អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្ម​ជន​អតីត​បក្ស​ប្រ​ឆាំង​២០​នាក់​ត្រូវ​បាន​កោះហៅ​ដោយ​នគរ​បាល ​ខណៈ​ជាង​៣០​នាក់​ត្រូវ​កោះហៅ​ដោយ​តុ​លា​ការ​

យ៉ាង​ហោច​ណាស់​សកម្មជន​អតីត​គណ​បក្ស​សង្រ្គោះជាតិ​ចំនួន​២០​នាក់​នៅ​ខេត្ត​​​កំពង់​ធំ​ ត្រូវ​បាន​នគរ​បាល​ប៉ុស្តិ៍​កោះ​ហៅទៅ​សួរ​នាំ​ បន្ទាប់ពី​ពួក​គេ​ហូប​អាហារ​ជុំ​គ្នា ជជែក​រឿង​នយោបាយ និង​​ប្រកាស​​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​វិល​ចូល​កម្ពុជា ​នៅ​ឆ្នាំ​២០១៩​នេះ​។​ ចំណាត់​ការ​របស់​នគរបាល​បែប​នេះ​គឺ​ធ្វើ​ឡើង​ស្រដៀង​គ្នា​នឹង​ចំណាត់​របស់​តុលាការ​ខេត្ត​បាត់​ដំបង​ដែល​កោះ​ហៅ​សកម្មជន​ជាង​៣០​នាក់​ទៅ​បំភ្លឺ ​បន្ទាប់​ពី​ពួកគេ​ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​។​

សកម្មជនអតីតបក្សប្រឆាំងនៅខេត្តបាត់ដំបង
សកម្មជនអតីតបក្សប្រឆាំងនៅខេត្តបាត់ដំបង @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​កោះហៅសកម្ម​ជន​របស់​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ទៅ​សួរ​នាំ​នេះ​ គឺ​សមត្ថ​កិច្ច​បាន​អាន​កំណត់​ហេតុ​ឲ្យ​ស្ដាប់ និង​ឲ្យ​ផ្ដិត​មេដៃ​ទទួល​ស្គាល់​នូវសកម្មភាព​របស់​សកម្មជន​ទាំង​នោះ ​តែ​សមត្ថកិច្ច​មិន​បាន​ហាម​ការ​ជួប​ជុំ​ពិសា​អាហារ ឬ​ជជែក​រឿង​នយោបាយ​ឡើយ។ ​នេះ​បើ​តាម​សកម្មជន​ដែល​បាន​ចូល​បំភ្លឺ។

ប៉ុន្តែ​ចំណាត់​ការ​របស់​សមត្ថកិច្ចគឺធ្វើ​ឡើងបន្ទាប់ពីមាន​ការ​ជួប​ជុំ​គ្នា ពិសា​អាហារ​មួយ​ពេល​របស់​ក្រុម​​មន្ត្រីអតីត​បក្សសង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ និង​ក្រោយ​មក​ពួក​គាត់​នាំ​គ្នា​ប្រកាស​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ក្នុង​ការ​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី១៣ ឧសភា គឺ​មាន​ចំនួន ២០នាក់ នៅខេត្តកំពង់ធំបាន​ចូល​ឆ្លើយ​បំភ្លឺនៅតាម​ប៉ុស្តិ៍ន​គរ​បាល​​រដ្ឋបាលនៅក្នុងឃុំ​ដែល​សកម្មជនទាំងនោះរស់នៅ។

ដោយឡែកតំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ​សកម្មជន​អតីតគណបក្ស​ប្រឆាំង​ដែលជាអតីតមេឃុំ​ ចៅសង្កាត់ ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក ក្រុង និង​ក្រុម​ប្រឹក្សា​ខេត្ត​កើន​ឡើងដល់៣៥នាក់​ឱ្យ​ចូល​បំភ្លឺ​​ចាប់​តាំង​ពី​ថ្ងៃ​ទី៨ រហូតដល់ចុងខែឧសភា​នេះ។

មាន​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ជាង​១០​នាក់​ក្នុងចំណោម​មនុស្ស​ដែល​បាន​កោះហៅ​ គឺ​បានចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ​ខេត្តបាត់​ដំបង​រួច​រាល់​ហើយ ជុំវិញការចោទថា ពួកគេបានធ្វើសកម្មភាពប្រឆាំងសាលដីការបស់តុលាការកំពូល។ ប៉ុន្តែ​តំណាងអយ្យការនៅមិនទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​ជោគវាសនារបស់​សកម្មជនអតីត​​បក្សប្រឆាំង​​ទាំងនោះនៅឡើយ តែ​មានជាសំណួរចោទថាតើនឹងមានសកម្មជនប៉ុន្មាននាក់ទៀត ​នៅខេត្តណាខ្លះ​នឹង​ត្រូវ​កោះហៅបន្ថែមទៀតឲ្យទៅបំភ្លឺបន្ទាប់ពីពួកគេប្រកាសគាំទ្រ លោក សម រង្ស៊ី?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ