អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គេងថ្ងៃ​ល្អ​សម្រាប់​បេះដូង តែអាច​ជា​អាការៈរោគ​នៃ​ជំងឺ​វង្វេងវង្វាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

គេង​ថ្ងៃ ម្តង​ទៅ​ពីរ​ដង​ ក្នុង​មួយ​សប្តាហ៍ ឬ​គេង​ក្នុង​រយៈ​ពេល​ខ្លី ផ្តល់​ផល​ដ៏​ប្រពៃ​ដល់​សុខភាព​បេះ​ដូង។ ប៉ុន្តែ​បើ​សម្រាក​ថ្ងៃ​ ញយ និង​យូរ វាអាច​ជា​សញ្ញា​ដាស់​អាសន្ន​ថា​មាន​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃម៉ែរ ទៅ​វិញ។ តើ​អ្នក​វិទ្យាសាស្ត្រ​ពន្យល់​ អំពីគុណប្រយោជន៍​និង​គុណវិបត្តិ​នៃរយៈ​ពេល​គេង​​ថ្ងៃ​នេះយ៉ាង​ដូចម្តេច ​?

គេង​ថ្ងៃ ២០នាទី បង្កើន​សមត្ថភាពផ្ចង់​អារម្មណ៍បាន​៣៤% និង​សមត្ថភាព​ផលិតកម្ម​បាន​២៥%  និង​ជួយ​បេះដូង
គេង​ថ្ងៃ ២០នាទី បង្កើន​សមត្ថភាពផ្ចង់​អារម្មណ៍បាន​៣៤% និង​សមត្ថភាព​ផលិតកម្ម​បាន​២៥% និង​ជួយ​បេះដូង Fersurfer/IstockPhoto
ផ្សាយពាណិជ្ជកម្ម

មិន​ដឹង​ជាការ​ចៃដន្យ​យ៉ាង​ណា ?! ស្ទើរ​ក្នុងពេល​​តែ​មួយ អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ពីរក្រុម បាន​ចេញ​ផ្សាយ​លទ្ធផល​សិក្សា​របស់​ខ្លួន​ ស្តី​អំពី​ប្រធានបទ​តែ​មួយ ទាក់​ទង​នឹង​ការ​សម្រាកដំណេក​ថ្ងៃ។ ខាង​ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ស្វីស លើ​អំពី​ផលល្អ​នៃ​ដំណេក​ថ្ងៃ ចំពោះ​បេះ​ដូង ឯ​ចំណែក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​លើក​ឡើង​អំពី​សញ្ញា​អាសន្ន​នៃ​ការ​សម្រាក​ថ្ងៃ​ ថាជា​​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់។ តើ​គួរ​ជឿ​ខាង​ណា ?

ចាស​ ! គ្មាន​អ្វី​ត្រូវ​ជ្រើសរើស និង​គិត​ថា​ខាង​ណា​ល្អ​ជាង​ខាង​ណា​ឡើយ ! តាមការ​ពិត​ លទ្ធផល​នៃ​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​ទាំង​ពីរ​ក្រុមនេះ​ បាន​បង្ហាញ​ដូច​គ្នា​ថា ការ​គេង​ថ្ងៃ សុទ្ធ​តែ​ផ្តល់​គុណ​ប្រយោជន៍​ដល់​សុខភាព​ដូច​គ្នា បើ​​រយៈ​ពេលសម្រាក​នោះ​​ខ្លី​ តែ​បើ​គេង​ច្រើន​ជ្រុលវា​នឹងក្លាយ​ជា​រឿង​អាក្រក់​ទៅ​វិញ។

គេង​ថ្ងៃ​ ជា​ថ្នាំ​​ការពារ​កុំ​ឱ្យ​មាន​ជំងឺ​បេះ​ដូង !

អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​បាន​លាត​ត្រដាង​អំពីគុណប្រយោជន៍​នៃ​ការ​គេង​ថ្ងៃ ថា​ល្អ​និង​មាន​ប្រយោជន៍​សម្រាប់​អ្នក​មាន​ជំងឺ​លើសឈាម ព្រោះ​គេង​ថ្ងៃអាច​បញ្ចុះ​សម្ពាធ​សរសៃ​ឈាម​បាន។ ប៉ុន្តែ​ដើម្បី​ឱ្យ​ការ​គេង​ថ្ងៃ មាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ដើរ​តួ​​ជា​​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺសរសៃ​ឈាម​​បេះ​ដូង​ទាំងឡាយបាន​ អ្នកស្រាវជ្រាវ​ស្វីស ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​និង​ដំណេក​នៅ​សាកលវិទ្យាល័យ​ក្រុង​ឡូសាន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​ត្រូវ​គេង​ថ្ងៃ​ច្រើន ដង និង​ឱ្យ​លើស​ពី ២០នាទី​ទេ !

នៅ​ក្នុង​​សិក្សាតាមដាន​អស់​រយៈ​ពេល​៨​ឆ្នាំ ដោយគិត​ទាំង​​អំពី​របៀប និង​បរិមាណនៃ​ការ​​គេង​ថ្ងៃ រយៈ​ពេល​និង​គុណភាព​ដំណេកនៅ​ពេលយប់​ ព្រមទាំង​លក្ខខណ្ឌ​ជីវិត​ផ្សេងៗទៀត ​លើ​មនុស្ស​ពេញ​វ័យ​អាយុ​៣៥-៧៥​ឆ្នាំ ដែលគ្មាន​ប្រវត្តិ​កើត​ជំងឺ​ពាក់ព័ន្ធ​នឹង​បេះដូង (បាន​ឆ្លង​កាត់​ការ​ធ្វើ​វិភាគ​សុខភាពជាមុន) អ្នក​ស្រាវជ្រាវ​អាច​ធ្វើ​​សេចក្តី​សន្និដ្ឋានបាន​ថា ​ហានិភ័យ​ជួប​គ្រោះ​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង របស់​អ្នក​ដែល​និយម​គេង​ថ្ងៃ មាន​កំរិត​ទាប​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​បំផុត បើប្រៀប​ធៀប​ទៅនឹង​មនុស្សទូទៅ។

ហេតុផល​ទី​មួយ ដែល​នាំ​ឱ្យ​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង មា​ន​កំរិត​ទាបខ្លាំង​​សម្រាប់​អ្នក​គេង​ថ្ងៃ ទំនង​ជា​មាន​ពាក់​ព័ន្ធ​នឹង​ស្ត្រេស។ ស្ត្រេស​ជា​សត្រូវ​របស់​បេះដូង ស្ត្រេស​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​​វិបត្តិ​សរសៃ​ឈាម​បេះ​ដូង​ធ្លាក់​ធ្ងន់ធ្ងរ តែ​​គេង​ថ្ងៃ​ ដោយ​ទៀង​ទាត់ ជា​ការ​បញ្ចេញស្ត្រេស​ ដែល​គតៗ​គ្នាឱ្យ​ចេញ​ពី​ខ្លួន ពី​​អារម្មណ៍​។ ដូច្នេះ​បើ​គេ​កាត់​បន្ថយ​ស្ត្រេស​បាន ​​សុខភាព​បេះដូង​ក៏​បាន​ប្រសើរ​ទៅ​តាម​នោះ​ដែរ​។ មូលហេតុ​មួយ​ទៀត​ គឺ​គេង​ថ្ងៃ​ជាការ​​បំពេញកង្វះ​ដំណេក​​ កាលពី​ពេល​យប់។ គេង​មិន​គ្រប់ ​ជា​កត្តា​សម្រួល​ឱ្យ​ងាយ​មាន​ជំងឺ​បេះ​ដូង តែកត្តា​ហានិភ័យ​មួយ​នេះ​ត្រូវ​បាន​លុប​ចេញ​ទៅ​វិញ​ ប្រសិន​​បើយើង​​បាន​សម្រាក​ថ្ងៃ​។ ​

ប៉ុន្តែ​ការ​សិក្សា​បាន​បង្ហាញ​អំពី​ករណី​លើក​លែង​មួយ ! មនុស្ស​ចាស់​ អាយុ​ចាប់​​ពី​៦៥​ឆ្នាំឡើង​ទៅ ពុំ​បាន​ទាញ​ប្រយោជន៍​អំពី​ការ​គេង​ថ្ងៃ​ទេ។ ហេតុអ្វី​បាន​ជា​ដូច្នេះ ? គឺ​មក​ពី​ពួក​គាត់ សម្រាក​ថ្ងៃ​យូរ​ពេក ! យោង​តាម​លទ្ធផល​នៃ​ការ​សិក្សាស្វីសនេះដដែល អ្នក​ចូល​ចិត្ត​គេង​ថ្ងៃ ម្តងម្កាល (តិច​ជាង​មួយ​ម៉ោង) មាន​គ្រោះ​ជួប​វិបត្តិ​បេះដូង (គាំងបេះដូង) គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល (AVC) ឬ​ខ្សោយ​បេះ​ដូង​ ទាប​ជាង​អ្នក​មិន​ដែល​គេង​ថ្ងៃ​សោះ ចំនួន​ពីរ​ដង។ ផ្ទុយទៅ​វិញ អ្នក​គេង​ថ្ងៃច្រើន ពី បី​ទៅ​៧​ដង​ក្នុង​សប្តាហ៍​ ​គេ​ពុំ​ឃើញ​មាន​ឥទ្ធិពល​ល្អ​នៃ​ការ​គេង​ថ្ងៃ ចំពោះ​បេះ​ដូងទេ។ ដូច្នេះ​ សូមកុំ​ភ្លេច ដាក់​នាឡិកា​រោទ៍ គេង​ថ្ងៃ កុំ​ឱ្យ​យូរពេក និងឱ្យ​ទៀង​ទាត់ ចំនួនម្តង​ទៅ​​​ពីរ​ដង​ក្នុង​សប្តាហ៍​បាន​​ហើយ។

គេងថ្ងៃ​ច្រើន ជា​សញ្ញា​​នៃ​ជំងឺ​វង្វេង​វង្វាន់

ថ្វី​បើគិត​តាមបែប​​សរីរវិទ្យា ការ​គេង​ថ្ងៃ គ្មាន​ចំណង​ទាក់ទង​ច្បាស់​លាស់​នឹង​ជំងឺ​​បេះដូងមែន ប៉ុន្តែ​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​​​ស្វីសនេះ​ ជា​វិភាគ​ទាន​​ដ៏​សំខាន់​មួយ សម្រាប់​​ការសិក្សា​បច្ចុប្បន្ន​ស្តី​​អំពី​ផលវិបាក​សុខភាព​នៃ​ការ​គេង​ថ្ងៃ និង​ជាការរំលើក​ឱ្យ​ឃើញ​ថា ឥទ្ធិពលនៃ​ការ​គេង​ថ្ងៃ មានពាក់ព័ន្ធ​ខ្លាំង​នឹង​ ​​ចង្វាក់ (ចំនួន ​)នៃ​ការ​គេង​ថ្ងៃ និង​ ​​រយៈ​ពេលគេង​។

យ៉ាងណា​មិញ ការ​គេង​ថ្ងៃ ច្រើន និង​ញយ មិន​មែន​ជា​សញ្ញា​ល្អ​ទេ ! ថ្វី​បើ​នៅក្នុង​ការ​សិក្សា​មុនៗ សហគមន៍​អ្នក​វិទ្យាសាស្ត្រ​បាន​ចាត់​ទុក​ការ​គេង​ថ្ងៃ​ ជា​បំពេញ​ភាព​ខ្វះ​​ខាត នៃ​ការគេង​មិន​គ្រប់គ្រាន់​នៅ​ពេល​​​យប់​មែន​ ប៉ុន្តែ​បើ​គេង​ថ្ងៃ​ច្រើន​ជ្រុល និង​ញយ​ពេក វា​គឺ​សញ្ញា​ប្រាប់​ថាឱ្យ​ដឹង​មុន​ថា ​​ជំងឺ​វង្វេងវង្វាន់​ កំពុង​តាម​បៀតបៀន​ហើយ។ បើ​តាម​ការ​សិក្សា​ថ្មី​​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ សាន់ហ្វ្រាន់ស៊ីស្កូ។

ច្របូក​ច្របល់​ ភ្លេចភ្លាំង បាត់​ការ​ចងចាំ មិនមែន​ជា​អាការៈ​សញ្ញា​តែ​មួយ​​ ឬ​តែ​ម្យ៉ាង​នៃ​ជំងឺ​វង្វេង​វង្វាន់​ឡើយ។ គេង​ថ្ងៃ​ច្រើន​និង​ញយ​ ក៏ជា​រោគ​សញ្ញា​មុន​ដំបូង​គេ​មួយ​​នៃ​ជំងឺ​វង្វេងវង្វាន់ មុន​រោគសញ្ញា​ភ្លេចភ្លាំង​ទៅ​ទៀត។ ចំណង​ទាក់ទង​រវាង​ការ​គេង​ថ្ងៃ​ និង​ជំងឺ​អាល់ហ្សៃម៉ែរ មាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​បែប​ជីវវិទ្យា។

បើ​តាម​អ្ន​កស្រាវជ្រាវ​អាមេរិក​ ដែល​ជា​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ ផ្នែក​ប្រសាទសាស្ត្រ នៅ​មជ្ឈមណ្ឌល​​ចង​ចាំនិង​ចាស់​ជរា ​ គ្រាន់​តែ​ចាប់​មាន​​ជំងឺវង្វេង​វង្វាន់ ដំណាក់កាល​​ដំបូង​ភ្លាម ​ប្រព័ន្ធប្រសាទដែល​ជា​អ្នក​ចាត់​ចែង​បញ្ជា​មនុស្ស​ឱ្យនៅ​មាន​សកម្មភាព​នៅ​ពេល​ថ្ងៃ រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំងនិង​ដោយ​ផ្ទាល់​តែ​ម្តង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជំងឺចេះ​តែ​​មាន​អារម្មណ៍​ងងោកងងុយ​​ ចង់​តែ​គេង​នៅពេល​ថ្ងៃ បើ​ទោះ​បី​ជា​ពេល​យប់​អ្នក​ជំងឺ​គេង​លក់ យ៉ាង​គ្រប់គ្រាន់ និង​ត្រឹម​ត្រូវ​ក៏​ដោយ។

​អំណះអំណាង​នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា វាស់​វែង​ យ៉ាង​មធ្យ័ត អត្រា​ប្រូតេអ៊ីន​និងង​ចំនួន​កោសិកា​ប្រសាទ​ ​បី​កន្លែង ត្រង់​តំបន់ដែល​គ្រប់គ្រង​និង​ទ្រទ្រង់​សកម្មភាព​មនុស្ស​នៅ​ពេល​ថ្ងៃ ​​​នៃខួរ​ក្បាលសពរបស់​មនុស្ស​កើត​ជំងឺ​អាល់ហ្សៃម៉ែរ​​ ទៅ​ប្រៀបធៀប​នឹង​ខួរ​ក្បាល​មនុស្ស​ដែល​គ្មាន​ជំងឺ​វង្វេង​វង្វាន់។ ជា​លទ្ធផល​ ខួរក្បាល​អ្នក​មាន​ជំងឺ​អាល់ហ្សៃម៉ែរ មាន​អត្រា​ប្រូតេអ៊ីន​ខ្ពស់​ កើន​ផ្តុំ​គ្នា​ច្រើន ឯ​ចំណែក​ចំនួន​​កោសិកា​ប្រសាទ នៅ​ត្រង់​តំបន់​ដដែល​ទាំង​បី​នោះ​​វិញ​ បាន​ថយ​បាត់​បង់​អស់​ទៅ​៧៥%។

អ្វី​ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់​បំផុត គឺ​មិនមែន​តែ​ស្នូល​កណ្តាល​នៃ​កោសិកា​ខួរ​ក្បាល​មួយ​ទេដែល​រង​ការ​ខូច​ខាត​ តែគឺ​បណ្តាញ​​ប្រព័ន្ធកោសិកាខាង​​គ្រប់គ្រង​បញ្ជា​មនុស្ស​ឱ្យ​នៅ​រស់​រវើក​ មិន​ងងោកងងុយ​ទាំង​មូល​តែ​ម្តង​ដែល​រក​ការប៉ះពាល់។ បាន​ន័យ​ខួរក្បាល​គ្មាន​មធ្យោបាយ​អ្វី​ អាច​បង្គប់​ ឬ​មក​បំពេញ​ការ​បាត់បង់​ទេ ព្រោះ​គ្រប់​កោសិកា​ដែល​មាន​ពាក់ព័ន្ធ​នឹង​មុខ​ងារ​ត្រូវ​បាន​ត្រូវ​បាន​បំផ្លាញ​ក្នុង​ពេល​តែ​មួយ​ជា​មួយ​គ្នា​ទៅ​ហើយ។ ​

ថ្វី​បើ​គេ​ត្រូវ​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​អាច​យល់​បាន​កាន់​តែ​ច្បាស់​លាស់​​អំពី​ចំណង​ហេតុនិង​ផល ប៉ុន្តែ​សម្រាប់​ពេល​នេះ និង​សម្រាប់​អ្នកស្រាវជ្រាវ​អាមេរិកវា​ហាក់​ដូច​ជា​ច្បាស់​ណាស់​ដែល​ថា​ បណ្តាញ​ប្រព័ន្ធ​ប្រសាទ​ដែល​ទ្រទ្រង់​មនុស្ស​នៅ​រស់​រវើក​ ងាយរងគ្រោះ​ ​ដោយ​សារ​ជំងឺ​អាល់ហ្សៃម៉ែរណាស់​។ ចម្ងល់​​ដែល​ត្រូវ​ស្រាយ នៅ​ពេល​​ខាង​មុខ​ គឺ​តើហេតុ​អ្វី​បាន​ជា​បណ្តាញ​ខួរ​ក្បាល​ត្រង់​នេះងាយ​រក​គ្រោះ​នឹង​ជំងឺ​អាល់ហ្សៃម៉ែរ​ខ្លាំង​ម្ល៉េះ ?

គេង​ថ្ងៃ​មួួ​យភ្លែត បង្កើន​សមត្ថភាព​ការងារ​

​ជំងឺ​អាល់ហ្សៃម៉ែរ បាន​បំផ្លាញ​ខួរក្បាលដែល​ទ្រទ្រង់​មនុស្ស​ឱ្យ​នៅ​រស់​រវើក​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​ងងុយចង់​គេង​ពេល​ថ្ងៃ។ អាល់ហ្សៃម៉ែរ ធ្វើ​ឱ្យ​មនុស្ស​ចង់​តែ​គេង ប៉ុន្តែ​គ្រប់​ការ​គេង​ថ្ងៃ​មិនមែន​សុទ្ធ​តែ​សញ្ញា​រោគ​នៃ​ជំងឺ​វង្វេង​វង្វាន់​ទេ ! ការ​គេង​ថ្ងៃ​​ ដែល​ចាត់​ទុក​ថា​ជា​អាការៈ​សញ្ញា​នៃ​ជំងឺ​វង្វេង​វង្វាន់ គឺ​ជា​ការ​គេង​ថ្ងៃ ច្រើន​ហួសហេតុ ពេល​យប់​គេង​ឆ្អែត​គ្រប់​គ្រាន់ ៧-៨ម៉ោងហើយ​ ពេល​ថ្ងៃ​ត្រង់ ថ្ងៃ​រសៀល នៅ​ចង់​គេង​ទៀត និង​គេង​ក្នុង​រយៈ​ពេល​លើស​ពី​មួយ​ម៉ោង។ ទម្លាប់​សំរាន្ត​​ថ្ងៃ​ ក្រោយ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់រួច ​របស់​មនុស្ស​វ័យ​ចំណាស់ វ័យ​ចូលនិវត្តន៍​ ជា​ប្រការ​ធម្មតា​ មិនមែន​ជា​សញ្ញា​ខុស​ប្រក្រតី​ឡើយ។​

ការ​គេង​ថ្ងៃ មួយ​ភ្លែត (ក្រោម​២០នាទី) ដែល​ភាសា​ខ្មែរសាមញ្ញ​ថា​ដាក់​​មួយស្រឡេត ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ វេជ្ជសាស្ត្រ​គ្រប់​រូប ឯកភាព​និង​ទទួល​ស្គាល់​ថា​មាន​គុណប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព។ គេង​ថ្ងៃ​មួយ​ភ្លែត មិន​ត្រឹម​តែ​អាច​ជួយ​បំពេញ​កង្វះ​ដំណេក​ពេល​យប់​ទេ តែ​ជា​ការ​ផ្តល់​ភាព​ស្វាហាប់ រហ័យរហួន និង​បំបាត់​ការ​នឿយហត់​ ដំឡើង​ប្រសិទ្ធភាព​ក្នុង​ការងារ​ទៀត។ ដោយ​មាន​ការ​ជ្រួត​ជ្រាប​អំពី​គុណប្រយោជន៍​ដ៏​សន្ធឹកសន្ធាប់​នេះ ក្រុមហ៊ុន​សហគ្រាស​បារាំង​ជា​ច្រើន បាន​ចាប់​ផ្តើម​បំពាក់បំប៉ន​បុគ្គលិក​ឱ្យ​ចេះ​ ​សម្រាក​ ក្នុង​ពេល​បំពេញ​ការងារ​ ជា​ជាង​ធ្វើ​ការ​ទាំង​អារម្មណ៍​ងងោកងងុយ។

តាម​ច្បាប់ធម្មជាតិ សរីរាង្គកាយវិទ្យាមនុស្ស នឹង​ភាព​ងងោកងងុយ​ (លក់មិន​លក់ ភ្ញាក់មិនភ្ញាក់) នៅ​ចម្លោះ​ពី​ម៉ោង​ ១ ទៅ​ម៉ោង​៣​ រសៀល ភាព​ប្រុងប្រយ័ត្ន និង​សមត្ថភាព​ធ្វើការ​ធ្លាក់​ចុះទាប​ខ្លាំង​នៅ​វេលានេះ។ ប្រឈម​នឹង​ភាព​ងងោកងងុយ​ ដំណោះស្រាយ​ដ៏​ប្រសើរ​ជាង​គេ គ្មាន​អ្វី​ក្រៅ​ពី​គេង​ឱ្យ​លក់​ទេ។ ដូច្នេះ​សូមជ្រើសរើស​​ការ​សម្រាក​ ឬ​គេង​ថ្ងៃ មួយ​ភ្លែត តែជា​ការ​គេង​សម្រាក​​ត្រឹម​ ៥​នាទី គ្រប់គ្រាន់​​ហើយ នៅ​ពេល​មាន​អារម្មណ៍​ថា​រមាស់​ភ្នែក ទន់​ភ្នែក មើល​លែង​សូវ​ច្បាស់ (ស្រវាំង) ធ្ងន់ក្បាល ស្ងាប។ មុន​នឹង​គេង​ ត្រូវ​ដក​ដង្ហើម​ឱ្យ​អស់​ចេញ​ពី​ពោះ ដោយ​ បើកសន្ទះ​ទ្រូង​ឱ្យ​អស់។ នេះ​ជា​ដំបូន្មាន​របស់​គ្រូបង្ហាត់​ដំណេក​​​ជំនាញ​ខាង​ប្រព័ន្ធ​ប្រសាទ​ចិត្តសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ