារព័ត៌មាន​។ ក្រៅ​ពី​ប្រកាស​ថ្កោ​ទោស​ប្រធាន​IPU​នេះ គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​លោក​សុខ ឥសាន ក៏​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​តវ៉ា​ដ៏​ម៉ឺង​ម៉ាត់​របស់​គណៈ​ប្រតិភូ​សភា​កម្ពុជា ដែល​បាន​ទៅ​ចូល​រួម​ប្រជុំ​ជា​ផ្លូវ​ការ​ក្នុង​មហា​សន្និបាត IPU ក្នុង​នាម​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រជាជន​កម្ពុជា​។

ការ​ថ្កោល​ទោស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណៈ​ប្រតិ​ភូ​សភា​កម្ពុជា​ដឹកនាំ​ដោយ​លោក​ស្រី ​ឃួន​ សុដារី អនុ​ប្រធានទី២ នៃ​រដ្ឋសភា​ខ្មែរ និង​លោក​សម រង្ស៊ី បាន​បង្ហាញ​វត្តមាន​ដូចគ្នា​នៅ​ក្នុង​មហា​សន្និបាត​របស់​សហ​ភាព​អន្តរ​សភា IPU នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​។ នេះ ធ្វើ​ឲ្យ​ទាំង​គណៈ​ប្រតិ​ភូសភា​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​សប្បាយ​ចិត្ត​សោះ​ឡើយ​។

សម្រាប់​រដ្ឋសភា​កម្ពុជា ការ​អញ្ជើញ​លោកសម រង្ស៊ី​ទៅ​ចូល​រូម​នេះ វា​គឺ​ជា​រឿង​ខុស​ច្បាប់​។ ខុស​ច្បាប់ ព្រោះ​លោក​សម រង្ស៊ី មិន​មែន​ជា​តំណាង​រាស្រ្ត​ខ្មែរ​ទេ ហើយ​ជា​ទណ្ឌិត​ទៅ​ទៀត​។ គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ក៏​យល់​ឃើញ​ដូចគ្នា​នឹង​រដ្ឋ​សភា​ខ្មែរ​ដែរ​។ លោក​សុខ ឥសាន ថែម​ទាំង​ហៅ​លោក​សម រង្ស៊ីថា ជា​ជន​ក្បត់​ជាតិ​ខ្មែរ​ និង​ជា​ជន​ពនេចរ​គ្មាន​ស្រុក​ទេស​ និង ជា​អាយ៉ង​ដាច់​ថ្លៃ​របស់​ពួក​បរទេស​ចក្រព័ត្រ​អនុត្តរភាព​និយម​អន្តរជាតិ ដែល​លោក​ថា គ្មាន​សិទ្ធិ​ជា​តំណាង​ឲ្យ​ប្រជាជន​កម្ពុជា​លើ​វេទិការ​អន្តរជាតិ​ឡើយ​។

លោក​សម រង្ស៊ី តាម​រយៈ​សារ​អេឡិច​ត្រូនិក(Email)មក​កាន់​វិទ្យុបារាំង​អន្តរជាតិ បាន​អះ​អាង​ថា លោក​ទៅ​ចូល​រួម​មហា​សន្និបាត​នេះ គឺ​ដើម្បី​តាម​ដាន​ការ​ងារ​របស់ ​IPU​។ ប៉ុន្តែ​នៅ​ទីនោះ លោក​ក៏​បាន​រៀប​រាប់​ប្រាប់​ថ្នាក់​ដឹកនាំ IPU ពី​ស្ថាន​ការណ៍ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ចំពោះ​វត្ត​មាន​របស់​លោក​សម រង្ស៊ីនេះ លោកសុខ ឥសាន បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​លើ​ប្រធាន​អង្គប្រជុំ IPU ដោយ​ចោទ​ថា ការ​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី ចូល​រួម​ប្រជុំ​នេះ ​ គឺ​ជា​ការ​រំលោភ​សិទ្ធិ ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា​ និង​ជា​ការ​បំពាន​លើ​ឯករាជ្យ​ និង​អធិបតេយ្យ​ភាព​ជាតិ​កម្ពុជា​ ព្រម​ទាំង​រំលោភ​ច្បាប់​អន្តរជាតិ​ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ