rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
នាទីសុខភាពនិងអនាម័យ
rss itunes

ហេតុ​អ្វី​បាន​ជា​គេហាមឃាត់​មិន​ឱ្យ​បរិភោគ​សាច់​ជ្រូក​មាន​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ?

ដោយ អៀង សុខម៉ិញ

ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក កំពុង​ធ្វើការ​រាតត្បាត​ នៅ​ទូទាំង​ពិភពលោក ចេញ​អាហ្វ្រិក​ ដល់​អឺរ៉ុប និង​មក​ដល់​អាស៊ី។ បន្ទាប់​ពី​ចិន​ ប៉េស្ត​ជ្រូកអាហ្វ្រិក បាន​មក​ដល់​វៀតណាម កម្ពុជា។ ការ​រាត​ត្បាត​កាន់​តែ​លឿន ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ បើ​តាម​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ដើម្បី​កសិកម្ម​និង​ចំណីអាហារ FAO ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​លើ​ទីផ្សារ​កសិកម្ម និង​សន្តិសុខ​ចំណី​អាហារ​របស់​ប្រជាពលរដ្ឋ​អាស៊ី​យ៉ាង​ខ្លាំង។ ចុះ​តើ​ប៉េស្តជ្រូក​អាហ្វ្រិក​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​មនុស្ស​ដែរឬទេ ?

គោឆ្កួត ពងបែក​ក្នុង​មាត់​ ផ្តាសាយ​បក្សី ... ថ្ងៃ​​នេះ​ដល់​វេន​ជ្រូក​ម្តង ដែល​កំពុង​រង​គ្រោះ​កើត​ ​ជំងឺ​ប៉េស្ត។ ប៉េស្ត​ជ្រូកអាហ្វ្រិក​ ​ជាការ​​រាតត្បាត​​ដ៏​ធំ ដែល​ពុំ​ធ្លាប់​កើត​មាន​លើ​ភព​ផែនដី​ទេ ! ប៉េស្តជ្រូក​អាហ្វ្រិក​ ដែល​កំពុង​ផ្ទុះ​ឡើង​នៅអាស៊ី បាន​និង​កំពុង​តែ​ធ្វើ​ឱ្យក្រុម​​បសុពេទ្យ​​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ ​

តើ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ជា​ជំងឺ​អ្វី?

ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ជា​ជំងឺ​បង្ក​ឡើង​វីរ៉ុស ដែល​កើត​តែ​នៅ​លើ​សត្វ​ជ្រូកស្រុក និង​ជ្រូក​ព្រៃតែ​ប៉ុណ្ណោះ។ វីរ៉ុសប៉េស្តជ្រូកអាហ្វ្រិក មាន​កំណើតជា​ធម្មជាតិ​នៅ​លើ​ ​សត្វ​ហ្វាកូស្ហែរ និង​ប៉ូតាម៉ូស្ហែរ ដែលជាពពួក​សត្វចិញ្ចឹម​កូន​ដោយទឹក​ដោះ​ ​​​ក្នុង​ចង្កោម​គ្រួសារ​ជ្រូកដែរ​ តែ​រស់​នៅ​ព្រៃ​លើ​ទ្វីប​អាហ្វ្រិក។​ ​​សត្វ​​ទាំង​ពីរ​ប្រភេទនេះ ​មាន​ផ្ទុក​​វីរ៉ុស​ដោយ​គ្មាន​បង្ក​ជំងឺ​អ្វី​ទាំង​អស់។​ ប៉ុន្តែនៅ​ពេល​ណា វីរ៉ុស​ ​បាន​ឆ្លង​មក​ដល់​សត្វ​ជ្រូក​ស្រុក ជ្រូក​ដែល​មនុស្ស​ចិញ្ចឹម និង​សត្វ​ជ្រូក​ព្រៃ វីរ៉ុស​នឹង​បង្ក​ជា​ជំងឺ​ឆ្លង ហូរ​ឈាម និង​បង្ក​ឱ្យ​ស្លាប់​ ស្ទើរ​គ្មាន​លើក​លែង។

ដាន​​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ត្រូវ​បាន​គេ​រក​ឃើញ​ជា​លើក​ទី​មួយ​នៅកេនយ៉ា ក្នុង​ឆ្នាំ​១៩២១។ ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ធ្វើ​ការ​​រាត​ត្បាតជា​លើក​ដំបូង​​ នៅ​ក្នុង​ប្រទេស​ជាង​ម្ភៃ​នៃ​ទ្វីប​អាហ្វ្រិក ពី​សេណេហ្កាល់​ទៅ​កេនយ៉ា​ ទើបគេ​ឱ្យ​ឈ្មោះ​ជំងឺនេះ​ថា​ ជា​​ប៉េស្តជ្រូក​អាហ្វ្រិក ​រហូត​មក​ទល់​សព្វថ្ងៃ។​

ប៉េស្តជ្រូក​អាហ្វ្រិក​បាន​ឆ្លង​ព្រំដែន​ចេញ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ នៅ​ពេល​ដែល​ពាណិជ្ជកម្ម​អន្តរជាតិ​ចាប់​ផ្តើម​លូតលាស់​ខ្លាំង។ អាមេរិក​និង​អឺរ៉ុប អាច​កម្ចាត់​វីរ៉ុស​ប៉េស្តជ្រូក​អាហ្វ្រិក​ឱ្យ​អស់​ពី​ទឹក​ដី​​បាន​យ៉ាង​ឆាប់​រហ័ស លើក​លែង​តែអេស្ប៉ាញ​និង​ព័រទុយហ្កាល់​ ដែល​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​១៩៩៥​ទើបកម្ចាត់​វីរ៉ុស​ឈ្នះ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង នៅ​ឆ្នាំ ២០០៧ វីរ៉ុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​វិល​ត្រលប់​មក​ទ្វីប​អឺរ៉ុប​ជា​ថ្មី ដោយ​ផ្តើម​ដំបូង​នៅប្រទេស​ហ្សកហ្ស៊ី រុស្ស៊ី នៅលើ​ជ្រូក​ព្រៃ ឬ​ជ្រូក​ស្រុក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ។ វីរ៉ុស​ក៏​បាន​បន្ត​ចម្លង​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​នៃទ្វីប ក្នុង​ល្បឿនជាមធ្យម​​៣៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ឆ្នាំ តាម​រយៈ​​​សកម្មភាព​​របស់​មនុស្ស ជា​ជាង​តាម​ការចម្លង​ដោយ​ប៉ះពាល់​សត្វ​ព្រៃ។

នៅ​ឆ្នាំ​២០១៤ ប៉េស្តជ្រូក​អាហ្វ្រិក​បាន​ធ្វើ​ដំណើរ​មក​ដល់​សហភាព​អឺរ៉ុប។ មាន​ករណី​ចម្លង​រាតត្បាត​នៅ​ម៉ុលដាវី នៅ​ឆ្នាំ​២០១៦ រ៉ូមានី ឆែក នៅ​ឆ្នាំ​២០១៧ ហុងគ្រី ប៊ែលហ្សិក នៅ​ឆ្នាំ​២០១៨។ ទ្វីប​អាស៊ី​ក៏​មិន​រួច​ខ្លួន ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ទៅ​ដល់​ចិន​ នៅ​ខែ​សីហា ២០១៨ បន្ទាប់​មក​ឆ្លង​រាលទៅ​ម៉ុងហ្គោលី តៃវ៉ាន់ វៀតណាម កម្ពុជា​នៅ​ឆ្នាំ​២០១៩។ ហានិភ័យ​នៃ​ការ​ឆ្លង​រាតត្បាត បានក្លាយ​ជា​វិបត្តិ​​ពិភពលោក។

ប៉ុន្តែ​ការ​រាតត្បាត​នៅ​អាស៊ី មាន​ទំហំ​ធំ និង​កាច​ខ្លាំង​ជាង​នៅ​ទ្វីប​ដទៃ ! ព្រោះ​ចិន​ជា​ប្រទេស​ចិញ្ចឹម​និង​ផលិតសាច់​ជ្រូក​លំដាប់​លេខ​មួយ​ពិភពលោក។ ចំនួន​សត្វ​ជ្រូក​នៅ​លើ​ភពផែនដី ចំនួន​ពាក់កណ្តាល​រស់​នៅ​ស្រុក​ចិន ដោយគេ​រាប់​ឃើញ​មាន​ជ្រូក​ចិញ្ចឹម​ដល់​ទៅ ៧០០​លាន​ក្បាល ទល់​២០​លាន​ក្បាល​នៅ​បារាំង។ ម្យ៉ាង​ទៀត​ ចិន​ជាប់​ឈ្មោះ​មិន​ល្អ​សោះ​ខាង​ផ្នែក​អនាម័យ​នៃ​ការ​ចិញ្ចឹម​សត្វ ដែល​ជា​កត្តា​ហានិភ័យ​បន្ថែម​មួយ​នៃ​ការ​រាតត្បាត​ជំងឺ។ ក្រៅ​ពី​ចិន វៀតណាម​ប្រទេស​លំដាប់​ទី​៥​ពិភពលោក​ខាង​ផលិតផល​ជ្រូក​ ក៏​ចាប់​ផ្តើម​រងគ្រោះ​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែរ។ ផលវិបាក​នៃ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​​មា​ន​លក្ខណៈ​ ​ធ្ងន់ធ្ងរ​ជាពិសេស​សម្រាប់​តំបន់​អាស៊ី និង​អាចចាត់ទុក​ថា​​ជាការ​គំរាមកំហែងដល់​សន្តិសុខ​ចំណី​អាហារផង។ នេះ​ជាការ​ព្រួយ​បារម្ភ​​​របស់​​អង្គការ​កសិកម្ម​និង​ចំណីអាហារ​របស់​អង្គការ​សហប្រជាជាតិ​ហៅកាត់​ថា FAO។

សន្តិសុខ​ចំណី​អាហារ​ មាន​ន័យ​យ៉ាងណា ? មាន​ន័យ​ថា​ ជំងឺ​​ប៉េស្ត​ជ្រូក​អាហ្រ្វិក អាច​បង្ក​គ្រោះ​ថ្នាក់​ដល់សុខភាព​​មនុស្សឬ ?

មិនមែន​ទេ ! ​សន្តិសុខ​ចំណី​អាហារ​រង​ការ​គំរាម​កំហែង ព្រោះ​​សាច់​ជ្រូក​ជា​អាហារដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់អាស៊ី។ ក្នុង​ពេល​ភ្លាមៗ ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លាច​រអារ​លែង​ហ៊ាន​ទទួល​ទាន​សាច់​ជ្រូក។ បន្ទាប់​មក​ទៀត​ ដោយ​ហេតុ​ជំងឺ​ប៉េស្ត​ជ្រូក​ជា​ច្រើន​បាន​ងាប់ ដូច្នេះ​​ផលិតផល​សាច់​ជ្រូក​នឹង​ត្រូវ​ធ្លាក់​ចុះ​ (នៅឆ្នាំ​នេះ ចុះ​អស់​ប្រមាណ​៩%) ឯតម្លៃ​សាច់​ជ្រូក​បាន​ឡើង​ថ្លៃ​រួច​ស្រេច​ទៅ​ហើយ​នៅ​ប្រទេស​ចិន និង​កំរិត​ពិភពលោក។

ប៉ុន្តែវីរ៉ុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ ! ការ​ទទួល​ទាន​សាច់​ជ្រូក​ឈឺ សាច់ក្រក​ សាច់​ចៀន សាច់​អាំង សាច់​ប្រលាក់ ទោះ​​​សាច់​ជ្រូកនោះ​ជា​សាច់​សត្វ​ដែល​មាន​ជំងឺប៉េស្តជ្រូក​អាហ្វ្រិក​ក៏​ដោយ​ ក៏​គ្មាន​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែរ។ គ្រាន់​តែ​ថា ​វីរ៉ុស​ប៉េស្តជ្រូក​អាហ្វ្រិក សែន​មហាឆ្លង កំណាច និង​ពិបាក​កម្ចាត់​ខ្លាំង​ណាស់។ វីរ៉ុស​​អាច​ឆ្លង​​​ពី​ជ្រូក​មួយ​ទៅ​ជ្រូក​ យ៉ាង​ឆាប់​រហ័យ និង​អាច​សម្លាប់​ជីវិត​សត្វ​បាន​ក្នុង​រវាង​បី​ទៅ​បួន​ថ្ងៃ​ ចំពោះករណី​ធ្ងន់ធ្ងរ​ខ្លាំង និង​បើ​ស្រាល ជ្រូក​ឈឺ​អាច​ត្រដរ​រស់​បាន​ដល់​៣០​ទៅ​៤០​ថ្ងៃ។

​សំងំ​​នៅ​ក្នុង​ឈាម ក្នុង​សាច់​ ក្នុង​ជាលិកា ​ក្នុង​ទឹកក្រពេញ ក្នុង​លាមក ក្នុងខ្លួន​​សត្វឈឺ សត្វ​ងាប់ វីរ៉ុស​ប៉េស្តជ្រូក​អាហ្វ្រិក​ជា​វីរ៉ុស​​​ធុន​ខ្លាំង​មែន​ទែន ប្រលាក់​អំបិល ចំអិន​លើ​ភ្លើង​ល្មមៗ ក៏​មិន​ងាប់​ដែរ ! មិន​តែ​ប៉ុណ្ណោះ​វីរ៉ុស​អាច​បន្ត​រស់​បាន​ជា​ច្រើន​​ឆ្នាំ​នៅក្នុង​សាច់កក។

ជំងឺ​មិន​ឆ្លង​មក​មនុស្ស​មែន តែ​មនុស្ស​ជា​ភ្នាក់ងារ​ចម្លង​វីរ៉ុសទៅ​សត្វ។ វីរ៉ុស​អាច​ឆ្លង​តាម​ការ​រយៈ​ការប៉ះពាល់​ រវាង​សត្វ​និង​សត្វ ឬ​តាមរយៈ​ការ​ស៊ី​ចំណី​ដែល​មាន​លាយសំណល់​​សាច់​មាន​ផ្ទុក​ជំងឺ ឬ​តាម​រយៈ​ការ​សត្វ​ល្អិត​ចុច (ចៃtique) និង​តាម​រយៈ​ការ​ប៉ះពាល់​វត្ថុ សម្ភារៈ​ ប្រើប្រាស់​ក្នុង​តំបន់​មាន​វីរ៉ុស​។ សូម្បី​តែកង់​ឡាន​ក៏វីរ៉ុស​តោង​ជាប់ទៅ​ចម្លង​ដល់សត្វ​ជ្រូក​ស្រុក​ឬ​ជ្រូក​ព្រៃនៅ​បាន​ដែរ។ វីរ៉ុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក​អាចនៅ​ក្នុង​​ទឹក​ ក្នុង​ដី ក្នុងសាច់​។ និយាយ​ជា​រួម វីរ៉ុស​ប៉េស្តជ្រូក ទៅ​ដល់​ណា ការ​ចម្លង​ទៅ​ដល់​នោះ។ សាច់​ជ្រូក​ឈឺ​ទៅ​ដល់​ណា ហានិភ័យនៃ​ការ​​ចម្លងរោគ​ក៏​​ទៅ​ដល់​នោះដែរ។

​ដូច្នេះ​ហើយ​បាន​ជា ចំណាត់ការ​ប្រឆាំង​នឹង​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ត្រូវតែ​ដាច់​ខាត​បំផុត និង​យ៉ាង​ទាន់​ហន់​បំផុត ៖ សម្លាប់​សត្វ​មាន​ជំងឺ​ភ្លាម និង​ទាំង​ស្រុង​ក្នុង​កសិដ្ឋាន​តែ​ម្តង លាងបោស​​សម្អាតដោយ​ផលិតផល​សម្លាប់​មេរោគ កំណត់​បរិវេណ​សុវត្ថិភាព និង​ត្រួតពិនិត្យ​រាល់​គ្រប់សកម្មភាព​ចេញ​ និង​ចូលកសិដ្ឋាន និង​សកម្មភាព​ចេញ​ចូល​របស់​​ផលិតផល។ គ្រប់គ្រង​ការ​ធ្វើ​​​​ចរាចរណ៍​សាច់ ដោយ​ហាមឃាត់​មិន​ឱ្យ​​ទទួល​ទាន​សាច់​ជ្រូក​ឈឺ​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ចម្លង​វីរ៉ុស​ ! នេះ​សុទ្ធ​សឹង​ជា​វិធានការ​របស់​រដ្ឋាភិបាល​មួយ​ចំនួន។ បើ​អង្គការ​សុខភាព​សត្វ​ពិភពលោក ដែល​ជំរុញ​ឱ្យ​គ្រប់​ប្រទេស​ពង្រឹង​សុវត្ថិភាព​ជីវសាស្ត្រ​ និង​ត្រូវ​ពិចារណានិង​គ្រប់គ្រង​​ឱ្យ​បាន​ហ្មត់ចត់​ការ​បណ្តាញ​ផ្គត់ផ្គង់​ស្បៀង ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ នៅ​អាស៊ី អាច​នឹង​ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ពី​ ពីរ​ទៅ​១០​ឆ្នាំ​ទើប​អា​ច​គ្រប់គ្រង​បាន !

ដោយ​សារ​សមត្ថភាព​​ស៊ូ​ខ្លាំង និង​ឆ្លង​ខ្លាំង​របស់​វីរ៉ុស​​ និង​ពិបាក​កម្ចាត់បែប​នេះ​​ ​ហើយ​បាន​ជាការ​ព្រួយ​បារម្ភ​មាន​ខ្លាំង។ ម្យ៉ាង​វិញ​ទៀត ប៉េស្ត​ជ្រូកសព្វថ្ងៃ ឬ​ប៉េស្តជ្រូក​អាហ្វ្រិក ខុស​ពី​ជំងឺ​ប៉េស្តជ្រូកដែល​គេ​ស្គាល់​ពី​មុន។ ​ប៉េស្ត​ជ្រូកមុន នៅ​ពេល​ធ្លាក់​ដល់កំរិត​ធ្ងន់ធ្ងរ​ខ្លាំង ផ្តល់​រោគ​សញ្ញា​ដូច​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែរ ប៉ុន្តែអ្វី​ដែល​​ខុស​គ្នាស្រលះ គឺ​ជំងឺ​ប៉េស្ត​ជ្រូកមុន​ មាន​ថ្នាំ​បង្ការ​ ឯ​ប៉េស្តជ្រូកអាហ្វ្រិក​គ្មាន​ថ្នាំ​ព្យាបាល​និង​បង្ការ​ឡើយ៕

តើ​ជំងឺ​ខ្សោយ​បេះ​ដូង មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ចំពោះ​ជីវិត ?

តើគេ​អាច​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន​យ៉ាង​ដូចម្តេច ?

ខ្លាញ់ ឬ​ប្រេងឆា តើ​ត្រូវ​ជ្រើស​រើស​មួយ​ណាទើប​​ល្អ​សម្រាប់​សុខភាព ?

ហេតុ​អ្វី​មាន​ គ្រួស​ក្នុង​ប្រម៉ាត់ ?

ផលប៉ះពាល់នៃសំរាមចំពោះសុខភាព

សុរា​និង​ទារក​ក្នុងផ្ទៃ ៖ ចង់បាន​កូន​ល្អ អនាគត​ឪពុក​ត្រូវ​ឈប់​ផឹក​ស្រា​យ៉ាងហោច​៦​ខែ​មុន

តើអ្វីជា​កីឡា​ដ៏​ប្រពៃ​ជាង​គេ​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ?

គេងថ្ងៃ​ល្អ​សម្រាប់​បេះដូង តែអាច​ជា​អាការៈរោគ​នៃ​ជំងឺ​វង្វេងវង្វាន់

មហារីក​សុដន់​លើ​ស្ត្រី​ក្រោម​អាយុ​៤០ឆ្នាំ ច្រើ​នតែ​ធ្ងន់ និង​ពិបាក​ព្យាបាល

អ្នកប្រើដៃឆ្វេង ឆ្លាតជាងអ្នកប្រើដៃស្តាំ ?

តើគេ​អាច​ការពារ​ជំងឺ​វង្វេងវង្វាន់​បាន​ដែរ​ឬ​ទេ ?

តើការ​ថត​ឆ្លុះ​ក្រពះ មាន​ដំណើរ​ការ​យ៉ាង​ដូចម្តេច​ខ្លះ ?

​ប៊ីយេរ​ជាប់​សង្ស័យ​ជា​អ្នក​បង្ក​ជំងឺ​រលាកសន្លាក់

តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ្ងៃ ?

តើគេអាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ឆ្កួត​ជ្រូក​បាន​យ៉ាង​ដូច​ម្តេច​ខ្លះ ?

តើ​ឆ្កួត​ជ្រូក ជា​ជំងឺ​អ្វី ?

តើគេ​អាច​សម្គាល់​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាលបាន​យ៉ាង​ដូចម្តេច ?