អានតួអត្ថបទ
កម្ពុជា-សង្គម

តុល្យ​ការ​នៃ​គ្រោះ​ទឹក​ជំនន់​៖ ​ស្លាប់​មនុស្ស​៤​នាក់​ ខណៈ​ទឹក​ជំនន់​មិន​ទាន់​ថម​ថយ​

គិត​ត្រឹម​ល្ងាច​ថ្ងៃ​សោរ៍​នេះ ​មាន​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​ ដោយ​សារតែ​ខ្យល់​ព្យុះ ​និង​គ្រោះ​ទឹក​ជំនន់​ នៅ​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​រតនៈគិរី​។ ​ជំនន់​ទឹក​ភ្លៀង​នេះ ​ក៏បាន​វាយ​លុក​ដល់​ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពត​ផងដែរ ​ពោល​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ ពី​ទី​រួម​ខេត្ត​កំពត​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​ផ្អាក​ចរារណ៍​ដោយ​សារតែ​ទឹក​ជន់​លិច​ នៅ​គ្រា​ដែល​កំ​ណាត់​ផ្លូវ​ជាតិ​លេខ​៤ ​ទឹក​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​។

ទឹកជំនន់ក្នុងខេត្តរតនគិរី
ទឹកជំនន់ក្នុងខេត្តរតនគិរី @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​ នៅថ្ងៃសៅរ៍​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​បន្ទាន់​មួយ ​ស្ដីពី​កម្ពស់​ទឹក​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​ នៅ​ចំណុច​ស្ពាន​សំរោង កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ​ព្រំប្រ​ទល់​ខេត្ត ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ។

បើតាម​ក្រសួង​ធន​ធាន​ទឹក​ បច្ចុប្បន្ន​កម្ពស់​ទឹក​ឡើង​ដល់​៥,៣០​ម៉ែត្រ ​ខណៈក្នុង​កម្រិត​៥,៤០​ម៉ែត្រ​ ជាចំណុច​ប្រកាស​អាសន្ន​។ ហើយ​បើ​ឈាន​ដល់​កម្ពស់​៦,០០​ម៉ែត្រ ​ទឹក​នឹង​ហូរ​លើស្ពាន-ថ្នល់ ​ខណៈ​សន្ទុះ​ទឹក​នៅតែ​បន្ត​ឡើង​បន្ថែម​។

ទាក់ទង​នឹង​បញ្ហា​ទឹក​ជំនន់​នៅ​ខេត្តព្រះ​សីហនុ​នេះ ​លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលា​ខេត្ត​បានបញ្ជាក់ថា ស្ថានភាព​ជន់​លិច​ក្រុង​ព្រះសីហនុ​បាន​ចាប់​ផ្តើម​បន្តិច​វិញ​ហើយ​ ប៉ុន្តែ​នៅ​ស្រុក​ព្រៃនប់​ទឹក​នៅបន្ត​ជន់​លិច​ដដែល គឺ​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ចាប់​ពី​ឃុំ​វាលរេញទៅ​ស្ពាន​កំពង់​ស្មាន់ ដែល​ត្រូវ​ផ្អាក​ចរារណ៍​បណ្តោះ​អាសន្ន។

ចំណែក​ទំហំខូចខាតវិញ​ អាជ្ញាធរនៅមិនទាន់​អាច​គណនាបាននៅឡើយ ប៉ុន្តែគិត​មក​ដល់​​ល្ងាច​ថ្ងៃ​សៅរ៍គឺមានមនុស្សចំនួន៣នាក់​ស្លាប់​នៅខេត្តព្រះសីហនុ ដោយសារតែ​ខ្យល់​បោកបក់​រលំផ្ទះសង្កត់លើ នៅគ្រា​ដែ​ល​ក្មេង​ស្រី​ម្នាក់​លិចទូក​ស្លាប់​នៅខេត្ត​រតនៈគិរី។

ក្រសួង​ធនធាន​ទឹក​បាន​ជូន​ដំណឹង​នៅថ្ងៃនេះ​ដែរ​ថា ទឹក​ទន្លេមេ​គង្គ​ចាប់​ផ្តើម​ឡើង​បន្តិច ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ច្រើន​បង្គួរ​ទៅ​ខ្លាំង ពិសេសនៅ​ខេត្តប៉ាក់​សេ​ប្រទេស​ឡាវ ​ខុងជាម​ប្រទេស​ថៃ បណ្តាល​ឲ្យទឹក​ទន្លេ​ស្រែពក និង​ទន្លេសេសាន​ហក់​ឡើង ​គួបផ្សំនឹង​ការ​បើក​ទ្វារ​ទឹក​នៅវារី​អគ្គិសនី​សេសាន​ក្រោម​២ផង​នោះ។​ ក្រសួង​បាន​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋ​ដែល​រស់​នៅតាម​ដង​ទន្លេមេគង្គ​តំបន់​ទំនាប​នានា គិតគូរ​ប្រមូល​កសិផល​ឲ្យបាន​ទាន់ពេល និង​យក​ចិត្តទុក​ដាក់​ដើម្បី​ជៀស​វាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ