rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អាមេរិក ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ខ្មែរ​នៅ​អាមេរិក​ជាង​៥០​នាក់​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ស្អែក

media
រុបភាព​តំណាង៖ ការតវ៉ាប្រឆាំងការបញ្ជួនពលរដ្ឋខ្មែរមកកម្ពុជាវិញ @IKARE

ពលរដ្ឋ​ខ្មែរ​ជាង​៥០​នាក់​ដែល​ភៀស​ខ្លួន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​បញ្ជូន​មក​ដល់​​កម្ពុជា​វិញ​​នៅ​ថ្ងៃ​ស្អែក​នេះ។ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​លើ​ទឹក​ដី​អាមេរិក ហើយ​បាន​ទទួល​ការ​អនុវត្ត​ទោស​នៅ​ប្រទេស​នេះ​រួច​រាល់។ ប៉ុន្តែ​អង្គការ​​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​នេះ និង​រដ្ឋាភិបាល​កម្ពុជា បាន​តវ៉ា​នឹង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​ប្រទេស​កំណើត​វិញ​នេះ ដោយ​ចាត់​ទុក​ថា វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ។


ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​ជាង​៥០​នាក់​ដែល​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​នេះ អ្នក​ខ្លះ​មាន​ជំងឺ​រាង្គ​កាយ​រ៉ាំរ៉ៃ និង​ខ្លះ​ទៀត​មាន​បញ្ហា​ផ្លូវ​ចិត្ត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​អង្គការ ​1Love Cambodia។ បើ​តាម​អង្គការ​ដដែល នេះ​គឺជា​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​​ក្នុង​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ទេ ចាប់​តាំង​ពី​មាន​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​មក។

សូម​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​សហរដ្ឋ​អាមេរិក​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​នេះ គឺ​ពួក​គេ​ភាគ​ច្រើន​ជា​អ្នក​​ភៀស​ខ្លួន​កាល​ពី​សម័យ​សង្រ្គាម​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ទី​នោះ តាំង​ពី​ពួក​គេ​នៅ​​វ័យ​កុមារភាព។ ប៉ុន្តែ​អ្នក​ខ្លះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​នៅ​លើ​ទឹក​ដី​អាមេរិក ហើយ​ត្រូវ​បាន​តុលាការ​រដ្ឋ​សហព័ន្ធ​នៃ​ប្រទេស​នេះ កាត់​ទោស​ដាក់​ពន្ធនាគារ​រួច​ហើយ មុន​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក។

អង្គការ​ទ្រ​ទ្រង់​ជន​មាតុភូមិ​និវត្តន៍​សមាហរណកម្ម ឲ្យ​ដឹង​ថា ខ្លួន​បាន​ទទួល​ពលរដ្ឋ​​ខ្មែរ​៥៥០​នាក់​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ជា​ការ​កត់​សម្គាល់ ឆ្នាំ​២០១៨​នេះ មាន​ការ​បណ្ដេញ​ចេញ​ច្រើន​ជាង​គេ​បង្អស់។ ពោល​គឺ​មាន​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​២០០​នាក់ ដែល​​ត្រូវ​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក។

យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​ខ្មែរ​២​​នាក់​ដែល​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​នៅ​សហរដ្ឋ​អាមេរិក ទើប​តែ​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​អភិបាល​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្នក​ទាំង​ពីរ ត្រូវ​បាន​សមត្ថកិច្ច​សហរដ្ឋ​អាមេរិក​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ ២០០២ និង ២០០៥ពី​បទ​ឧក្រិដ្ឋ​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

បើ​ទោះ​បី​ជា​ត្រូវ​បាន​លើក​លែង​ទោស​ក៏​ដោយ តែ​ការិយាល័យ​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា បាន​បញ្ជាក់​ថា មិន​អាច​បញ្ឈប់​​នីតិវិធី​នៃ​ការ​បញ្ជូន​ពួក​គេ​ពីរ​នាក់​នេះ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ។ ប៉ុន្តែ​វា​អាច​លុប​ចោល​ការ​ផ្ដន្ទា​ទោស ដែល​ជា​លេស​នៃ​ការ​និរទេស​។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ភ្នាក់​ងារ​សារព័ត៌​មានAP។​

កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០១៨​នេះ ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក ​បាន​ផ្អាក​បណ្តេញ​ជន​ជាតិ​ខ្មែរ​ជិត​១០០​នាក់​ ចេញ​ពី​សហរដ្ឋ​អា​មេរិក​ភ្លាមៗ។ ចៅក្រម​សហព័ន្ធ​អាមេរិក​យល់​ថា ​ជន​ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ទាំង​នោះ ​គួរ​មាន​សិទ្ធិ​ត​តាំង​ក្តី​នៅ​ចំពោះ​មុខ​តុ​លា​ការ ​ប្រឆាំង​នឹង​គោ​ល​នយោបាយ​របស់​លោក ​ដូណាល់ ត្រាំ ​ជា​មុន​សិន មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ​។​

កន្លង​មក រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​បង្ហាញ​ជំហរ​មិន​ព្រម​ទទួល​យក​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឲ្យ​មក​រស់​នៅ​កម្ពុជា​វិញ​ទេ ដោយ​សំអាង​លើ​ហេតុផល​មនុស្ស​ធម៌។ ជា​ការ​ឆ្លើយ​តប ​​ រដ្ឋាភិបាល​អាមេរិក បាន​​បង្កក​ទិដ្ឋាការ​ដល់​ក្រុម​មន្រ្តី​ការ​ទូត​កម្ពុជា​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​នៅ​ស្ងៀម​ដែរ គឺ​បាន​ផ្អាក​កិច្ច​សហប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​ស្លាប់​នៅ​កម្ពុជា​ក្នុង​សម័យ​សង្រ្គាម៕