rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​៣០​នាក់​ត្រូវ​បាន​ឃុំ​ខ្លូន​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​

media
សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ក្នុងពេលប្រជុំរបស់បក្សកាលពីពេលកន្លងទៅ (រូបភាពតំណាងប៉ុណ្ណោះ) @Kem Sokha

សមត្ថកិច្ច​ស្រុក​បាធាយ ក្នុង​ខេត្តកំពង់ចាម នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចាប់​ខ្លួន លោកដុង សុវណ្ណរិទ្ធិ ប្រធាន​យុវជន​អតីត​គណបក្ស​សង្រ្គោះជាតិ ដល់​គេហដ្ឋាន ដោយ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ។ ដោយ​ឡែក​ចំពោះ​តុល្យការ​ចុងក្រោយ គឺ​មាន​សកម្មជន និង​អ្នក​គាំទ្រ​អតីត​គណបក្សសង្គ្រោះជាតិ​៣០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់ ក្នុង​សំណុំ​រឿង​«រួម​គំនិត​ក្បត់ »ខណៈ​ពួកគេ​ប្រកាស​គាំទ្រ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ ចំណែក​សកម្មជន​១៦១​នាក់​ទៀត​ត្រូវ​បាន​តុលាការចេញ​ដីកា​កោះហៅ​និង​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ពី​បទ​ប៉ុនប៉ង​ផ្ដួលរ​លំរដ្ឋាភិបាល។ 


លោក ឃិន ជំរឿន ប្រធាន​យុវជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​ថា ក្រៅ​តែ​ពី​សកម្មជន​៣០​នាក់​កំពុង​ជាប់​ឃុំ និង​១៦១​នាក់កំពុង​រង​បណ្ដឹង​ពី​តុលាការ នៅ​មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​១២​នាក់​ផ្សេង​ទៀតបាន​រង​អំពើ​ហិង្សា​ដោយ​ប្រយោល​និង​ចំពោះ​មុខ។ ជាក់​ស្ដែង​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា អតីត​ប្រធាន​ក្រុម​អង្គរក្ស ​លោក សម រង្ស៊ី ត្រូវ​បាន​ជន​ មិន​ស្គាល់​អត្ត​សញ្ញាណ​ពីរ​នាក់​លួច​វាយ​ពី​ក្រោយ បណ្តាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម ខណៈអតីត​ចៅ​សង្កាត់កោះដាច់ ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិក៏ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​ពី​ក្រោយបណ្ដា​ឲ្យ​បាក់​ឆ្អឹង​ដៃ​ឆ្វេង​បី​កំណាត់។

ដោយឡែក​ចំពោះ សកម្មជន​ទាំង​៣០នាក់ ត្រូវ​បាន​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៤រួមមាន៖ ឧត្តរមានជ័យ រតនគិរី ស្វាយរៀង កំពង់ចាម កាល​ពី​ពេល​ថ្មីៗ​នេះ ចេញ​ដីកា​ចោទ​ប្រកាន់ នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​ពី​បទ “រួម​គំនិត​ក្បត់” តាម​មាត្រា ៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​បន្ទាប់ពី​ធ្វើ​សកម្មភាព ប្រមូលផ្តុំ ឃោសនាគាំទ្រ លោក សម រង្ស៊ី ចំពោះ​ផែនការ​វិល​ត្រឡប់​មក​កម្ពុជាវិញ។ ប៉ុន្តែ​យ៉ាងណា​ក៏​សកម្មជន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​គឺ លោក ម៉ោញ សារ៉ាត់ ប្រធាន​ក្រុម​ការងារ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧត្តរមានជ័យ​បាន​ភៀស​ខ្លួន​ទៅប្រទេស​ថៃ​ហើយ។

ទោះ​ប្រឈម​នឹង​ការ​ចាប់​ឃុំ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​តែ​សង្កេត​ឃើញ​ថា សកម្មជន​និង​អ្នក​គាំទ្រអតីត​គណបក្ស​សង្គ្រោះជាតិ នៅ​តែ​គាំទ្រ​គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩​ខែវិច្ឆិកា​ដដែល។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​និង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បានព្រមាន ​ថាបុគ្គល​ទាំង​ឡាយ​ណា ដែល​មាន​ចេតនា​គាំទ្រ អតីត​មេបក្ស​ប្រឆាំង ត្រូវ​បញ្ឈប់សកម្មភាព​ជា​បន្ទាន់ បើ​មិន​ចង់​ឲ្យ​មាន​ការ​ចាប់​ខ្លួន ជា​បន្ត​បន្ទាប់៕