rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សម រង្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ទស្សនៈសារព័ត៌មានអន្តរជាតិស្តីពីដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី

media
RFI Paris Live RFI

គម្រោង​មាតុភូមិ​និវត្តិន៍​របស់​លោក​សម រង្ស៊ី មិន​រំលង​ភ្នែក​អ្នក​សារព័ត៌មាន​អន្តរជាតិទេ។ តាំង​ពីថ្ងៃ​ប៉ុន្មានមក​នេះ សារព័ត៌មានបរទេស ​បារាំង ​អង់គ្លេស អាមេរិក​ ថៃ ... បាន​នាំ​គ្នា​ចុះ​ផ្សាយ​និង​បង្ហាញ​ទស្សនៈ​ ជុំ​វិញ​គម្រោង​វិល​ចូល​កម្ពុជា​របស់​លោក​សមរង្ស៊ី។ តើ​កាសែត​បរទេស ចាប់​អារម្មណ៍​អំពី​ដំណើរ​វិល​ត្រលប់​របស់​លោក​សម រង្ស៊ី​យ៉ាង​ណា ?


​​បណ្តាញ​ឃោសនា​ព័ត៌មាន​ វិទ្យុ​ទូរទស្សន៍​បារាំងខ្លះ បាន​ទាក់ទង​យក​សំឡេង និង​ជួប​សម្ភាសន៍​លោក​សមរង្ស៊ី ​ជា​បន្ត​បន្ទាប់ នៅ​មុន​ពេល​លោក​ចេញ​ដំណើរ​ និង​តាំង​ពី​​មុន​ទទួល​ដំណឹង​ថា​លោក​សមរង្ស៊ី​មិន​អាច​ឡើង​យន្តហោះ​ ចាក​ចេញ​ពី​ក្រុង​ប៉ារីសបាន​ម្ល៉េះ។

​​កាសែត​ Libération បារាំង ដែល​មាន​និន្នាការ​ឆ្វេង​និយម បាន​ដាក់​ចំណង​ជើង​ធំៗ​​នៅ​ទំព័រ​កាសែត​របស់​ខ្លួន​ថា “​កម្ពុជា ៖ ហានិភ័យ​ដ៏​ខ្ពស់​នៃ​ការ​វិល​ត្រលប់របស់​មេដឹកនាំប្រឆាំង” ជា​មួយ​នឹង​ការ​រំលេច​​ដោយ​រូប​ថតលោក​សម រង្ស៊ី ថ្លែង​នៅ​ចំពោះ​មុខ​សភា​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី ៤ វិច្ឆិកា​ផង។ ​កាសែត​លីបេរ៉ាស្យុង​នេះ បាន​រៀប​រាប់​លម្អិត​ថា ប្រមុខ​ដឹកនាំ​ ​ប្រឆាំង​សមរង្ស៊ី ដែល​និរទេស​ខ្លួន​​តាំង​ពី​ឆ្នាំ​២០១៥​មក និង​ជា​សហស្ថាបនិក​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ត្រលប់​ចូល​ស្រុក​វិញ ក្រុម​កាន់​អំណាច​ប្រមូល​កម្លាំង​ទ័ព​ដើម្បី​ចាប់​ខ្លួន​គាត់។

​រដ្ឋាភិបាល​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​ប្រឆាំង​ជា​ច្រើនសិប​នាក់​រួច​ហើយ។ នេះ​ជា​ការពិត​ជាក់ស្តែង ហើយខ្ញុំ​ក៏​អាច​នឹង​ត្រូវ​គេ​ចាប់ខ្លួន” នេះ​ជា​សម្រង់​ប្រសាសន៍​លោកសម រង្ស៊ី ក្នុង​​​កាសែតលីបេរ៉ាស្យុង​ដដែល ដោយ​អះអាង​បន្ថែម​ទៀត​ថា “​លោក​មាន​ទម្លាប់​រង​ការគំរាម​ បាញ់​ប្រហារ​ហើយ ! តាំង​ពី​លោក​បង្កើត​គណបក្ស​ រយៈ​ពេល​២០​ឆ្នាំ​មក​ មាន​សកម្មជន​លោក​ប៨០​នាក់​បាន​បាត់​បង់​ជីវិត​ ហើយ​លោក​ក៏​វិះ​តែ​នឹង​ស្លាប់​ញយ​ដង​ដែរ”។ “ដល់​វេលា​ដែល​ត្រូវ​ធ្វើ​ឱ្យ​មាន​ការ​ប្តូរផ្លាស់​ នាំ​កម្ពុជា​ឱ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ប្រជាពលរដ្ឋ​ត្រូវ​រួបរួម​គ្នា​ផ្តួល​របប​ហ៊ុន​សែន ទាហាន​កុំ​ស្តាប់​បញ្ជា និង​បាញ់​លើ​ប្រជាជន​ស្លូតត្រង់” ! នេះ​សុទ្ធ​សឹង​ជា​សម្រង់​ពាក្យសំដី​របស់​លោក​ សមរង្ស៊ី ​ដែល​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ លីបេរ៉ាស្យុង។

សម រង្ស៊ី អំពាវនាវ​ឱ្យ​មាន​ការ​ងើប​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ ! ចុះ​តើ​លោក​ហ៊ាន​ទៅ​ទេ ?! នេះ​ជា​សំណួរ​របស់​កាសែត​ឡឺម៉ុង ដោយ​ដាក់​ចំណង​ជើង​អត្ថបទ​របស់​ខ្លួន​ថា កម្ពុជា​កំពុង​អ៊ុតស្ថានការណ៍​ !​ បើ​តាម​កាសែត​ឯករាជ្យ​ឡឺម៉ុង មិន​មែន​មាន​តែ​ពលរដ្ឋ​ទេ សូម្បី​តែប្រមុខ​​​រដ្ឋាភិបាល​​​ផ្ទាល់​ ក៏​កំពុងអន្ទះសា​ ចាំ​ថ្ងៃទី​៩​វិច្ឆិកា។ កាសែត​នេះ​បាន​ចុះ​ផ្សាយ​ទៀត​ថា បើ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​មក​ពី​ខាង​រដ្ឋាភិបាល អ្នក​កាន់​អំណាចបាន​ប្រើគ្រប់​វិធានការ​ទប់​ស្កាត់​​ការ​វិ​ល​ត្រលប់របស់​លោក សមរង្ស៊ី និង​ខ្លាច​មាន​ហេតុការណ៍​រាលដាល​ទៅ​ធំ​ ក្លាយ​ជា​​បាតុកម្ម​ហិង្សា។ ប៉ុន្តែ​ថ្វី​បើ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក លោក​សម រង្ស៊ី បាន​អះអាង​ ត្រៀម​បូជា​សេរីភាព និង​ជីវិតផង​ ក៏​ដោយ ក៏កាសែត​ឡឺម៉ុង យល់​ថា​លោក​សម រង្ស៊ី​ ជា​មនុស្ស​ប្រយ័ត្ន​ប្រយែង​ “មិន​​ឱ្យ​គេ​ចាប់​ដោយ​ត្រង់ៗ​នៅ​ព្រលាន​យន្តហោះ​ឡើយ”។ ​សម្រង់សំដី​នេះ​ ជា​អ្វី​ដែល​កាសែត​ឡឺម៉ុង​បាន​ទទួល​ដោយ​ផ្ទាល់​ពីលោក​សម រង្ស៊ី ​តាម​​សារ​អ៊ីមែល​ថ្ងៃទី ២២​តុលា។

TV5MONDE វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​បារាំង ក៏​បាន​ជួបសម្ភាសន៍​ និង​ចេញ​​ផ្សាយ អំពី​គម្រោង​​វិលត្រលប់​របស់​លោក​សមរង្ស៊ីដែរ។ RFI ជា​ភាសាបារាំង​ដាក់​ចំណង​ជើងថា “មេដឹកនាំ​ប្រឆាំង​សមរង្ស៊ី​ចង់​ទម្លាយ​ស្ថានភាព​នៅ​កម្ពុជា។ ចំណែក​TV5Monde វិញ ដែល​បាន​ជួប​សម្ភាសន៍​ជាមួយ​សមរង្ស៊ី ម្សិលមិញ ​បានចោទ​ជា​សំណួរ​ថា តើការ​វិលត្រលប់​របស់​លោក​សមរង្ស៊ី ជា​ដំណើរ​ដែល​មិន​អាច​ធ្វើ​ទៅកើត​ឬ ?!

ក្រៅ​អំពីកាសែត​បារាំង នៅ​មាន​កាសែត​បរទេស​ផ្សេង​ទៀត ក៏​​មាន​បញ្ចេញ​ទស្សនៈជុំ​វិញ​ការ​វិល​ត្រលប់​របស់​លោក សម​ រង្ស៊ី ដែរ។ គ្មាន​ជម្រើស​​៖ សម​រង្ស៊ី​ដាច់​ខាត​ត្រលប់​ចូល​ប្រទេស ! នេះ​ជា​ចំណង​ជើង​របស់​Aljazeera។ កាសែតអង់គ្លេស The Guardian បាន​ដាក់​ចំណង​ជើង​ធំៗ​ថា ការ​បង្ក្រាបនៅ​កម្ពុជាប្រឆាំង​ការវិល​ត្រលប់​របស់​មេប្រឆាំង​ ។ ចំណែក​កាសែត​Bangkok Post បានប្រកាស​នៅ​ចំណង​ជើង​អត្ថបទ​ចេញផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ​ថា ប្រាយុទ្ធ​រារាំង​សមរង្ស៊ី៕