បណ្តាញសហគមន៍ព្រៃឡង់ទទួលរង្វាន់ការពារព្រៃឈើពីសាកលវិទ្យាល័យយែលសហរដ្ឋអាមេរិក
នៅថ្ងៃទី២៩ ខែមករា នេះបណ្តាញសហគមន៍ព្រៃឡង់ (PLCN) បានទទួលពានរង្វាន់ កិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិច ឆ្នាំ២០១៧ និងទឹកប្រាក់៣០០០ដុល្លារអាមេរិក ពីសាកលវិទ្យាល័យយែល (Yale) សហរដ្ឋអាមេរិក។ ជាពានរង្វាន់ដែលទទួលបានក្រោយពីតំណាងសហគមន៍ លោកផៃ ប៊ុនលាង បានចូលរួមធ្វើបទបង្ហាញពីការងារ និងសមិទ្ធផលនៃកិច្ចការពារព្រៃឈើនាពេលកន្លងមក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣១
បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានផ្តល់ពានរង្វាន់នេះ តាមរយៈការបោះឆ្នោតរបស់អ្នកចូលរួមនៅក្នុងសន្និសីទ ស្តីពី កិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិច បន្ទាប់ពីលោក ផៃ ប៊ុនលាង តំណាងបណ្តាញសហគមន៍ទាំង៤ ខេត្ត បានចូលរួមធ្វើបទបង្ហាញពី ការងារ និងសមិទ្ធផល នៃកិច្ចការពារព្រៃឈើ នាពេលកន្លងមករបស់បណ្តាញសហគមន៍។ នេះបើតាមទំព័រហ្វេសប៊ុករបស់បណ្តាញសហគមន៍ព្រៃឡង់នៅថ្ងៃទី២៩ ខែមករា។
លោកផៃ ប៊ុនលាង បានឆ្លើយសំនួរមួយរបស់អ្នកចូលរួមក្នុងពេលលោកទទួលរង្វាន់នោះថា លោកបានធ្វើកិច្ចការពារព្រៃឈើនេះរយៈពេល១៦ឆ្នាំមកហើយ ហើយលោកត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ ព្រោះក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងនោះតែងមានអាវុធ ហើយដើម្បីបង្រ្កាបគឺលោកត្រូវលបចូលទៅយកអាវុធមុន ទើបឃាត់ខ្លួនមនុស្សដែលកំពុងប្រព្រឹត្តបទល្មើស។
លោកផៃ ប៊ុនលាងបានឲ្យដឹងក្នុងវេទិកានោះថា សកម្មភាពរបស់បណ្តាញសហគមន៍ព្រៃឡង់គឺធ្វើការងារដោយស្ម័គ្រចិត្ត និងមិនមានកញ្ចប់ថវិកាស្ថិតថេរទេ ហើយថវិកា៧០ភាគរយគឺបានមកពីសមាជិកដែលជាអ្នកស្រឡាញ់ព្រៃឈើ។
ចំណែកលោកហឿន សុភាព ជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំបានថ្លែងថាពានរង្វាន់នេះមានសារៈសំខាន់សម្រាប់បណ្តាញព្រៃឡង់ ព្រោះធ្វើឲ្យបណ្តាញសហគន៍ព្រៃឡង់កាន់តែមានទឹកចិត្តបន្តសកម្មភាពការងាររបស់ខ្លួនតទៅទៀត។
សូមបញ្ជាក់ថា នេះ គឺជាពានរង្វាន់លើកទី៣ ហើយសម្រាប់បណ្តាញសហគមន៍ព្រៃឡង់ ក្រោយពីទទួលបានពានរង្វាន់ មូលនិធិអាឡិចស៊ែនឌ័រស័រោះ (Alexander Soros Foundation) ២០១៣ និងអេក្វទ័រប្រាយរបស់អង្គការ UNDP (UNDP Equator Initiative Prize) កាលពីឆ្នាំ២០១៥៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ