អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើគេ​អាច​សម្គាល់​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាលបាន​យ៉ាង​ដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ជា​អាការៈ​ជំងឺមួយ​ទាមទារ​ការ​សង្គ្រោះ​ជា​បន្ទាន់ ទើប​មាន​សំណាង​​អាច​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗបាន។ ដើម្បី​អាច​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទាន់​ពេល​វេលា អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ជំងឺ​ ត្រូវ​ចេះ​សម្គាល់​នៅ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​សរសៃ​ឈាមក្នុង​ខួរ​ក្បាល។ ជា​អាការៈ​សញ្ញា​ដ៏សាមញ្ញ​ដែល​ជន​គ្រប់​រូប​ មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី អាច​សម្គាល់​ឃើញ ក្នុង​រយៈ​ពេល​តែ​ពីរ​បី​នាទី។ តើ​អាការៈ​សញ្ញា​ទាំង​នោះ​មាន​អ្វី​ខ្លះ ? តើ​ត្រូវ​ធ្វើ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​យ៉ាង​ដូចម្តេច ?

ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ជួប​គ្រោះ​ថ្នាក់​សរសៃឈាម​ក្នុង​ខួរ​ក្បាល​បាន​កាន់​តែ​ឆាប់ អាច​កាត់​បន្ថយ​ផលវិបាក​បាន​កាន់​តែ​ច្រើន​
ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ជួប​គ្រោះ​ថ្នាក់​សរសៃឈាម​ក្នុង​ខួរ​ក្បាល​បាន​កាន់​តែ​ឆាប់ អាច​កាត់​បន្ថយ​ផលវិបាក​បាន​កាន់​តែ​ច្រើន​ Getty/Jim Wehtje
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍​ដោយ កញ្ញា សន ផលនិកា វេជ្ជបណ្ឌិត​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ឬ​ពេទ្យ​រុស្ស៊ី​ ដែល​កំពុង​មក​បំពេញ​កម្មសិក្សា​យក​ជំនាញ​ប្រព័ន្ធ​ប្រសាទ​នៅ​​ក្រុង​ប៉ារីស​ប្រទេស​បារាំង​

គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ជា​អាការៈ​ជំងឺមួយ​ទាមទារ​ការ​សង្គ្រោះ​ជា​បន្ទាន់ ទើប​មាន​សំណាង​​អាច​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗបាន។ ដើម្បី​អាច​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទាន់​ពេល​វេលា អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ជំងឺ​ ត្រូវ​ចេះ​សម្គាល់​នៅ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​សរសៃ​ឈាមក្នុង​ខួរ​ក្បាល។ ជា​អាការៈ​សញ្ញា​ដ៏សាមញ្ញ​ដែល​ជន​គ្រប់​រូប​ មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី អាច​សម្គាល់​ឃើញ ក្នុង​រយៈ​ពេល​តែ​ពីរ​បី​នាទី។

តើ​អាការៈ​សញ្ញា​ទាំង​នោះ​មាន​អ្វី​ខ្លះ ? តើ​ត្រូវ​ធ្វើ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​យ៉ាង​ដូចម្តេច ? សូម​ស្តាប់​ប្រសាសន៍​របស់​កញ្ញា ស៊ន ផលនីកា វេជ្ជបណ្ឌិត​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​រុស្ស៊ី​ ដែល​កំពុង​មក​បំពេញ​កម្មសិក្សា​យក​ជំនាញ​ប្រព័ន្ធ​ប្រសាទ​នៅ​​ក្រុង​ប៉ារីស​ប្រទេស​បារាំង​

គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាលជា​អ្វី ?

គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល គឺ​ជា​ការ​កកស្ទះ ឬ​ដាច់​សរសៃឈាម​ នៅ​ក្នុង​ខួរក្បាល ដែល​បង្ក​ឱ្យ​ មាន​​ការ​ចុះ​ខ្សោយ​ ឬ​បាត់​បង់​នូវ​តួនាទី​​ណា​មួយ​របស់​ប្រព័ន្ធ​ប្រសាទ​ ពោល​គឺរបស់​​ញាណ​នៃ​ការ​ដឹងនិង​​ការ​បញ្ជា​មក​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​។ រោគ​សញ្ញា​ទី​មួយ អាច​​ជា​ការ​ចុះ​ខ្សោយ​ បាត់​កម្លាំង​នៅ​ដៃ​ នៅ​ជើង នៅ​មុខ ឬ​ទាំង​បី​ក្នុង​ពេល​ជាមួយ​គ្នា​តែ​ម្តង។ ទីពីរ គឺ​ការ​បាត់​បង់ភាព​រំញោច អ្នក​ជំងឺ​មាន​អារម្មណ៍ថា​​ស្ពឹក។ សញ្ញា​ទី​បី ពិបាក​និយាយ​ស្តី ពិបាក​យល់​ និង​ចុងក្រោយ​ មាន​បញ្ហា​ភ្នែក ស្រវាំង​ភ្នែក។ ជួន​កាល​អ្នក​ជំងឺ​អាច​មាន​សញ្ញា​រោគ​ផ្សេង​ទៀត ដូច​ជា​វិល​មុខ​ ឃ្លីឃ្លោង​ ឬ​ឈឺក្បាល​យ៉ាង​ខ្លាំង។ ក្នុង​៩ករណី​លើ​១០ ជំងឺ​នេះ​បាន​ស្តែង​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ពីរ​ទៅ​បី​នាទី​ប៉ុណ្ណោះ។

វិធី​​ផ្ទៀង​ផ្ទាត់​ ដើម្បី​ដឹង​ថា​អ្នក​ជំងឺ​ពិត​ជា​មាន​គ្រោះ​ថ្នាក់សរសៃ​ឈាម​ក្នុង​ខួរក្បាល

ការ​ផ្ទៀង​ផ្ទាត់​ត្រូវធ្វើ​ដោយ​រួសរាន់ (ពីរ​ទី​បី​នាទី) តាម​ក្បួន​អង់គ្លេស F-A-S-T

- Face- មុខវៀច ៖ ឱ្យ​អ្នក​ជំងឺ​ញញឹម ដើម្បី​សម្គាល់​មើល​ថា​តើ ​មាត់​មាន​វៀច​ដែរ​ឬទេ ?

- Arm- ដៃខ្សោយ​ម្ខាង ៖ ឱ្យ​អ្នក​ជំងឺ​លើក​ដៃ ទាំង​ពីរ ដាក់​ទៅ​មុខ ក្នុង​កំរិត​ ៩០​ដឺក្រ តើ​គាត់​អាច​លើក​បាន​ស្មើ​គ្នា​ដែរ​ឬអត់? ឬ​ឱ្យ​អ្នក​ជំងឺ​ចាប់​ឬ​ច្របាច់​ដៃ​យើង​ តើ​គាត់​មាន​កម្លាំង​ដៃម្ខាង​ខ្លាំង​ជាង​ម្ខាង​ទៀត​ដែរ​ឬទេ ?

- Speak- ពិបាក​និយាយស្តី ៖ ហៅ​អ្នក​ជំងឺ​ឱ្យ​និយាយ សួរ​សំណួរតើ​​អ្នក​ជំងឺ​អាច​ឆ្លើយ​ បាន​ដែរ​ឬអត់

- Time -ពេលម៉ោង ៖ អ្នក​នៅ​ជុំ​វិញ ត្រូវ​ចង​ចាំ​​អំពី​ពេលវេលា និង​រយៈ​ពេល​ដែល​អ្នក​ជំងឺ​ធ្វើ​ទុក្ខ រហូត​ដល់​ជួប​គ្រូពេទ្យ​ និង​ដល់​មន្ទីរពេទ្យ។

ត្រូវ​ជួយ​សង្គ្រោះ​និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ឱ្យ​បាន​ឆាប់​រហ័ស​។ កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ ព្រោះ​ការ​ព្យាបាល ក៏​អាស្រ័យ​ទៅ​តាម​ពេល​វេលា​ដែរ។ ហើយ​បើ​ជា​ករណី​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដោយ​មានកា​រកក​ស្ទះ​ឈាម​ក្នុង​សរសៃ​វ៉ែន​ បើ​មក​ដល់​មន្ទីរ​ពេទ្យ ក្នុងកំឡុង​​ពេល​មុន​បួន​ម៉ោង ការ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​រំលាយ​ឈាម​មាន​ប្រសិទ្ធភាព​ខ្ពស់ខ្លាំង។

តើ​ត្រូវ​ដាក់​ជំងឺ​ឱ្យ​សម្រាក​របៀបណា ?

៩០%​នៃអ្នក​ជំងឺ​ នៅមាន​ស្មារតី​ធម្មតា។ ដូច្នេះ​ជន​រងគ្រោះ​អាច​បន្ត​មាន​សកម្មភាព អាច​អង្គុយ​ដោយ​ខ្លួន​ឯង តែអាការៈ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល អាច​ធ្វើ​ឱ្យ​ដៃ​ជើង​គាត់​ទន់ ឬ​ចុះ​ខ្យោយ អាការៈ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ដួល​។

- យក​ល្អ គួរ​ដាក់​អ្នក​ជំងឺ​ឱ្យ​សម្រាក ផ្អៀង (ខាង​ឆ្វេង​ក៏​បាន​ ខាង​ស្តាំ​ក៏​បាន)

- ដាក់​អ្នក​ជំងឺ​ឱ្យ​សម្រាក​ ដោយ​បង្ហើប​ក្បាល​ឱ្យ​ផុត​ពីផ្ទៃ​រាប ៣០ដឺក្រេ ​

- សូម​កុំ​ដាក់​អ្នក​ជំងឺ​ឱ្យ​ឱ្យ​គេង​ផ្ញារ​ឱ្យ​សោះ ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ ព្រោះ​អ្នក​ជំងឺ​អាច​ឈ្លក់​​ទឹកមាត់ ឬ​ទឹក​មាត់​អាច​ច្រាល​ហូរ​ចូល​ទៅ​ក្នុង​សួត រួច​បង្ក​ឱ្យ​មាន​បញ្ហា​រលាក​សួត។

តើ​ត្រូវ​ធ្វើ​ដូចម្តេច នៅ​ពេល​អាការៈ​សញ្ញា​រលាយ​បាត់ អ្នក​ជំងឺ​មាន​សភាព​ធម្មតា​វិញ?

អាការៈ​សញ្ញា​ ទន់​អវៈ​យវៈ​ ឬ​ខូច​ញាណ​ណា​មួយ​អាច​នឹង​បាត់​ទៅ​វិញ ក្នុង​រយៈ​ពេល​ពីរ​បី​នាទី ឬ​យ៉ាង​យូរ​ក្រោម​មួយ​ម៉ោង មិនមែន​មាន​ន័យ​ថា​អ្នក​ជំងឺ​ជា រួច​ពី​គ្រោះ​ថ្នាក់​ទេ ! អ្នក​ជំងឺ​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ដដែល ពីព្រោះ​ជំងឺ​នេះ​នឹង​អាច​វិល​មក​វិញ ក្នុង​រយៈ​ពេល​មួយម៉ោង​ក្រោយ មួយ​សប្តាហ៍​ក្រោយ (៣%) ​ឬ​មួយខែ​​ក្រោយ ឬ​បី​ខែក្រោយ (៨%)។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ