អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

ខួប​កំណើត​ប៉ូលីស​៧៣​ឆ្នាំ លោក​នាយក​រដ្ឋមន្ត្រី​សរសើរ​ពី​ការ​ការពារ​សន្តិសុខ និង​ទប់​ស្កាត់​បដិវត្តន៍​ពណ៌

នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​៧៣​ថ្ងៃ​កំណើត​ប៉ូលីស​ជាតិ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ខែ​ឧសភា នៅ​ឆ្នាំ​នេះ​មិន​មាន​ការ​ប្រារព្ធ​ពិធី​អ្វី​ធំ​ដុំ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​រំលេច​នៅ​ក្នុង​ថ្ងៃ​កំណើត​ប៉ូលីស​នេះ គឺ​សារ របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​សារ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​សរសើរ​ដល់​កង​កម្លាំង​ប៉ូលីស​ជាតិ។ សរសើរ​មាន​ការ​អះអាង​ថា​ប៉ូលីស បាន​ទប់​ស្កាត់​ការ​ប៉ុន​ប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ និង​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ។

រូបភាព​តំណាង៖ កងកម្លាំង​ប៉ូលីស​ជាតិ
រូបភាព​តំណាង៖ កងកម្លាំង​ប៉ូលីស​ជាតិ @facebook/នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ​ផ្ញើ​ជូន​កង​កម្លាំង​ប៉ូលីស ក្នុង​ឱកាស​ខួប​៧៣​ឆ្នាំ​(១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៨) ថ្ងៃ​បង្កើត​កង​កម្លាំង​ប៉ូលីស​ជាតិ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​ដូច​ជា​លោក ស ខេង ដែរ បាន​សរសើរ​ដល់ កង​កម្លាំង​ប៉ូលីស​ជាតិ គ្រប់​ជំនាន់ ដែល​បាន​ប្រឹង​ប្រែង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វហេតុ​សន្តិសុខ​ជាតិ។

តាម​លិខិត លោកហ៊ុន សែន កង​កម្លាំង​ប៉ូលីស បាន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដទៃ​ទៀត ជម្នះ​បាន​គ្រប់​ឧបសគ្គ ព្រម​ទាំង​បង្កើត​បាន​ស្នាដៃ​ធំ​ធេង​ក្នុង​ការ​រក្សា​បាន​នូវ​សន្តិសុខ និង​សន្តិភាព រក្សា​ស្ថិរភាព និង​ប្រក្រតី​ភាព​ស្ថាប័ន​កំពូល​របស់​រដ្ឋ តាម​រយៈ​ការ​វាយ​ឲ្យ​បរាជ័យ​នូវ​ឧបាយកល​ពិស​ពុល​របស់​ពួក​អមិត្ត ដែល​បាន​ឃុប​ឃិត​ជាមួយ​បរទេស ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ តាម​បែប​ផែន​បដិវត្តន៍​ពណ៌ ដណ្តើម​យក​អំណាច ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

ក្រៅ​ពី​នេះ ប៉ូលីស​ក៏​បាន​ធ្វើ​ជា​បង្អែក​ដ៏​រឹង​មាំ នៅ​ក្នុង​គោល​នយោបាយ «ភូមិ-ឃុំ មាន​សុវត្ថិភាព» ការពារ​ប្រកប​ដោយ​ជោគ​ជ័យ នូវ​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៤ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤។ នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន តាម​រយៈ​លិខិត​របស់​លោក ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​លទ្ធផល​បង្ក្រាប​បទ​ល្មើស​ព្រហ្មទណ្ឌ​មាន​កំរិត​ខ្ពស់​រហូត​ដល់ ៨៦% ដោយ​បាន​ធ្វើ​ឲ្យ​បទ​ឧក្រិដ្ឋ​ថយ​ចុះ ១៤%។ ប៉ូលីស​ក៏​បាន​ការពារ​សុវត្ថិភាព​ដល់​គោលដៅ​នយោបាយ ការ​ទូត សេដ្ឋកិច្ច វប្បធម៌ ក៏​ដូច​ជា​ព្រឹត្តិការណ៍​ជាតិ-អន្តរជាតិ គណប្រតិភូ​ជាតិ-អន្តរជាតិ សរុប​ជាង​៩​ពាន់​លើក ត្រូវ​បាន​ធានា​សុវត្ថិភាព​ទាំង​ស្រុង។

ក្រៅ​ពី​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​លើក​សរសើរ​ផង​ដែរ ​ពី​គុណសម្បត្តិ​របស់​ប៉ូលីស​ជាតិ ដូច​ជា​​ការ​គ្រប់​គ្រង​ជន​បរទេស ការ​ពង្រឹង​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ដោយ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​ជាង ១៤ ០០០​នាក់ រួម​មាន​៨៩​សញ្ជាតិ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។

ប៉ូលីស​ជាតិ ក៏​បាន​បង្ហាញ​នូវ​ស្នាដៃ គ្រប់​គ្រង​ប្រជាពលរដ្ឋ ​ក៏​ដូច​ជា​ការ​ផ្តល់​ឯកសារ លិខិត​ស្នាម​ផ្សេងៗ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដល់​ត្រី​មាស​ទី​១​ឆ្នាំ​២០១៨​នេះ សៀវភៅ​គ្រួសារ​ចំនួន​ ជាង ២,៨​លាន​ក្បាល សៀវភៅ​ស្នាក់​នៅ​ជាង ៣​លាន​ក្បាល និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ជាង​៩,៨​លាន​សន្លឹក ត្រូវ​បាន​ផ្តល់​និង​ចែក​ជូន​ប្រជាពលរដ្ឋ។ នេះ​គឺ​ជា​ការ​សម្តែង​ពី​មោទនភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ