rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គណៈ​កម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ច្រាន​ចោល​ការ​ស្នើ​របស់​ក្រុម​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ជុំ​វិញ​សំណុំ​រឿង​បញ្ចេញ​មតិ​

media
ក្រុមអ្នកជំនាញ អ.ស.ប អំពាវនាវឲ្យកម្ពុជាដោះលែងយុវជន គង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ និងបញ្ឈប់ការបង្ក្រាបលើសង្គមស៊ីវិល @UNHR

អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា ​សំដែង​ការ​សោក​ស្តាយ​ បន្ទាប់ពី​ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​យុវជន​ពីរ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ជុំវិញ​ការ​ចូល​រួម​រំលឹក​ខួប​៣ឆ្នាំ នៃ​ឃាតកម្ម​លើ​លោក ​បណ្ឌិត ​កែម ឡី។ បើ​តាម​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ការ​ចាប់​ខ្លួន​យុវជន​ទាំង​ពីរ​នាក់​នោះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់ ​និង​ទប់​ស្កាត់​កុំ​មាន​ចលាចល​ក្នុង​សង្គម ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ចាត់​ទុក​សកម្មភាព​របស់​យុវ​ជន​ទាំង​ពីរ​នេះ​ថា​ជា​ការ​សំ​ដែង​មតិ​ដោយ​សន្តិវិធី​។​


ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចំនួន​ពីរ​ទំព័រ​របស់​អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​នេះ ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​៣​ទំព័រ​នៅ​ថ្ងៃ​ទី ២៦ កក្កដា​។​ ជា​សេចក្តី​ថ្លែង​ការណ៍ ដែល​ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិ​បាន​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​នៅ​កម្ពុជា បន្ទាប់​ពី​​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើ​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ កាលពីអំឡុង​រំឭក​ខួប​៣​ឆ្នាំ​នៃ​ឃាត​កម្ម លោក កែម ឡី។ ក្រុម​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​យុវជន​ទាំង​ពីរ និង​បាន​ចាត់​ទុក​ថា អាជ្ញាធរ​កម្ពុជា​កំពុង​កំណត់​គោល​ដៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។

ក៏ប៉ុន្តែ​​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ឆ្លើយតប​វិញ អ្នកនាំពាក្យគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានអះ​អាងថា ការចាប់​ខ្លួនយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ គឺជាការអនុវត្តច្បាប់ និង​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម។ បច្ចុប្បន្ន យុវជន​ទាំង​ពីរ​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» និង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​របស់​តុលាការ​ដើម្បី​រង​ចាំ​ការ​កាត់​ទោស​។

យ៉ាងណាក៏ដោយ ក្រៅ​ពីករណី​យុវជន​ទាំង​ពីរ​នាក់នេះ ក្រុម​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព​និង​មិន​លំអៀងលើ​ឃាត​កម្ម​លោក​បណ្ឌិត កែម ឡី ដោយ​មាន​ការ​ចូល​រួម​គាំទ្រ​ពី​ភាគី​អន្តរជាតិ​ផង​ដែរ​។ ចំណុចនេះ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា តុលា​ការ​បាន​បិទ​បញ្ចប់​សំណុំ​រឿង​ទី១​ ហើយ​សំណុំ​រឿង​មួយ​ទៀត​កំពុង​អនុវត្ត​កិច្ច​ការ​របស់​ខ្លួន គឺ​មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើត​ស្ថាប័ន​ឯក​រាជ្យ​អ្វី​ឡើយ​។

ចំពោះ​ករណី អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង លោក យាង សុទ្ធារិន ដែល​ក្រុម​អ្នក​ជំនាញអន្តរជាតិ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ការពារ​សុវត្ថិ​​ភាព​ចំពោះ​ការ​អនុ​វត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​នោះ ត្រូវបាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ច្រាន​ចោល​ផង​ដែរ​៕