មហារីកសុដន់លើស្ត្រីក្រោមអាយុ៤០ឆ្នាំ ច្រើនតែធ្ងន់ និងពិបាកព្យាបាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១០
មានដុំក្នុងសុដន់ សុដន់រោលឡើងពណ៌ក្រហម ... រោគសញ្ញានៃជំងឺមហារីកសុដន់ ពុំសូវបង្ហាញឱ្យច្បាស់លាស់ទេ ជួនកាលទៀត វាគ្មានផ្តល់រោគសញ្ញាអ្វីសោះតែម្តង។ វាកាន់តែមិនគួរឱ្យចាប់អារម្មណ៍ និងមើលមិនឃើញអ្វីសោះ ថែមទៀត នៅពេលមហារីកកើតលើរូបស្ត្រីនៅវ័យក្មេង ព្រោះគេគិតថាជាវ័យដែលគ្មានរងហានិភ័យ។ ប៉ុន្តែជាការគិតខុស ជំងឺមហារីកសុដន់ អាចកើតមានលើស្ត្រីគ្រប់វ័យ និងក្មេងខ្លាំងក្រោមអាយុ៤០ឆ្នាំផងក៏មាន។ តើមានសញ្ញាអ្វីដាស់ប្រាប់ឱ្យស្ត្រីក្មេងប្រុងប្រយ័ត្នថែសុខភាពសុដន់ ? តើត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេលណា ? មហារីកសុដន់លើស្ត្រីក្មេងខុសពីជំងឺកើតលើមនុស្សវ័យចំណាស់ឬ ?
ជំងឺមហារីកសុដន់ កើតមានច្រើនលើមនុស្សស្រីវ័យចំណាស់ ក្រោយពីអស់រដូវទៅ។ ជាអត្រាខ្ពស់ បើប្រៀបទៅនឹងស្ត្រីវ័យក្មេង ប៉ុន្តែពុំមានន័យថា ស្ត្រីវ័យក្មេងមិនកើតជំងឺមហារីកសុដន់សោះឡើយ។
មហារីកសុដន់អាចកើតលើស្ត្រីគ្រប់វ័យ មិនថាស្ត្រីមានប្តី ស្ត្រីចំណាស់អស់រដូវ ឬនារីក្រមុំចាស់ ក្រមុំក្មេងទេ។
ហេតុដូច្នេះហើយបាននៅឆ្នាំ២០១៩នេះ ក្នុងឱកាសនៃយុទ្ធនាការបង្ការជំងឺមហារីកសុដន់ពេញមួយខែតុលា ដែលមានឈ្មោះថា កូលាបតុលា វិទ្យាស្ថានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបារាំងសូមឧទ្ទិសខែនេះទាំងមូលដល់ស្ត្រីវ័យក្មេង។
នៅប្រទេសបារាំង គេរាប់ឃើញមានស្ត្រីក្រោយអាយុ៤០ឆ្នាំ ចំនួនដល់ទៅជាង៣ពាន់នាក់ក្នុងមួយឆ្នាំៗ កើតជំងឺមហារីកសុដន់ ពោលគឺស្មើនឹងប្រមាណ៥%នៃអ្នកជំងឺមហារីកសុដន់សរុប។ មហារីកសុដន់លើស្ត្រីវ័យក្រោម៤០ឆ្នាំជាករណីកម្រ តែស្ត្រីវ័យក្មេងក៏អាចមានជំងឺមហារីកសុដន់គឺជារឿងពិតជាក់ស្តែង។
កត្តាពូជជាហានិភ័យមួយដែលគេមិនអាចបញ្ចៀសបានឡើយ ! ប៉ុន្តែកត្តាមាននេះមានបរិមាណតិចតួចណាស់ ហើយមានកត្តាក្រៅខ្លួនជាច្រើនផ្សេងណាស់ជាអ្នកមកបូកបន្ថែមឱ្យស្ត្រីវ័យក្មេង មួយចំនួន និងស្ត្រីគ្រប់វ័យផ្សេងទៀត ងាយគ្រោះជួបជំងឺមហារីកសុដន់។ កត្តាហានិភ័យដែលឈរលំដាប់លើគេបំផុត គឺ បញ្ហាអ័រមូន។ អ័រមូន មានការប្តូរផ្លាស់ មួយភាគដោយសារការវិវឌ្ឍន៍នៃសង្គមមនុស្ស ៖ ស្ត្រីចាប់មានគ៌ភជាលើកដំបូង ក្នុងវ័យកាន់តែចាស់ (ក្នុងរយៈពេលតែ២០ឆ្នាំ អាយុកាលជាមធ្យមនៃស្ត្រីមានផ្ទៃពោះកូនដំបូង បានឡើងពី ២៥ឆ្នាំ ទៅ៣០ឆ្នាំ) មនុស្សស្រីចំណាស់ ក្រអស់រដូវ តែក្មេងស្រីវិញ កាន់តែឆាប់មានរដូវឡើងៗ។ ទាំងនេះជាកត្តាបង្អូសអាយុកាលអ័រមូនស្ត្រី និងការបង្កើនហានិភ័យកើតជំងឺមហារីកសុដន់។ កត្តាហានិភ័យចុងក្រោយមួយទៀតដែលមានពាក់ព័ន្ធស្ត្រីគ្រប់រូប និងគ្រប់វ័យ គឺ កង្វះការបញ្ចេញសកម្មភាពរាងកាយ ធាត់ ជក់បារី បរិស្ថាន និងការទទួលគ្រឿងស្រវឹង (ជាតិសុរ៉ា)។ ស្ត្រីបច្ចុប្បន្ន ទទួលទានជាតិសុរ៉ា កាន់តែច្រើន និងតាំងពីនៅវ័យក្មេងខ្លាំងនៅឡើយ ហើយស្ត្រីទាំងនោះមិនបានដឹងខ្លួនទេ គ្រឿងស្រវឹង ជាកត្តាហានិភ័យដ៏ ចំបងមួយនាំឱ្យកើតជំងឺមហារីកសុដន់។
បើតាម ភ្នាក់ងារសុខភាពបារាំង នៅក្នុងចំណោមអ្នកមានជំងឺមហារីកបង្កឡើងដោយជាតិសុរ៉ាចំនួន ២៨០០០នាក់ មាន៨១០០នាក់ជាមហារីកសុដន់។ ផ្ទុយទៅវិញ ការប្រតិបត្តិកីឡាហាត់ប្រាណបញ្ចេញសកម្មភាពកាយសម្បទា អាចកាត់បន្ថយគ្រោះកើតជំងឺមហារីកសុដន់បាន២០%។
ប៉ុន្តែសំណាងព្យាបាលជំងឺមហារីកសុដន់លើស្ត្រីវ័យក្មេង ច្រើនមានកំរិតទាបជាងមនុស្សចាស់។ មហារីកសុដន់លើស្ត្រីវ័យក្មេងច្រើនតែវែករកឃើញនៅពេលចូលដំណាក់កាលធ្ងន់ធ្ងរជាង ករណីមហារីកសុដន់លើវ័យចំណាស់
ហេតុអ្វីបានជាមហារីកសុដន់លើស្ត្រីវ័យក្មេងច្រើនតែជាជំងឺធ្ងន់ ?
មូលហេតុមានច្រើនយ៉ាង ! ចូលដល់វ័យមួយ ស្ត្រីវ័យចំណាស់ អស់រដូវ អាយុពី៥០ទៅ៧០ឆ្នាំ ច្រើនដឹងខ្លួន ថាជាវ័យប្រឈមនឹងជំងឺមហារីកសុដន់។ បើនៅប្រទេសជឿនលឿនដូចយ៉ាងប្រទេសបារាំង រដ្ឋាភិបាលមានកម្មវិធីជាតិជំរុញឱ្យស្ត្រីមកធ្វើតេស្តវិភាគជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ។ ចំណែកស្ត្រីវ័យក្មេងវិញ ដោយហេតុតែមានជំនឿថាក្នុងវ័យនេះ ជំងឺមហារីកសុដន់ពុំទាន់សូវរាតត្បាត ការវិភាគរោគសញ្ញាច្រើនតែខុសទិសដៅ និងច្រើនតែវែករកឃើញជំងឺមហារីកក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ មូលហេតុចុងក្រោយមួយទៀត អ្នកជំងឺក្មេងមានលក្ខណៈប្លែកបន្តិច ពីអ្នកជំងឺមហារីកវ័យចំណាស់ ដោយគេសង្កេតឃើញមានកត្តាពូជច្រើន ដល់ទៅ ១០ទៅ១៥% ទល់នឹងករណីអ្នកជំងឺមហារីកសុដន់វ័យចំណាស់ដែលមានកត្តាពូជប្រមាណតែ៥%ប៉ុណ្ណោះ។ ជំងឺមហារីកសុដន់មានច្រើនប្រភេទ តែប្រភេទកាចខ្លាំង ពិបាកព្យាបាល មានកើតច្រើនលើស្ត្រីវ័យក្មេង ក្នុងបរិមាណពី២០ទៅ២៥% ទល់នឹង១០ទៅ១៥%ប៉ុណ្ណោះ ចំពោះជំងឺមហារីកសុដន់ជាទូទៅ។
ជំងឺមហារីកសុដន់លើស្ត្រីវ័យក្មេងច្រើនមានលក្ខណៈស្មុគស្មាញនិងពិសេសជាងមហារីកសុដន់របស់ស្ត្រីវ័យចំណាស់ ដូច្នេះការព្យាបាល និងតាមដានសុខភាព ក៏ត្រូវតែមានលក្ខណៈពិសេសដែរ ជាពិសេសចំពោះស្រ្តីដែលប្រាថា្នមានបុត្រទៅថ្ងៃក្រោយ ព្រោះការព្យាបាលជំងឺនេះ អាចនឹងធ្វើឱ្យស្ត្រីលែងមានលទ្ធភាពពពោះ ឬក៏អាចធ្វើឱ្យទារកក្នុងផ្ទៃមានគ្រោះថ្នាក់ ក្នុងករណីអ្នកជំងឺទើបមានគ៌ភ។ ការតាមដានសុខភាពផ្លូវចិត្តក៏ចាំបាច់ខ្លាំងសម្រាប់ស្ត្រីវ័យក្មេង ដែលត្រូវបន្តសកម្មភាពការងារ និងបុគ្គលវែងឆ្ងាយទៀត ក្រោយពីឆ្លងកាត់ការព្យាបាលជំងឺមហារីកជា។
ដោយហេតុការការពារប្រសើរជាងព្យាបាល ហើយក្នុងវ័យក្មេងនៅឡើង និងដោយគ្មានអនុសាសន៍ឬកម្មវិធីឱ្យស្ត្រីវ័យក្មេង ទៅធ្វើវិភាគរកជំងឺមហារីកសុដន់ជាស្វ័យប្រវត្តិ ក្រុមគ្រូពេទ្យជំនាញ សូមណែនាំឱ្យស្ត្រីវ័យក្មេងឧស្សាហ៍ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានប្រវត្តិគ្រួសារមានជំងឺមហារីកសុដន់ និងជាពិសេស ត្រូវចេះសម្គាល់មើលសុដន់ខ្លួនឯង ដោយខ្លួនឯង ទាំង ទម្រង់នៃសុដន់ ឬផ្ទៃសាច់សុដន់។ បើឃើញមានសភាពប្លែកពីប្រក្រតី មានដុំរឹងនៅក្នុងសុដន់ នៅក្រោមឃ្លៀក មានការឈឺចាប់ មានការហៀទឹកដោះ ឬការប្តូរសណ្ឋាននៃស្បែក នៃក្បាលដោះ ត្រូវរួសរាន់ទៅវិភាគជំងឺភ្លាម។ សូមឈប់គិតថា នៅក្មេង គ្មានជំងឺមហារីកសុដន់!
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ