rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សិង្ហបុរី ទំនាក់ទំនងអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រមុខ​ការទូត​សិង្ហបុរី​៖ សារ​ហ្វេសប៊ុក​របស់​លោក លី សៀនឡុង ពុំ​មាន​ចេតនា​អាក្រក់​ណាមួយ​ទេ!

media
Singapore Prime Minister Lee Hsien Loong delivers his opening address at the 32nd ASEAN (Association of Southeast Asian Nations) Summit in Singapore on April 28, 2018. AFP

សំណុំ​រឿង​សារ​ហ្វេសប៊ុក​របស់​នាយករដ្ឋ​មន្ដ្រី​សិង្ហបុរី ស្ដី​ពី​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា​ក្រោយ​របប​ខ្មែរ​ក្រហម ទំនង​ជា​ដើរ​ដល់​ទី​បញ្ចប់​ហើយ នៅ​ពេល​ប្រមុខ​ការទូត​សិង្ហបុរី លើក​ទូរសព្ទ​ហៅ​ត្រង់​មក​កាន់​សមភាគី​កម្ពុជា នៅរសៀល​​ថ្ងៃ​សុក្រ ទី​០៧ មិថុនា ម្សិលមិញ​។ តាម​រយៈ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​នោះ រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​សិង្ហបុរី បាន​បំភ្លឺ​ប្រាប់​ភាគី​កម្ពុជា​ថា សារ​ហ្វេសប៊ុក​របស់​លោក លី សៀនឡុង គ្រាន់​តែ​ជា​ការ​រំឭក​ពី​ស្ថានភាព​និង​ការ​ប្រឈម​ក្នុង​សម័យ​កាល​នោះ ដោយ​គ្មាន​បង្កប់​នូវ​ចេតនា​អាក្រក់​ណាមួយ​ឡើយ​​។


សិង្ហបុរី​ពុំ​មាន​បំណង​ណាមួយ​គាំទ្រ​ខ្មែរ​ក្រហម ហើយ​មិន​ចង់​ឃើញ​របប​នេះ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ​។ នេះ​គឺ​ជា​សម្ដី​ដែល​ប្រមុខ​ការទូត​សិង្ហបុរី លោក Vivian Balarishnan ថ្លែង​ប្រាប់​លោក ប្រាក់ សុខុន តាម​ខ្សែ​ទូរសព្ទ​។ ​លោក Vivian អះអាង​ទៀត​ថា ​សិង្ហបុរី​ចង់​បានតែ​​សន្តិភាព​និង​វិបុលភាព​សម្រាប់​កម្ពុជា។ ហើយ​​សូម​កុំ​ឲ្យ​កម្ពុជា​មាន​ការ​សង្ស័យ​អ្វី​លើ​ភាព​ស្មោះ​ត្រង់​នេះ​។

សូម​ជម្រាប​ជូន​ថា ការ​គូស​បញ្ជាក់​របស់​លោក Vivian យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ដើម្បី​បំភ្លឺ​អំពីខ្លឹមសារ​នៃ​សំណេរ​តាម​ហ្វេសប៊ុក​​របស់​លោក​នាយករដ្ឋ​មន្ដ្រី​សិង្ហបុរី លី សៀនឡុង ដែល​លើក​ឡើង​អំពី​​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា​ក្រោយ​របប​ខ្មែរ​ក្រហម​។ ជា​សំណេរ​ដែល​​​ធ្វើ​ឲ្យ​កម្ពុជា​និង​វៀតណាមប្រតិកម្ម​បក​វិញ​ទាំង​ក្ដៅ​ស្លឹក​ត្រចៀក​។

វៀតណាម តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក​ស្រី Le Thi Thu hang បាន​សម្ដែង​ការ​សោក​ស្ដាយ និង​ចាត់​ទុក​ការ​លើកឡើងរបស់​នាយករដ្ឋ​មន្ដ្រី​សិង្ហបុរី​​នោះ ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​។ ពី​ខាង​កម្ពុជា​វិញ លោក​​នាយករដ្ឋ​មន្ដ្រី​ ហ៊ុន សែន យល់​ឃើញ​ថា សារ​របស់​លោក លី បង្ហាញ​ពី​ការ​គាំទ្រ​របស់​សិង្ហបុរី ចំពោះ​របបប្រល័យ​ពូជសាសន៍៖ ចង់​ឲ្យ​របប​នេះ​ត្រឡប់​មក​​វិញ​និង​ប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​សិង្ហបុរី បាន​បំភ្លឺ​ប្រាប់​ភាគី​កម្ពុជា​​​ថា សារ​ហ្វេសប៊ុក​របស់​លោក លី សៀនឡុង គ្រាន់​តែ​ជា​ការ​រំឭក​ពី​ស្ថានភាព​និង​ការ​ប្រឈម​ក្នុង​សម័យ​កាល​នោះ ដោយ​គ្មាន​បង្កប់​នូវ​ចេតនា​អាក្រក់​ណាមួយ​ឡើយ​​។

ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​បាន​ស្ដាប់​ការ​ពន្យល់​បំភ្លឺ​ដូច្នេះ ភាគី​កម្ពុជា​ប្រកាន់​ជំហរ​មិន​ឆ្កឹះ​អតីតកាល ដើម្បី​បង្ក​អន្តរាយ​ដល់​បច្ចុប្បន្នកាល និង​អនាគត​កាល​។ និង​ថា កម្ពុជា​និង​សិង្ហបុរី នៅ​បន្ត​ជា​អ្នក​ជិត​ខាង​ល្អ ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា បន្ត​រក្សា​ការ​សន្ទនា និង​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ត​ទៅ​ទៀត បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ មាន​ទស្សនវិស័យ​ខុស​គ្នា​ស្ដី​ពី​ប្រវត្តិសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ​៕