rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អំពើពុករលួយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ACU ​ផ្ដើម​ស្រាវ​ជ្រាវ​ថ្លៃ​បណ្ណា​ការ​១០​ម៉ឺន​ដុល្លារ​របស់​ស្នង​ការ​រង​ខេត្ត​កណ្ដាល​

media
លោក ឧត្តមសេនីយ៍ត្រី ស្រេង សុខា @FB

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ACU នៅ​ថ្ងៃ​ទី​២៧​កុម្ភៈ​ម្សិល​មិញ បា​នប្រកាសបើកការ​​ស្រាវ​ជ្រាវ​ទ្រព្យសម្បត្តិ លោក​ឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការ​រង​នគរ​បាល​ខេត្ត​កណ្ដាល។ ជា​ការស៊ើប​អង្កេត​ធ្វើ​ឡើង​ក្រោយ​ស្នង​ការ​រង​រូប​នេះ ជូន​ថ្លៃ​បណ្ណាការ​១០​ម៉ឺន​ដុល្លារ និង​រថយន្ត​មួយគ្រឿង​ទៅ​ភាគី​ខាង​ស្រី​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ។ សង្គម​ស៊ីវិល​សាទរ​ចំណាត់​ការ​នេះ​ តែ​ពួក​គេយល់​ថា មន្ត្រី​ក្រាកៗ​មិន​មែន​មាន​តែ​ម្នាក់​ទេ ដែល​មាន​ប្រាស់​លើ​ពី​បៀវត្សរ៍​ប្រចាំ​ខែ។ 


គួរ​រំឭក​ថា មុន​ACU​ធ្វើ​ការ​ស្រាវជ្រាវ​ទ្រព្យ​សម្បត្តិ លោក ស្រេង សុខា​ ស្នងការ​រង​នគរបាលខេត្តកណ្ដាល​បាន​រង​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម បន្ទាប់​ពី​គាត់​បាន​ជូន​ថ្លៃ​បណ្ណា​ការ​១០​ម៉ឺន​ដុល្លារ និង​រថយន្ត​មួយ​គ្រឿង​ទៅ​ភាគី​ខាង​ស្រី​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ។ សាធារណៈជន​ បាន​ចោទ​សួរ​ទៅ​លើ​ប្រភព​ថវិកា​ទាំង​នោះ ខណៈ​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​មាន​ចំនួន​ប្រមាណ​តែណ​ជា​ជិត​២​លាន​រៀល​ក្នុង​មួយ​ខែ។

ជា​មួយ​គ្នា​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​សាទរ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ការ​ស្រាវ​ជ្រាវ​ទ្រព្យ​សម្បត្តិ លោក ស្រេង សុខា​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​កណ្ដាល​រូប​នេះ​។ អ្នក​នាំ​ពាក្យ​ដដែល​ក៏​មាន​ចម្ងល់​មិន​ខុស​ពី​មហា​ជន​ទៅ​លើ​ប្រភព​ថវិកា​យ៉ាង​ច្រើន​នេះ​ដែរ​។

លោក យ៉ង គឹមអេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​លើក​ឡើង​ថា អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គួរ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​មុខ​របរ​ឯទៀត​ក្រៅ​ពី​តួនាទី​ជា​មន្ត្រី​សាធារណៈ​របស់​លោក ស្រេង សុខា។ ប្រសិន​រក​ឃើញ​ភាព​មិន​ប្រក្រតី អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​គួរ​តែ​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់​ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​សាធារណៈ​ឯទៀត​។​

ដោយ​ឡែក លោក គឹម រស្មី អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ ខេត្ត​រតនគិរី ACU​ជិត​បញ្ចប់​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​ពុក​រលួយ​ហើយ ខណៈ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភរិយា​ព្រម​ទាំង​កូន​បី​នាក់​របស់​លោក គឹម រស្មី បាន​បិទ​បញ្ចប់​។ សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​វាយ​តម្លៃ​ថា ស្ថិត​នៅ​លេខ​រៀង​ទី ១៦១ ក្នុង​ចំណោម​ប្រទេស​១៨០​។ សម្រាប់​ចំណាត់​ថ្នាក់​នេះ កម្ពុជា​នៅ​តែ​មាន​អំពើ​ពុករលួយ​ខ្ពស់​ដដែល​។ នេះបើតាមអង្គការ​តម្លាភាព​អន្តរជាតិ៕