rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) នឹង​ផ្តល់​ថវិកា ១,៤៥ពាន់លានដុល្លារ​ដល់​កម្ពុជា ក្នុង​គម្រោង​អភិវឌ្ឍន៍​រយៈ​ពេល​៥ឆ្នាំ​

media
អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង) @Internet

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) បាន​អនុម័ត​ទៅ​លើ​យុទ្ធ​សាស្ត្រ​ភាព​ជា​ដៃ​គូ​ប្រចាំ​ប្រទេស​ថ្មី​មួយ ដែល​នឹង​ផ្តល់​ថិវកា ចំនួន​១,៤៥​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា ពី​ឆ្នាំ​២០១៩​ដល់ ឆ្នាំ​២០២៣​។​ ទឹក​ប្រាក់​នេះនឹង​ត្រូវ​ផ្តល់​ក្រោម​រូប​ភាព​ជា​ឥណ​ទាន​សម្ប​ទាន ហិរញ្ញ​ប្ប​ទាន​ឥត​សំណង និង​ជំនួយ​បច្ចេក​ទេស​។ 


ថិវកា​ចំនួន១,៤៥ពាន់​លាន​ដុល្លារ​អាមេរិក​របស់ ADB តាម​រយៈ​យុទ្ធ​សាស្ត្រ​ភាព​ជា​ដៃ​គូ​ប្រចាំ​ប្រទេស​ថ្មី ឆ្នាំ​២០១៩ ដល់​២០២៣ នឹង​ត្រូវ​ប្រើ​សម្រាប់​វិស័យ​កសិកម្ម និង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​ កែ​លម្អ​លក្ខ​ខណ្ឌ​ជីវិភាព​រស់​នៅ​ក្នុង​តំបន់​ទីក្រុង និង​តំបន់​ជនបទ ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាម​ពល​កកើត​ឡើង​វិញ និង​ការ​អភិវឌ្ឍ​វិស័យ​អប់​រំ និង​ជំនាញ​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ADB កាល​ពីថ្ងៃទី២៥ ខែតុលា​។

ADB បញ្ជាក់​ថា ការ​គាំទ្រ​ដល់​កំណែ​ទ្រង់​វិស័យ​សាធារណៈ និង​ការ​កែ​លម្អ​សមត្ថ​ភាព​ស្ថាប័ន នឹង​នៅ​តែ​បន្ត​ជា​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ចម្បង​របស់​កម្មវិធី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ ការ​ផ្តួច​ផ្តើម​ទាំង​នេះ មាន​គោល​បំណង​កែ​លម្អ​លទ្ធ​ភាព​ទទួល​បាន​សេវា​កម្ម និង​គុណ​ភាព​សេវា​កម្ម​សម្រាប់​ពល​រដ្ឋ​កម្ពុជា ព្រម​ទាំង​បរិយា​កាស​ធុរ​កិច្ច​ផង​ដែរ​។​

សូម​ជម្រាប​ថា យុទ្ធ​សាស្ត្រ​ភាព​ជា​ដៃ​គូ​ប្រចាំ​ប្រទេស​ថ្មី ដែល​មាន​រយៈ​ពេល​៥ឆ្នាំ ក៏​មាន​កំណត់​ចែង​អំពី​កិច្ច​គាំទ្រ​របស់​ADB ចំពោះ​គោល​ដៅ​កម្ពុជា ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ២០​៣០​។

លោក​ស្រី Sunniya Durrani-Jamal នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា «យុទ្ធ​សាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ថ្មី​របស់​យើង នឹង​គាំទ្រ​ដល់​គោល​ដៅ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​ភាព​ប្រកួត​ប្រជែង និង ពិពិធកម្ម​ប្រភព​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច ការ​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព និង​បរិយា​ប័ន្ន ការ​កសាង​ឱ្យ​មាន​ភាព​ធន់​ទៅ​នឹង​អាកាស​ធាតុ និង​ការ​ពន្លឿន​កំណែ​ទម្រង់​អភិបាល​កិច្ច​»។

តាម​រយៈ​សេចក្តី​ប្រកាស​របស់​ខ្លួន ADB បាន​បញ្ជាក់​ថា កម្ពុជា​ក៏​កំពុង​ជួប​ប្រទះ​បរិយា​កាស​ពាណិជ្ជ​កម្ម​សកល​ដែល​គ្មាន​ភាព​ប្រាកដ​ប្រជា ព្រម​ទាំង​កំណើន​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​ផង​ដែរ​។ កិច្ច​ខិត​ខំ​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋ​កិច្ច​ទៅ​ក្នុង​វិស័យ​សេវា​កម្ម និង​កម្មន្ត​សាល​បាន​និង​កំពុង​រង​ការ​រាំង​ស្ទះ ដោយ​សារ​កង្វះ​កម្ម​ករ​ជំនាញ ចន្លោះ​ប្រហោង​ក្នុង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាម​ពល និង​ឡូជី​ស្ទីក ព្រម​ទាំង​ដំណើរ​ការ​ធុរ​កិច្ច​ខ្វះ​តម្លា​ភាព​៕