rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ទេសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ដំឡើង​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ចំនួន​១១៨ផ្ទាំង ក្នុង​រមនីយដ្ឋានអង្គរ

media
ការ​ដំឡើង​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ នៅ​មុខ​ប្រាសាទអង្គរ​វត្ត អាជ្ញាធរ​ជាតិ​អប្សរា

ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ចំនួន​១១៨​ផ្ទាំង កំពុង​តែ​ត្រូវ​បាន​ដំឡើង​នៅ​តាម​ប្រាសាទ​នានា ក្នុង​រមនីយដ្ឋាន​អង្គរ​។ បើ​តាម​គម្រោងរបស់​អាជ្ញាធរ​ជាតិ​អប្សរា ការ​ដំឡើង​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​​ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១១​មេសា​នេះ នឹង​ត្រូវ​ធ្វើ​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​២​ខែ​។


ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ ដែល​កំពុង​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​រមនីយដ្ឋាន​អង្គរ​នេះ មាន​ព័ត៌មាន​សំខាន់​ៗ​ដូច​ជា ឈ្មោះ​ប្រាសាទ អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រក​ចេញ​ចូល​ប្រាសាទ ស្លាក​អាជ្ញាធរ​ជាតិ​អប្សរា ស្លាក​អង្គការ​យូណេស្កូ ស្លាក​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​អនុសញ្ញា​ក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ សម្រាប់​ការពារ​សម្បត្តិ​វប្បធម៌ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់​អាវុធ​។

លោក សុខ សង្វារ អគ្គនាយក​រង​ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍​អង្គរ បាន​គូស​បញ្ជាក់​ក្នុង​ឱកាស​ដំឡើង​ផ្ទាំង​ស្លាក​សញ្ញា​នៅ​ឯ​ប្រាសាទ​អង្គរ​វត្ត នា​ថ្ងៃ​ទី​១១​មេសា​ថា ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ទាំង​១១៨​នេះ មិន​ត្រូវ​បាន​យក​ទៅ​ដំឡើង​នៅ​គ្រប់​ប្រាសាទ​ទាំង​អស់​នៅ​ក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ​ទេ​។ មិន​ដំឡើង​នៅ​គ្រប់​ប្រាសាទ​ដោយ​ហេតុ​ថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ មិន​មាន​ទីតាំង​ដាក់​ស្លាក​ឈ្មោះ​ប្រាសាទ​បាន។ ចំណែក​ប្រាសាទខ្លះ​ទៀត ​អាច​ដាក់​ផ្ទាំង​ស្លាក​ឈ្មោះ​បាន​ពី​ចំនួន​មួយ​ទៅ​ដល់​បួន​ផ្ទាំង ទៅ​តាម​ទំហំ​ប្រាសាទ​។ ភាគ​ច្រើន​នៃ​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ទាំង​នេះ ត្រូវ​បាន​ដំឡើង​នៅ​ក្បែរ​ចក្រ​ចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើល​ឃើញ​របស់​ភ្ញៀវ​ទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំង​មូល​។

លោក សុខ សង្វារ សង្ឃឹម​ថា ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ដែល​កំពុង​ត្រូវ​បាន​ដំឡើង​នៅ​រមនីយដ្ឋាន​អង្គរ​នេះ នឹង​ជួយ​ផ្ដល់​ភាព​ងាយ​ស្រួល ក៏​ដូច​ជា​បទ​ពិសោធ​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ ក្នុង​ការ​ទស្សនា​តំបន់​អង្គរ បើ​ទោះ​បី​ជា​គ្មាន​មគ្គុទ្ទេសក៍​ក៏​ដោយ៕