អានតួអត្ថបទ
បារាំង-កម្ពុជា

សហគមន៍ជនជាតិភាគតិចព្នងប្តឹងក្រុមហ៊ុនបារាំងBolloré Groupeនៅតុលាការណង់ទែរ

សវនការ​ប្តឹងក្រុមហ៊ុន​បារាំង Bolloré Groupe បាន​ប្រព្រឹត្តទៅ​នៅថ្ងៃអង្គារ​ទី ១​តុលា នៅ​តុលាការ​ណង់ទែរ ទីក្រុង​ប៉ារីស។ អ្នកតំណាង​៩នាក់​របស់​សហគមន៍​ជនជាតិ​ភាគតិច​ព្នង ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ចន្ទ​ទី ៣០​កញ្ញា បាន​ទៅ​ចូល​រួម​ស្តាប់​ផ្ទាល់ ជាលើកទី១ នៅក្នុង​បន្ទប់​សវនការ នៅ​តុលាការ​ណង់ទែរ។ 

អ្នកតំណាង​៩នាក់​របស់​សហគមន៍​ជនជាតិភាគតិច​ព្នង នៅតុលាការ​ណង់ទែរ នៅថ្ងៃអង្គារ​ទី ១​តុលា ២០១៩
អ្នកតំណាង​៩នាក់​របស់​សហគមន៍​ជនជាតិភាគតិច​ព្នង នៅតុលាការ​ណង់ទែរ នៅថ្ងៃអង្គារ​ទី ១​តុលា ២០១៩ ©Chheang Bopha
ផ្សាយពាណិជ្ជកម្ម

សវនការ នៅថ្ងៃ​អង្គារ​នេះ ជា​សវនការ​មិនមែន​ជា​សវនការ​សួរដេញដោល ប៉ុន្តែ ជាសវនការ​ដែល​ភាគី​ការពារ​ក្តី​ទាមទារ ឲ្យ​ដាក់​ឯកសារ ផ្លូវច្បាប់ រៀងៗខ្លួន បន្ថែមទៀត។ សម្រាប់ មេធាវី របស់​សហគមន៍​ជនជាតិភាគតិច​ព្នង លោក ហ្វីយ៉ូដ័រ រីឡោវ Fiodor Rilov ឯកសារ​បន្ថែម ពីខាង​ក្រុមហ៊ុន​Bolloré នឹង​អាច​ជួយ​ឲ្យ​ចៅក្រម មើល​ឃើញ ពី​ការជាប់​ពាក់ព័ន្ធ និង​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​បារាំង Bolloré លើ​ការរំលោភ​ដីធ្លី​របស់អ្នកភូមិជនជាតិ​ភាគតិច ព្នង នៅ​ឃុំប៊ូស្រា ខេត្ត​មណ្ឌលគិរី។

មានក្រុមហ៊ុន​ច្រើនដែល​ពាក់ព័ន្ធ ក៏ប៉ុន្តែ នៅ​ពេលនេះ​យើង​ប្តឹង​តែ​ក្រុមហ៊ុន​ពីរ គឺ​ក្រុមហ៊ុន Bolloré និង​ក្រុមហ៊ុន Compagnie du Cambodge

បណ្តឹង​របស់​យើង គឺ​ទីមួយ​ស្នើ​សុំ​ឲ្យ​ចៅក្រម​កំណត់​ឲ្យក្រុមហ៊ុន Bolloré និង​ក្រុមហ៊ុន Compagnie du Cambodgeទទួលខុសត្រូវ​ខាង​រដ្ឋប្បវេណី​ចំពោះ​ប្រជាកសិករ​ជនជាតិ​ព្នង ដែល​បាត់បង់​ដីធ្លី ហើយ​ត្រូវ​ប្រឈម​នឹង​បញ្ហា​​ជីវភាព​ដ៏សែន​លំបាក។

ចំណុចទីពីរ យើង​ស្នើសុំ​ផងដែរ​ឲ្យ​ចៅក្រម​បារាំងកំណត់​ថា ការបាត់បង់​ដីធ្លី​របស់​ប្រជាកសិករ​ព្នង​នេះ​ គឺ​បាត់បង់​ដោយ​ការ​រំលោភយក​ដោយ​ខុសច្បាប់។ នេះ​ជា​ចំណុច​បច្ចេកទេស​ផ្លូវច្បាប់ ដែល​អាច​ពិបាក​យល់បន្តិច ពីព្រោះ​ថា កម្មសិទ្ធិ​ដីធ្លី​របស់​សហគមន៍​ព្នង គឺ​ជា​កម្មសិទ្ធិសមូហភាព ហើយ​កម្មសិទ្ធិសមូហភាព​នេះ​ទទួល​បាន​នូវ​ការ​ការពារ​ដោយ​ច្បាប់​អន្តរជាតិ។ បណ្តឹង​របស់​យើង​នៅ​ពេលនេះ គឺ​ស្នើសុំ​ឲ្យ​ចៅក្រម​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​នេះ ដែល​ទទួលស្គាល់​នូវ​​កម្មសិទ្ធិ​របស់​ប្រជាកសិករ​ព្នង​​ទៅលើ​ដីធ្លី​របស់​ពួកគាត់ ក៏ដូចជា សិទ្ធិ​ទៅលើ​ការ​អនុវត្ត​​ជា​លក្ខណៈ​​​ប្រពៃណី ដែល​ពួកគាត់​​តែងតែ​ធ្វើ​តាំង​ពី​រាប់​សតវត្សរ៍​មកហើយ ទៅលើ​ការ​ប្រើប្រាស់ ការ​​ទាញយក​ផល​ ក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិរួម​​ទៅលើ​ដី​របស់​ពួកគាត់”

នៅ​ថ្ងៃ ទី ៨​វិច្ឆិកា​ខាងមុខ ចៅក្រម​បារាំង​នឹង​ប្រកាស​ថា តើ​ភាគី ត្រូវ​ដាក់ឯកសារ​បន្ថែម​ទៅតាម​ការទាមទារ​របស់ភាគី​ជម្លោះដែរឬទេ។

ជាម្ចាស់ដើមបណ្តឹង ប្តឹងក្រុមហ៊ុនបារាំងBolloré Groupe ដែលបានធ្វើឲ្យប្រជាជនភាគតិចព្នងបាត់បង់ដីធ្លី នៅឃុំប៊ូស្រា អ្នកតំណាងសហគមន៍ជនជាតិភាគតិចព្នងធ្លាប់បានអាក់ខានម្តងហើយ មិនអាចទៅចូលរួមក្នុងសវនការរបស់តុលាការណង់ទែរ កាលពីខែកុម្ភៈកន្លងទៅ ដោយសារតែស្ថានទូតបារាំងបដិសេធមិនផ្តល់ទិដ្ឋាការ។ លើកនេះ ក្រោមការខ្នះខ្នែងរបស់មេធាវីបារាំងលោក ហ្វីយូដ័រ រីឡោវ Fiodor Rilov អ្នកតំណាងសហគមន៍ជនជាតិព្នងប្រុសស្រី ទាំង៩នាក់បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃម្សិលមិញ និងបានធ្វើសន្និសីទកាសែតនៅទីស្នាក់ការរបស់មេធាវីនៅកណ្តាលក្រុងប៉ារីស កាលពី​ថ្ងៃ ចន្ទ ទី ៣០​កញ្ញា។

សន្និសីទកាសែតរបស់សហគមន៍ជនជាតិភាគតិចព្នងធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយពួកគេធ្វើដំណើរមកដល់ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ។ សន្និសីទកាសែត រៀបចំឡើងនៅមួយថ្ងៃមុន ពេលពួកគេត្រូវចូលរួមក្នុងសវនការបឋម នៅតុលាការបារាំង ណង់ទែរ នៅថ្ងៃអង្គារនេះ។ នៅចំពោះមុខអ្នកយកព័ត៌មាន ជាង១០នាក់ ដែលមកពីទូរទស្សន៍ វិទ្យុ និងកាសែតបារាំង អ្នកតំណាងសហគមន៍ជនជាតិភាគតិចព្នង ក្នុងភាសាព្នង បានរៀបរាប់ ពី ការបាត់បង់ដីធ្លី ទំនៀមទំលាប់របស់អ្នកភូមិជនជាតិព្នង នៅឃុំប៊ូស្រា ដែលបង្កឡើងដោយ ក្រុមហ៊ុន Socfin និងក្រុមហ៊ុនបារាំង Bolloré ដែលពួកគេបានដាក់ពាក្យបណ្តឹងប្តឹង នៅតុលាការណង់ទែរ នៅថ្ងៃអង្គារនេះ។

អ្នកតំណាងរបស់សហគមន៍ជនជាតិភាគតិចព្នងអាចធ្វើដំណើរមកចូលរួមក្នុងសវនការលើកនេះ ដោយមកពីមានការជួយខ្នះខ្នែងពីមេធាវីបារាំង លោកFiodor Rilov ដែលតំណាងពួកគេ នៅតុលាការបារាំង។ លោក Fiodor Rilov មេធាវីបារាំងរបស់សហគមន៍ជនជាតិភាគតិចព្នង បាន​ដាក់ពាក្យ​ស្នើសុំ​ឲ្យចៅក្រម​ចេញ​សេចក្តីសម្រេច ដាក់កំរិតឲ្យក្រុមហ៊ុនបារាំងBolloré​ប្រគល់​ឯកសារ​ដែលអាច​បង្ហាញពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុនBolloré ហើយនិង​ក្រុមហ៊ុនTerre rouge Consultant ដែល​តាំង​ពីទីក្រុង​ប៉ារីស ជា​អ្នកគ្រប់គ្រង ចាត់ចែង ក្រុមហ៊ុនចំការកៅស៊ូនៅឃុំប៊ូស្រា ប្រទេសកម្ពុជា។ គោលដៅរបស់មេធាវីរបស់សហគមន៍ជនជាតិភាគតិចព្នង គឺ​ចង់​បង្ហាញ​ថា ក្រុមហ៊ុនបារាំង Bolloré ជាប់ទាក់ទង និងទទួលខុសត្រូវលើការបាត់បង់ដីធ្លីរបស់ជនជាតិភាគតិចព្នងនៅប្រទេសកម្ពុជា នោះបើទោះបីជាក្រុមហ៊ុនអះអាងថា ខ្លួនមានចំណែកភាគហ៊ុនតែ៣៨%នៅក្នុងក្រុមហ៊ុនTerre rouge Consultant​ក៏ដោយ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ