អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើអ្វីដែលហៅថា ស្យ៉ាទិក ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឈឺចង្កេះ​ចាក់​ចុះ​ទៅភ្លៅ ទៅ​ដល់​ជើងឬ​ម្រាមជើង ការ​ឈឺ​បែប​នេះ​អាច​ជា​​អាការៈ​​ ស្យ៉ាទិក ដែល​ជាទូទៅ ច្រើន​បង្កឡើង​ដោយ​ហេតុ​តែ​សរសៃ​ស្យ៉ាទិក ត្រូវគាប​។ តើ​ស្យាទិក​ជា​អ្វី ? មាន​រោគសញ្ញា និងការព្យាបាល​យ៉ាង​ណា ? តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាច​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ការពារ​មិន​ឱ្យ​ជួប​ករណី​ស្យាទិក​នេះបាន ?

ដំណើរ​ឈឺ​សរសៃ​ស្យ៉ាទិក
ដំណើរ​ឈឺ​សរសៃ​ស្យ៉ាទិក Ameli
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍របស់​លោក វេជ្ជបណ្ឌិត ឈុន វីរៈ​បញ្ញា គ្រូពេទ្យ​ឯកទេស​វះ​កាត់​ប្រព័ន្ធ​ប្រសាទ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ក្រុង​ភ្នំពេញ

​ស្យ៉ាទិក ជា​សរសៃដ៏​ធំ​ជាង​គេ​បង្អស់​នៃ​​សរីរាង្គ​កាយ​មនុស្ស (​សរសៃ​ពួរ)​ ​ ដែលស្ថិត​នៅ​ផ្នែក​​ខាង​ក្រោយនៃ​ជើង​ទាំង​ពីរ​របស់​មនុស្សយើងម្ខាង​មួយ និង​ ​ត​ភ្ជាប់ពី​​ឆ្អឹង​​ខ្នង​ ត្រង់តំបន់​​ចង្កេះ/ត្រគៀក និង​ផាល ចុះ​ដល់​អវៈអវៈ​ក្រោម។ និយាយ​ឱ្យ​ចំ​គឺ សរសៃ​ស្យ៉ាទិក មាន​ឬស៥ ដុះ​ចេញ​ពី​ខួរ​ឆ្អឹង​កង​ខ្នង​។ នៅ​ក្នុង​ចំណោម​នោះ ឬ​សធំ​និង​សំខាន់​ពីរ មួយ​ដុះ​​​ចេញ​ពី​ចន្លោះ​ឆ្អឹង​កង​ទី​បួន​និង​​ទី​៥ (L4-L5)នៃ​ក្រុម​ឆ្អឹង​កង​ចង្កេះ​ដែល​មាន​សរុប​​ចំនួន​៥​កង និងមួយ​ទៀត​ដុះ​​ពីចន្លោះ​ឆ្អឹង​កង​ចង្កេះ​ទី​៥​និង​​ឆ្អឹង​កង​ទី​មួយ​នៃក្រុម​ឆ្អឹង​ផាល (L5-S1)។

​ឈឺ​ចង្កេះ​ ឈឺ​ខ្លាំង ឈឺ​ញយ ឈឺ​ចាក់​ទៅក្នុង​កំប៉េះគូថ ឬ​ឈឺ​សួរ​ចាក់​ទៅ​ភ្លៅ ​​ចាក់ទៅ​ដល់​ម្រាម​ជើង ... អាការៈ​បែប​នេះ​ គេហៅ​ថា​ស្យ៉ាងទិក​។

រោគសញ្ញា​ស្យ៉ាទិក ៖

  • អាការៈ​ឈឺ​ចង្កេះ​ចុះ​ទៅ​អវៈយវៈ​ក្រោមមាន​សណ្ឋាន​​ ​ប្រែប្រួលខុស​គ្នា​តិច​តួច ទៅ​តាម​ការ​ប៉ះពាល់​របស់​ឬសសរសៃ។​ ​
    • បើគាប​ឬស​សរសៃស្យ៉ាទិក​នៅ​ត្រង់​ឆ្អឹង​កងផាល (L5-S1) ​នោះអ្នក​ជំងឺ​នឹង​មាន​អាការៈ​ឈឺ​ចង្កេះ​ចាក់​ចុះ​ទៅ​​​ភ្លៅ និ​ងកំភួន​ជើង​ផ្នែក​ខាងក្រៅ ទៅ​ដល់​កែងជើង បាតជើង និង​ម្រាម​ជើង​ ​បី​ចុងក្រោយ​គេ
    • បើគាប​ឬសនៅ​ត្រង់​ឆ្អឹង​កង (​L4-L៥) នោះ​អ្នក​ជំងឺមាន​អារម្មណ៍​ឈឺចង្កេះ​​ចុះ​ទៅ​ភ្លៅ ផ្នែក​ខាង​ក្នុង ទៅកំភួន​ជើង និងលើ​ខ្នង​ជើង​ រហូតដល់​​មេជើង​ ។
  • ​ជា​ការ​ឈឺ​ខ្លាំង​ ឈឺ​មែនទែន នៅពេល​ប្រើ​កម្លាំង​ប្រឹង​លើ​អ្វី​មួយ
  • ឈឺ​ខ្លាំង​ ឈឺ​ថែម នៅ​ពេល​អង្គុយ​ ក្អក កណ្តាស
  • ​ស្ពឹក​ស្រពន់ និងមាន​អារម្មណ៍​ដូច​ស្រមោល​វា​លើ នៅ​ជើង និង​ប្រអប់​ជើង
  • សាច់ដុំ​ជើង​ចុះ​ខ្សោយ ដូច​ជា​បាត់​លំនឹង​ពេល​ឈរ
  • មាន​អារម្មណ៍​ធូរ​ស្បើយ​ពេល​បាន​សណ្តូក​ជើង ឬ​ទម្រេត​ខ្លួន​

អាការៈ​សញ្ញា​ទាំង​អស់​នេះ ស្តែង​ចេញ​ឡើង​ដោយ​ជើង​មាន​សភាព​ធម្មតា​ (គ្មាន​ស្នាម គ្មាន​ហើម គ្មាន​ប្រែព៌ណ​សម្បុរ)។

  • ករណី​ធ្ងន់ធ្ងរ​​​ខ្លាំង ៖ ជើង​បាត់​បង់​សមត្ថភាព​ធ្វើ​ចលនា។ កាន់​តែធ្ងន់ធ្ងរ ស្យ៉ាទិក​អាច​​ ធ្វើ​ឱ្យ​មាន​បញ្ហា​ រាកនោម-ទល់​នោម-ទល់លាមក។

មូលហេតុ​ស្យ៉ាទិក

ស្យ៉ាទិក​មិនមែន​ជា​ជំងឺ​ទេ តែ​ជា​អាការៈ​សញ្ញា​បញ្ជាក់​ថា សរសៃ​ស្យ៉ាទិក រលាក ឬ​មាន​បញ្ហា​។ ជា​ទូទៅ និង​ក្នុង​ករណីភាគ​ច្រើន អាការៈ​ស្យាទិក​ស្តែង​ឡើង​ ដោយ​សារតែ​​ទ្រនាប់​ឆ្អឹង​ ​​​គៀប​កិន ឬសណាមួយ​​ ក្នុង​ចំណោម​ឬសទាំង​៥​នៃ​សរសៃ​ស្យ៉ាទិក​​ ព្រោះ​ឆ្អឹង​ខ្នង​មាន​ភាព​ទ្រុឌទ្រោម ចាស់​រិចរិល ឬ​ដោយ​គ្រោះថ្នាក់​បុក​ប៉ះទង្គិច ឬ​ដោយ​ហេតុ​ឥរិយាបថ​ប្រចាំ​ថ្ងៃ​មិន​ត្រឹម​ត្រូវ។

ស្យាទិក ចាប់​មាន​​កើតជា​ញឹកញយ​ នៅ​ពេល​​មនុស្ស​ចាប់​​ចូល​ដល់​វ័យ​​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​មាន​ជំងឺ​ពុក​ឆ្អឹង​ អ្នក​ចូល​ចិត្ត​ភាព​ស្រណុក​ស្រួល​ មិន​សូវ​ធ្វើ​បញ្ចេញ​សកម្មភាព​និង​ធ្វើ​ចលនា អង្គុយ​យូរ​រាប់​ម៉ោងជាប់​គ្នា​ លើក​របស់​ធ្ងន់​ សុទ្ធ​សឹង​ជា​ជន​ដែលមាន​កត្តា​ហានិភ័យខ្ពស់​ជំរុញ​ ​​ងាយ​រងគ្រោះ​ជួប​បញ្ហា​ស្យ៉ាទិកណាស់។

ការព្យាបាល

  • ​ការ​ប្រើ​ថ្នាំ ការ
  • ​វឹកហាត់​ដោយ​ចលនា​
  • និង​ការ​វះកាត់។ ប៉ុន្តែ​ជម្រើស​ព្យាបាល​ដោយ​ការ​វះកាត់ ធ្វើ​ឡើង​បាន​ដរាប​ណា​តែ​អ្នក​ជំងឺ​បាន​សាកល្បង​គ្រប់​វិធី​​ហើយ​ នៅ​តែ​ពុំ​បាន​ធូរ​ស្បើយ។

វិធីការពារ

ចេះ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥរិយាបថ​រស់​នៅ​ប្រចាំ​ថ្ងៃ

  • ​រក្សា​ដង​ខ្លួន​ឱ្យ​ត្រង់
  • ធ្វើ​លំហាត់​ប្រាណ​និង​ចលនាជា​ប្រចាំ ដើម្បីឱ្យ​ដង​ខ្លួន​និងពោះ​មាន​ភាព​ទន់ភ្លន់​ងាយបត់បែន
  • កុំ​​អោន​ឈោង​​​​លើ​របស់​ធ្ងន់​ តែ​ត្រូវ​បន្ទន់​ជង្គង់​រួចសឹម​លើក​ឡើង...
  • ​ ដើម្បី​ឱ្យ​ការ​ព្យាបាល​ស្យ៉ាទិក​ កាន់​តែ​មាន​ប្រសិទ្ធភាព​និង​ឆាប់​ជា សូម​ព្យាយាម​ធ្វើ​កីឡា​និង​ចលនាប្រាត់ប្រាណ​បែប​ស្រទន់ គឺ​ដើរ និង​ហែលទឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ