rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អាកាសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុមហ៊ុន​មួយ​កំពុងសិក្សាពី​ការ​បង្កើត​សាលាហ្វឹកហាត់អ្នក​បើកបរយន្តហោះជាលើកដំបូង​នៅ​កម្ពុជា

media
រូបថតៈព្រលានយន្តហោះ​អន្តរជាតិ​​នៅ​ភ្នំពេញ​បច្ចុប្បន្ន​ @សហការី

ក្រុម​ផ្តល់​សេវាបណ្តុះបណ្តាល​ផ្នែក​អាកាសចរណ៍អាល់ហ្វា ហៅកាត់​ថា AAG បាន​ចុះអនុស្សរណៈនៃការយោគយល់​ជាមួយ​ក្រុមហ៊ុន​ឯកជនមួយ ដើម្បីសិក្សា​ពីការអភិវឌ្ឍន៍សាលាបង្រៀន​បើកបរ​យន្តហោះទំនើបដំបូងបង្អស់​នៅកម្ពុជា។ នេះបើតាមការ​ចុះផ្សាយ​របស់​សារព័ត៌មានផ្នែក​អាកាសចរណ៍ AIN នៅថ្ងៃទី​២២​វិច្ឆិកា​ម្សិលមិញ។ យ៉ាងណាក៏ដោយ មន្ត្រី​ផ្នែកអាកាសចរណ៍ស៊ីវិល​កម្ពុជា បញ្ជាក់​ថា​ កម្ពុជានៅមិនទាន់​ដើរដល់​ដំណាក់កាលមួយ ដែល​ត្រូវការ​ឲ្យ​មានសាលាបង្រៀន​អ្នក​បើកយន្តហោះនៅឡើយទេ។


ប្រធាន​ក្រុម​ហ៊ុន Negocia Ventures ដែលបាន​ចុះ MOU ជាមួយ​ក្រុមផ្តល់​សេវា​បណ្តុះ​បណ្តាល​ផ្នែក​អាកាសចរណ៍អាល់​ហ្វា (AAG) លោក Thierry Tea បានបញ្ជាក់ប្រាប់​សារព័ត៌មាន AIN ថា ប្រសិនបើ​កម្ពុជា មាន​សាលាហ្វឹកហាត់​អ្នក​បើកបរ​យន្តហោះ នោះ​អាចជារឿងប្រសើរ​បំផុត ដើម្បីឆ្លើយ​តប​ទៅនឹង​តម្រូវការ​ទីផ្សារ​របស់កម្ពុជា។ ទីផ្សារ​កម្ពុជា ដែលកំពុង​តែបើក​ទូលាយ​សម្រាប់​ការ​វិនិយោគ​របស់ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថ្មី​ជា​ច្រើន ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដែលកំពុងលូតលាស់។ លើសពីនេះ សាលា​បង្រៀន​​អ្នកបើកបរ​យន្តហោះ​ក្នុង​ស្រុក ក៏នឹង​ជាឱកាស​មួយដើម្បីបង្កើតធនធាន​មនុស្ស ក្នុងប្រទេសកម្ពុជាផងដែរ។

ផ្ទុយនឹងការ​លើកឡើងនេះ លោក​ស៊ិន ច័ន្ទសេរីវុត្ថា អ្នក​នាំពាក្យ​​រដ្ឋលេខាធិការដ្ឋាន​អាកា​ស​ចរណ៍​ស៊ីវិល​ បាន​លើកឡើង​ថា ឧស្សាហកម្មផ្នែកអាកាសចរណ៍ក្នុងប្រទេសកម្ពុជា នៅ​តូចនៅឡើយ ហើយទីផ្សារ​ក្នុង​ស្រុក ក៏មិនទាន់ធំ​ធេង​​គ្រប់គ្រាន់​ដើម្បីបើក​សាលា​បង្រៀន​​អ្នក​បើកបរយន្តហោះដោយផ្ទាល់នៅឡើយទេ។ តាម​លោក​ស៊ិន ច័ន្ទសេរីវុត្ថា ការ​វិនិយោគ​លើ​សាលាបង្រៀន​បើក​បរយន្តហោះ ត្រូវ​ចំណាយ​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​ខាត​បង់​ប្រសិនបើ​មិន​ទាន់មានតម្រូវការទីផ្សារ​ខ្លាំងនោះទេ។

រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល បាន​ឲ្យ​ដឹងថា កន្លងមក​អ្នក​បើកបរ​យន្តហោះ​របស់​​កម្ពុជា តែងតែទទួលការ​បណ្តុះបណ្តាល​ពីជំនាញនេះ ទាំងទ្រឹស្តី និង​ការ​អនុវត្ត​ពីក្រៅប្រទេស រួច​ត្រលប់មក​បំពេញ​ការងារ​ក្នុង​ស្រុកវិញ។ មក​ដល់ពេលនេះ អ្នក​បើក​បរយន្តហោះ​ ឬហៅ​ថា Pilot ជាជនជាតិខ្មែរ មានប្រមាណជាង ១០នាក់តែប៉ុណ្ណោះ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុង​ស្រុក​ មានចំនួន ៨។ ក្រុមហ៊ុន​ទាំង ៨ នោះរួមមាន Cambodia Angkor Air, Sky Angkor Airlines, Cambodia Bayon Airlines, Lanmei Airlines, JC International Airlines, Small Planet Airlines, Cambodia Airways និង​ KC International Airlines៕