អានតួអត្ថបទ
កម្ពុជា-អប់រំ

ពិព័រណ៍​សៀវភៅ​លើក​ទី​៦​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​រំពឹង​ ថា​មាន​មនុស្ស​ប្រមាណ​៤​ម៉ឺន​នាក់​ចូល​រួម

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៦​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​នេះ រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ធ្នូ នា​បណ្ណាល័យ​ជាតិ រាជធានី​ភ្នំពេញ។ ពិព័រណ៍​សៀវភៅ​លើក​ទី​៦​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​រៀង​រាល់​ឆ្នាំ​តាម​រយៈ​កំណើន​ស្តង់​តាំង​និង​លក់​សៀវភៅ កំណើន​អ្នក​ចូល​រួម បូក​រួម​ទាំង​បរិយាកាស​ប្រកប​ដោយ​ផាសុកភាព​នៃ​ការ​រៀប​ចំ​ទូទៅ​ផង​ដែរ។

ពិព័រណ៍​សៀវភៅ​លើក​ទី​៦
ពិព័រណ៍​សៀវភៅ​លើក​ទី​៦ @cambodiabookfair
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ម្នា​ជា​ច្រើន​ដែល​ភាគ​ច្រើន​ជា​សិស្ស​និស្សិត​បាន​ចូល​រួម​នៅ​ក្នុង​ពិព័រណ៌​សៀវភៅ​លើក​ទី​៦​នេះ​ក្រោម​ប្រធាន​បទ​«អាន​ច្រើន​បង្កើន​ឱកាស»។ វត្តមាន​ពួក​គេ​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​ដល់​អ្នក​រៀប​ចំ​កម្មវិធី​ដែល​គ្រោង​បន្ថែម​ថ្ងៃ​តាំង​ពិព័រណ៍​រយៈ​ពេល​៣​ថ្ងៃ​ទៅ​១​សប្ដាហ៍ និង​ពង្រីក​ទី​តាំង​ដើម្បី​ឆ្លើយ​តប​បរិមាណ​អ្នក​ចូល​រួម ខណៈ​ដែល​ពិព័រណ៌​សៀវភៅ​នៅ​ឆ្នាំ​នេះ​រំពឹង​ថា នឹង​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី​៣​ទៅ​៤​ម៉ឺន​នាក់។​

លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា​និង​នាយក​អង្គការ​ស៊ី​ប៉ា(Sipar) បាន​អះ​អាង​នៅ​ក្នុង​កម្មវិធី​នោះ​ថា ពិព័រណ៌​សៀវភៅ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណៈ​ជន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ទោះ​ជា​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ​លោក ហុក សុទ្ធិ នៅ​តែ​លើក​ទឹក​ចិត្ត​ដល់​ឱពុក​ម្ដាយ​នាំ​កូនៗ​មក​ចូល​រួម​ពិព័រណ៌​សៀវភៅ​ដើម្បី​បណ្ដុះ​ទម្លាប់​កុមារ​ឲ្យ​ចាប់​អារម្មណ៍​នឹង​ការ​អាន​សៀវភៅ។

ចំណែក លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​មើល​ឃើញ​ថា​ ពិព័រណ៌​សៀវភៅ​កម្ពុជា​លើក​ទី​៦​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​បាន​ផ្សា​ភ្ជាប់​ការ​អាន​ជាមួយ​នឹង​សារៈ​ប្រយោជន៍​នៃ​បណ្ណាល័យ។ ផ្ដល់​ជា​គំនិត លោក ពិត ចំណាន ចង់​ឲ្យ​បណ្ដុះ​ទម្លាប់​នៃ​ការ​អាន​ផ្សា​ភ្ជាប់​ផង​ដែរ​ជាមួយ​នឹង​ការ​សសេរ។

គួរ​បញ្ជាក់​ថា ពិព័រណ៌​សៀវភៅ​កម្ពុជា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ទិវា​អំណាន​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ឆ្នាំ​២០១៥ ក្នុង​គោល​បំណង​តែ​មួយ​ដូច​គ្នា​គឺ​ជម្រុញ​ការ​អាន​នៅ​កម្ពុជា។ គួរ​រម្លឹក​ថា​ គិត​ត្រឹម​ឆ្នាំ​២០១៥​ពិព័រណ៌​សៀវភៅ​មាន​អ្នក​ចូល​រួម​១២០០០​នាក់ ខណៈ​ឆ្នាំ​២០១៦​មាន​អ្នក​ចូល​រួម​២៥០០០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ