អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ឆ្អឹងខ្នងនិងការឈឺចង្កេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឈឺខ្នង​ឬ​ឈឺ​ចង្កេះ ? ពេល​ខ្លះ​អ្នក​ជំងឺ​ផ្ទាល់​ខ្លួន មិន​អាច​បែងចែងឱ្យ​បាន​ច្បាស់​ថា​ខ្លួន​ឈឺត្រង់​ណា​ឱ្យ​ប្រាកដផង​ទេ។ ប៉ុន្តែ​អ្វី​ដែល​អាច​អះអាង​ដោយ​គ្មាន​ភាព​សង្ស័យ​គឺ​ឆ្អឹង​ខ្នង​របស់​អ្នក​កំពុង​រងគ្រោះ​ទ្រុឌទ្រោម​ហើយ។ តើ​ឆ្អឹង​ខ្នង​មាន​ប្រយោជន៍​យ៉ាងណាស ? ឆ្អឹង​ខ្នង​អាច​រងគ្រោះ​កើត​ជំងឺ​អ្វី​ខ្លះ ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​រក្សា​ឆ្អឹង​ខ្នង​ឱ្យ​បាន​រឹងមាំ ?

គំនូរ​ពន្យល់​ពី​របៀប​រក្សា​ឆ្អឹង​ខ្នង
គំនូរ​ពន្យល់​ពី​របៀប​រក្សា​ឆ្អឹង​ខ្នង © RFI
ផ្សាយពាណិជ្ជកម្ម

ការ​រក្សា​ដង​ខ្លួន​ឱ្យ​ត្រង់ គឺ​ជា​ចំណែក​មួយ​នៃ​ការ​ថែ​ទាំ​ឆ្អឹង​ខ្នងឱ្យ​នៅ​រឹង​មាំ​ល្អ និង​ ​កុំ​ឱ្យ​ឆាប់​ចាស់ទ្រុឌទ្រោម មុន​អាយុ។ ព្រោះ​បើ​ឆ្អឹង​ខ្នង​ទ្រុឌទ្រោម នោះ​យើង​ពិត​ជា​នឹង​ងាយជួប​​អាការៈឈឺចុកចាប់​យ៉ាង​​ខ្លាំង នៅ​ខ្នង នៅ​​ចង្កេះ ឬ​ឈឺដល់​​សរសៃជើង។ល។ ឆ្អឹង​ខ្នង​ ជា​សរសរ​ទ្រទ្រង់​ខ្លួន​ប្រាណ​។ គ្មានឆ្អឹង​ខ្នង​ មនុស្ស​ពិត​ជា​ពិបាករស់​ មិន​អាច​ឈរ ឬ​អង្គុយ​​​បានឡើយ។ តាមធម្មតា ​ឆ្អឹង​ខ្នង ទ្រុឌទ្រោម​ទៅ​វិវឌ្ឍន៍តាម​វ័យ អាយុ​កាន់​តែ​ច្រើន ក៏​កាន់​តែ ​​ទ្រុឌទ្រោម ​ឬ​លឿនជាង​​អាយុ​ផង ប្រសិន​បើ​យើងមិន​ចេះ​ប្រុង​ប្រយ័ត្ន​​ថែរក្សា​ឆ្អឹង​ខ្នង​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ តាំង​ពី​ក្មេង​មក​មិន​បាន​ល្អ។

ឆ្អឹង​ខ្នងរឹងមាំ ​​មាន​សុខភាព​ល្អ អាចទ្រទម្ងន់​​ខ្លួន ដោយ​គ្មាន​ផ្តល់​ការ​ឈឺ​ចាប់​អ្វី​ទាំង​អស់​ ហើយ​​អាច​​បំពេញ​តួនាទី​ជា​អ្នក​ធានា​រ៉ាប់រង​​គ្រប់​​ចលនា កោង​ ទ្រេត ត្រង់ ​របស់​ដង​ខ្លួន និង​ទប់​​ខ្លួន​​ឱ្យ​មាន​លំនឹង​​ តាម​បែប​ធម្មជាតិ។ ជា​សរសររបស់​មនុស្ស​ ឆ្អឹង​ខ្នង​មាន​តួនាទី​សំខាន់បន្ថែម​មួយ​ទៀត គឺ​ជា​របង​បាំង​ការពារខួរ​ឆ្អឹង​ខ្នង​ដែល​​ជា​បណ្តុំ​ ឬ​ជា​មណ្ឌល​ប្រមូល​ផ្តុំ​ប្រព័ន្ធ​ប្រសាទ​ដ៏​មហា​សាំញ៉ាំ និង​ចាំ​បាច់​បំផុត ខាង​ផ្នែក​ចែកចាយ​ព័ត៌មាន​ទាក់ទង​នឹង​ខ្លួន​ប្រាណ​ទៅ​ឱ្យ​ខួរ​ក្បាល និង​ពី​​ខួរក្បាល​ត្រលប់​មក​សរីរាង្គ​កាយ​វិញ។​​

​​នៅ​ចន្លោះពី​​ឆ្អឹង​កងទៅ​ឆ្អឹង​កង​ មានទ្រនាប់​ឆ្អឹង​មួយ​ទៀត (ឌីស) ដែល​មាន​តួនាទី​ជា​ទប់​ កល់​កុំ​ឱ្យ​ឆ្អឹងកង​ខ្នង​ប៉ះកកិត​​ឬ​បុក​ទង្គិច​គ្នា នៅ​ពេល​ធ្វើ​ចលនា​ ឬ​អុកទង្គិច​ជា​យថាហេតុ​ណាមួយ។ ទ្រនាប់​ឆ្អឹង​នេះ (Disques intervertébrales) មាន​រចនា​សម្ព័ន្ធ​ស្មុគស្មាញ ផ្សំ​ដោយ​ប្រព័ន្ធ​សរសៃ​ផង ឆ្អឹង​ខ្ចីផង និង​ស្នូល​ជា​ខ្លាញ់​អន្ធឹលៗ។ ស្រទាប់​ឆ្អឹង​អាច​ប្រឆាំង​ទប់​នឹងកម្លាំង​ដែលចង់​បំបែក​​ឆ្អឹងកង​ប្រេះញែក​ពី​គ្នា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ នៅ​ពេល​មាន​ការ​ទង្គិចអុក​​គ្នា​ខ្លាំង​ គឺ​ឆ្អឹងកង​​ជា​អ្នក​ខូច​ខាត​មិនមែនទ្រនាប់​ឆ្អឹង​​ឌីស​នេះ​ទេ។ ទ្រនាប់​​ឌីស មាននាទី​ជា​អ្នក​ធានា​ការ​ធ្វើ​ចលនា​របស់​ឆ្អឹង​ខ្នង កុំ​ឱ្យ​កកិត​គ្នា និងមាន​​សកម្មភាព​ជា​អ្នក​អប ​ទប់​កុំ​ឱ្យ​មាន​ករណី​អុក​ទង្គិចខ្លាំង។

ប៉ុន្តែ ​ដោយ​សារ​ភាព​ចាស់​ជរា​របស់​មនុស្ស​ ទ្រនាប់​​ឌីស​ក៏ចាស់​រិចរិល ​​បាត់​បង់​សមត្ថភាព​របស់​ខ្លួនទៅ​តាម​វ័យ និង​បាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​​ឆ្អឹង​ខ្នង​ចាប់​ចាស់​ទ្រុឌទ្រោម។ ហើយ​ ដូច​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ វ៉ូសុភៈរស្មី ខាង​លើ នៅ​ពេល​ឆ្អឹង​ខ្នង​ទ្រុឌទ្រោម ​អាការៈ​ឈឺ​ចុក​ចាប់​នឹង​ចាប់​លេច​ឡើង។ ក្រៅ​អំពី​កត្តា​អាយុ ភាព​អសកម្ម​ដើម្បី​បាន​ស្រណុក ការ​អង្គុយ​យូរ​​រាប់​ម៉ោង ការ​លើក​ដាក់ឬ​អោន​យក​វត្ថុ​ធ្ងន់​ដោយ​ចំកោង​ខ្នង​ ​ សុទ្ធ​សឹង​ជា​មូលហេតុ​នាំ​ឱ្យឆ្អឹង​ខ្នង​និង​ទ្រនាប់​​ឆ្អឹង​ឆាប់​ទ្រុឌទ្រោម។

មាន​ចំនួន​សរុប ចំនួន ៣៣ (ឆ្អឹងកង-កចំនួន ៧ ឆ្អឹងកង​ខ្នង​ ១២ ឆ្អឹង​កង​ចង្កេះ​៥ ​ឆ្អឹង​កង​ផាល​ចំនួន​៥​រលាយ​ជាប់​គ្នា នងិ​ឆ្អឹង​កង​កញ្ចូញ​គូថ​មាន​៣ទៅ​៥រលាយ​ចូលគ្នា) ប៉ុន្តែ​ ជា​ទូទៅ ឆ្អឹង​កងដែល​ងាយ​រងគ្រោះ និង​ឆាប់​រង​ការ​ទ្រុឌទ្រោម​ជាង​គេ ឆ្អឹង​ខ្នងនៃ​ក្រុម​ឆ្អឹង​កង​​ចង្កេះ​ត្រគៀក ​(និង​បន្ទាប់​មក​តិច​តួច​នៅ​ម្តុំ​ឆ្អឹង​ខ្នង​ក) ព្រោះ​ឆ្អឹង​កង​ត្រកៀក Lombaireនេះ ជា​ទម្រ​ដ៏​សំខាន់ទ្រ​ទម្ងន់​ដង​ខ្លួន​ទាំង​មូល​តែ​ម្តង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស ដល់​ពេល​​ចាស់ទៅ ​ភាគ​ច្រើន​តែង​ថ្នូរ​អំពី​អាការៈ​ឈឺខ្នង​ ឈឺ​​ចង្កេះនោះ។ តែ​បើ​ការ​ឈឺ​ចង្កេះ​មាន​លក្ខណៈ​ពិសេស​ ជាក់​ស្តែង ជា​ការ​ឈឺ​ចាក់​ទៅ​ក្រោម​ ដល់​ភ្លៅ ឬដល់​ចុង​ជើង និង​ដល់​ម្រាម​មេជើង តែ​មួយ​ចំហៀង​ខ្លួន នោះ​មាន​ន័យ​ថា​ឆ្អឹង​ខ្នង និង​ទ្រនាប់​​ឆ្អឹង​ ក៏​រង​ភាព​ទ្រុឌទ្រោម និង​ប៉ះពាល់​ដល់​សរសៃ​ហើយ។ ​សូមបញ្ជាក់​​ថា ឆ្អឹងខ្នង​និង​ទ្រនាប់​​ឆ្អឹង​ នៅ​តំបន់​ត្រកៀក មិន​មែន​ត្រឹម​តែ​ជា​ទម្រ​ដង​ខ្លួន​ទេ តែ​ឆ្អឹង​កង​ត្រង់​នេះ​ ​ជា​ឬ​សគល់​នៃ​សរសៃ​ដ៏​ច្រើន ដែល​​ត​ចុះ​មក​ជើង។

សរសៃ​ធំ​ជាងគេ​ មាន​ឈ្មោះ​ថា សរសៃ​Sciatique ត​ពី​ឆ្អឹង​កង​ទី​៥​នៃ​ឆ្អឹង​ត្រកៀក​ កាត់​តាម​ភ្លៅ​ផ្នែក​ខាង​ក្រោយ​ចុះ​មក​កំភួន​រហូត​ដល់​ចុងជើង។ ការ​ឈឺ​ចង្កេះ រាល​ចាក់​មក​ក្រោម​ដូច្នេះ​ គេ​ហៅថា​ជំងឺ​ស្យ៉ាទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ