អានតួអត្ថបទ
កម្ពុជា-ច្បាប់

​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កោះ​ហៅ ក្រោយ​ចេញ​វីដេអូ​គាំទ្រ​លោក សម រង្ស៊ី​

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​និង​ធ្វើ​កិច្ចសន្យា បន្ទាប់​ពី​ពួក​គេ​បាន​បង្ហោះ​វីដេអី​ឃ្លីប បង្ហាញ​ពី​ការ​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា សម្រេច​រំលាយ កាល​ពី​មួយ​ឆ្នាំ​មុន​។ 

លោកសម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ
លោកសម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ @ Sam Rainsy's Facebook page
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អាជ្ញាធរ​កម្ពុជា នេះ​គឺ​ជា​ទង្វើ​ខុស​ច្បាប់ ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​រំលាយ​រួច​ទៅ​ហើយ​។ ដូច្នេះ រាល់​សកម្មភាព​ជួប​ជុំ និង​ការ​បង្ហោះ​វីដេអូ​ឃ្លីប ដែល​បង្ហាញ​ការ​គាំទ្រ​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ទង្វើ​ខុស​ច្បាប់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តម​សេនីយ៍​ឯក ឆាយ គឹមឃឿន អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​។ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ឯក បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​ដាក់​ពិន័យ​ណា​មួយ​ទៅ​លើ​ពួក​គេ​នោះ​ទេ ដោយ​គ្រាន់​តែ​កោះ​ហៅ​ដើម្បី​ធ្វើ​ការ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ទាំង​នោះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ ចាន់រ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​គំរាម​កំហែង​មក​លើ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គ្រាន់​តែ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​។

គួរ​ជំរាប​ជូន​ថា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​លេច​ចេញ​នូវ​ចលនា​គាំទ្រ​លោក សម រង្ស៊ី ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ការ​បង្ហោះ​វីដេអូ គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​សន្និសីទ​នៅ​ទីក្រុង​អាត្លង់​តា សហ​រដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី ០១ ទី០២ ធ្នូ បើ​ទោះ​បី​ជា​គណបក្ស​នេះ ត្រូវ​បាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា បាន​រំលាយ​ចោល​ក្តី​។

កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត អតីត​ចៅ​សង្កាត់​ដ៏​ឆ្នើម​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​អូចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ចាត់​ទុក​ករណី​នេះ​ថា គឺ​ជា​ការ​គំរាម​កំហែង និង​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ ដោយ​គ្រាន់​តែ​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​អតីត​មេដឹក​នាំ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​។ អតីត​សកម្មជន​ឆ្លើយ​រូប​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​គំរាម​កំហែង​ក្នុង​រូប​ភាព​បែប​នេះ ត្បិត​នេះ គ្រាន់​តែ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​។

សូម​ជំរាប​ជូន​ថា ចាប់​តាំង​ពី​ថ្ងៃទី ២៣ ធ្នូ មក មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចេញ​លិខិត​កោះ​ហៅ និង​ធ្វើ​កិច្ច​សន្យា​ជា​បន្ត​បន្ទាប់​។ កិច្ច​សន្យា​នោះ គឺ​បញ្ឈប់​បង្ហោះ​វីដេអូ​ឃ្លីប ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មិន​ត្រូវ​ធ្វើ​អ្វី​មួយ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​ឡើយ​។ នេះ​បើ​យោង​តាម​កំណត់​ហេតុ​នៃ​កិច្ច​សន្យា​មួយ​រវាង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​បុក​ថ្មីៗ​នេះ​។ ក្រៅ​ពី​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ស្អាង​នេះ នៅ​មាន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ពញ្ញាឮ​ខេត្ត​កណ្តាល​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃទី ២៣ ធ្នូ និង​ខ្លះ​នៅ​ថ្ងៃទី ២៥ ធ្នូ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ