អានតួអត្ថបទ
កម្ពុជា-ច្បាប់

ស្នងការ​នគរបាល​ខេត្តកណ្ដាលរងការ​ព្រមាន ខណៈ​កូន​ប្រុស​ត្រូវ​បាន​ផ្លាស់​ចេញ​ពី​អធិការ​រង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ចេញ​មុខ​ព្រមាន​ លោក អ៊ាវ ចំរើន ស្នងការ​នគរ​បាល​ខេត្ត​កណ្ដាល បន្ទាប់​ពី​នគរបាល​ក្រោម​ឱវាទ ប្តឹង​ទៅ​ក្រសួង​មហា​ផ្ទៃ​ថា ស្នង​ការ​រូប​នេះ​មាន​បក្សពួក​និង​គ្រួសារ​និយម។ ខណៈ​ឪពុក​រង​ការ​ព្រមាន កូន​ប្រុស លោក អ៊ាវ ចំរើន ដែល​ជា​អធិការ​រងក្រុង​តាខ្មៅ​ក៏​ត្រូវ​ផ្លាស់​ចេញ​ផងដែរ ក្រោម​ហេតុផល​បញ្ចៀស​គ្រួសារ​និយម។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ។

រូបភាព៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញមុខព្រមាន លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល
រូបភាព៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញមុខព្រមាន លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល @Internet
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​ជា​លើកទី១ របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទៅ​កាន់​ស្នង​ការ​នគរ​បាល​ខេត្ត​កណ្ដាល បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​ថ្នាក់​ក្រោម ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​សកម្មការងារ​របស់​លោក អ៊ាវ ចំរើន ដែល​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ដឹក​នាំ និង​ការ​គ្រប់គ្រង់​របស់ខ្លួន។ តាមរយៈ​ប្រកាស​ចុះ​ថ្ងៃ​ទី​៩​ខែ​សីហា លោក ស ខេង បាន​សង្កត់​ធ្ងន់​ថា លោក អ៊ាវ ចំរើន ត្រូវ​កែ​ប្រែ​នូវ​កំហុស​ឆ្គង និង​ឥរិយាបថ​ដឹកនាំ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្នុង​ករណី​ដែល លោក អ៊ាវ ចំរើន នៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពីការ​ណែ​នាំ លោក​នឹង​រង​វិន័យ​របស់​កង​កម្លាំង​នគរ​បាល​ជាតិ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​បន្ថែម​ពី​លើ​សេចក្ដី​ប្រកាស​ថា ពាក្យបណ្ដឹង​ខ្លះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នូវ​សកម្មភាព​ការងារ​របស់​លោក អ៊ាវ ចំរើន ខណៈ​ពាក្យ​បណ្ដឹងខ្លះ​ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា​មិញ លោក អ៊ាវ ចំរើន ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រវត្តិ​រូប​កត់​ចំណាំ​មួយ​រួច​ហើយ ដែល​នេះ​មាន​ន័យ​ថា បើ​លោក អ៊ាវ ចំរើន ត្រូវ​បានតម្លើង​ស័ក្ដិ​ក៏​ស្ថិត​ក្នុង​ការ​ពិចារណា​ដែរ។

ចំណែក កូន​ប្រុស​លោក អ៊ាវ ចំរើន ដែល​កំពុង​កាន់​តួនាទី​ជា​អធិការរង​ក្រុង​តាខ្មៅ​ត្រូវ​ផ្លាស់ចេញ​មក​កាន់​ការ​ងារ​នៅ​ក្រសួង​មហាផ្ទៃវិញ។ ការ​ផ្លាស់ប្ដូរ​តួនាទី​នេះ គឺជា​អ្វី​ដែល​អ្នក​នាំពាក្យក្រសួង​មហាផ្ទៃ​អះអាង​ថា ដើម្បី​បញ្ចៀស​បញ្ហា​គ្រួសារ​និយម។

មួយ​ផ្នែក​នៃ​ការ​ព្រមាន​លោក​ស្នងការ អ៊ាវ ចំរើន ស្ថិត​ក្នុង​អភិ​ក្រម​ទាំង៥​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់​កាល​ទី​៤​ ​រប​ស់​រដ្ឋាភិបាល​ នីតិកាល​ទី​ ៦​ ​ដែលរួមាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់។ តែ​ទោះ​ជា​បែប​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា ករណីលោក អ៊ាវ ចំរើន នៅ​មិន​ទាន់​រាប់​បញ្ចូល​ក្នុង​អភិក្រម​ទាំង​៥​នេះ​នៅ​ឡើយ​ទេ ប្រសិន​បើ​លោក​កែប្រែ​ឥរិយាបថ​បំពេញ​ការ​ងារ។​

គេ​នៅ​ចាំ​បាន​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកថា​ គ្មាន​ឡើយ​ការលើកលែង ឬ​អនុគ្រោះ សម្រាប់​មន្ត្រី​ដែល​ធ្វើ​ខុស​អភិក្រម​ទាំង​៥​។ បើ​ពួកគេ​ធ្វើ​ខុស​ធ្ងន់​នោះ នឹង​ប្រឈម​ការដក​ចេញពី​តំណែង ដោយ​គ្មាន​ការយោគយល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ