អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គ្រឿងក្នុងជាអាហារដ៏ល្អ ចំពោះសុខភាព ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្លើម ក្រលៀន បេះដូង អណ្តាត ត្រចៀក ក្រពះ​ ពោះវៀន​ពោះតាន់ គ្រឿង​ក្នុង​គ្មាន​ឈ្មោះ​​ជា​អាហារ​ល្អ​ទេ និង​ក៏​មាន​អ្នក​មិន​ចូល​ចិត្ត​បរិភោគក៏​​ច្រើនដែរ។ ប៉ុន្តែ​ គ្រឿង​ក្នុង​មិន​អាក្រក់​ដូចការ​គិត​នោះ​ឡើយ។ តើ​គ្រឿង​ក្នុង​អាច​ល្អ​ចំពោះ​សុខភាពយ៉ាងណា? តើ​ត្រូ​វទទួល​ទាន​ក្នុង​កំរិត​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព ?

គ្រឿង​ក្នុង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងណា ?
គ្រឿង​ក្នុង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងណា ? © RFI
ផ្សាយពាណិជ្ជកម្ម

ថ្លើម​ ក្រលៀន បេះដូង អណ្តាត ​ខួរ ពោះវៀន ក្រពះ​ គ្រឿង​ក្នុង​ត្រូវបាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​គ្រឿង​ក្នុង​ក្រហម និង​គ្រឿង​ក្នុង​ស។ គ្រឿង​ក្នុង​ក្រហម ងាយ​ទទួល​ទាន ដោយ​មិន​ចាំបាច់​មាន​ការ​រៀប​ចំអ្វី​ធំដុំ​ទេ ចំណែក​គ្រឿង​ក្នុង​ស​វិញ ទាមទារ​ការលាង​សម្អាត​ចម្រាស​ និង​ជា​ទូទៅ​នៅ​ប្រទេស​បារាំង ច្រើន​តែ​រៀប​ចំ​ធ្វើ​ជា​ពិសេស​ពី​សំណាក់​អ្នក​ជំនាញ​លក់​គ្រឿង​ក្នុង​សត្វ។ គ្រឿង​ក្នុង​ក្រហម មាន​ដូច​ជា ថ្លើម​ ក្រលៀន បេះដូង អណ្តាត ថ្ពាល់​ ឯ​គ្រឿង​ក្នុង​ស គឺ​ពោះវៀន ពោះ​តាន់ ក្រពះ កោះ​ ១០០​ស្រទាប់ និង​ក្បាល ជា​ដើម​។ល។​

​ជា​ទូទៅ គ្រឿង​ក្នុង​មិន​សូវ​មាន​ឈ្មោះ​ល្អ​ទេ។ ខ្លះ​យល់​ថា​ផ្នែក​នេះ មាន​បង្កប់​ទៅ​ដោយ​ជាតិ​កូឡេស្តេរ៉ូល​ខ្លាំង ខ្លះ​ថាកខ្វល់​​មាន​បង្កប់​ទៅ​ដោយមេរោគ​គ្រប់​ប្រភេទ​ និង​ជាតិ​ពុល​ទៀត។ តើ​ការ​គិត​បែប​នេះ​ត្រឹម​ត្រូវ​ដែរ​ឬទេ ?​ មិន​ត្រឹម​ត្រូវ​ទេ។ គ្រឿង​ក្នុង​ខ្លះ​អាច​ជា​ប្រភព​នាំ​ឱ្យ​មាន​កូឡេស្តេរ៉ូល​​មែន​ ប៉ុន្តែ​គ្រឿង​ក្នុង​មាន​ជាតិ​ខ្លាញ់​តិច​ណាស់ ហើយ​ផ្តល់​ជាតិ​កាឡូរី​ទាប​ណាស់។ គ្រឿង​ក្នុង​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រូតេអ៊ីន​ និង​ជាតិ​រ៉ែ។ តើ​គ្រឿង​ក្នុង​មាន​គុណ​ប្រយោជន៍​ល្អ​យ៉ាងណា​ចំពោះ​សុខភាព ? តើ​ត្រូវ​ទទួល​ទាន​ក្នុង​កំរិត​ណា និង​យ៉ាង​ដូចម្តេច ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ប៉ាទ្រីស្ត សឺរ៉ុក (Patrick Serog) គ្រូពេទ្យ​ឯកទេស​ចំណី​អាហារ​។

តើ​គ្រឿង​ក្នុង​ អាច​ចាត់ទុក​បាន​ថា​ជាប្រភេទ​​អាហារ​ ដែល​ស្ថិត​នៅ​ក្នុងពពួក សាច់ បាន​ដែរ​ឬទេ?

Dr. Patrick Serog ៖ “គ្រឿង​ក្នុង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ ​សាច់ ! ព្រោះ​វា​មាន​គុណប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ​ច្រើន​ដូច​ផ្នែក​ដទៃ​នៃ​សាច់​ដែរ។ គ្រឿង​ក្នុង​ សម្បូរ​ជា​ពិសេស​ទៅ​ដោយ​សារធាតុ​ប្រូតេអ៊ីន ដែល​ចាំបាច់​បំផុត​នៅ​ពេល​យើង​ឃ្លាន។ ជាង​នេះ​ទៅ​ទៀត គ្រឿង​ក្នុង​ ជា​អាហារ​ដែលមាន​វីតាមីន​ច្រើន ដូច​ជា​វីតាមីន​អា វីតាមីន​បេ​គ្រប់​ប្រភេទ និងសារជាតិរ៉ែ​​ដែក សង្កស័។ល។​ សរីរាង្គ​គ្រឿង​ក្នុង​ដែល​មាន​វីតាមីន​ច្រើន​ជាង​គេ គឺ​ថ្លើម​និង​ក្រលៀន ឯគ្រឿង​ក្នុង​សដូចជា ពោះ ​ក្រពះ​ ពោះវៀន​ មិន​សូវ​មាន​វីតាមីន​ទេ។ ខុស​ពី​ជំនឿ គ្រឿងក្នុង​ពុំ​សូវ​ផ្តល់​កាឡូរី​ច្រើន​ទេ ព្រោះ​​មានផ្ទុក​​ជាតិ​លីពីត ឬ​ខ្លាញ់​តិច។ ផ្នែក​ខ្លះ​នៃ​គ្រឿង​ក្នុង​មាន​​ខ្លាញ់ច្រើន​ខ្លាំង ខ្លះមាន​តិច​តួច​មែនទែន។ ឧទាហរណ៍​ ចុង​ពោះ​វៀន​ មាន​ជាតិ​ខ្លាញ់​តិច ពោះ​គោ ​ក្រពះ​ស្ទើរ​តែ​អត់​ខ្លាញ់​សោះ ប្រសិនបើ​គេ​ចេះ​ធ្វើ ​គល់​អណ្តាត​មានខ្លាញ់​​ច្រើនជាង​ចុង​អណ្តាត តែ​សម្បូរ​ប្រូតេអ៊ីន​ខ្លាំង។

តើ​ត្រូវទទួល​ទាន​គ្រឿង​ក្នុង​ជា​អាហារ​ ប៉ុន្មាន​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កុំ​ឱ្យ​មាន​ឈ្មោះ​ហូប​ច្រើន​ជ្រុល ?

Dr. Patrick Serog ៖ បើ​ទទួល​ទានផ្នែក​ដែល​មាន​ខ្លាញ់​ខ្លាំង ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​អាច​ចាត់ទុក​ថា​ច្រើន​ជ្រុល​ហើយ។ ប៉ុន្តែ​អ្នក​បរិភោគ​តែ​គ្រឿង​ក្នុង​ដែល​មិន​សូវ​មាន​ខ្លាញ់​ ក្រពះ​ពោះវៀន​ នោះ​មិន​អី​ទេ ព្រោះ​យើង​មាន​អាហារ​ដល់​ទៅ​១៤​ពេលឯណោះ​ក្នុង​សប្តាហ៍។ ចំពោះ​​អ្នកដែល​​ចូល​ចិត្តខ្លាំង គេ​​អាច​បណ្តោយ​ខ្លួន​ញ៉ាំ គ្រឿង​ក្នុង​ មិន​សូវ​ខ្លាញ់​ លាយចម្រុះ​​ជាមួយ​គ្រឿង​ក្នុង​ខ្លាញ់​ខ្លាំង ម្តង​ ឬ​ពីរដង​ បាន​ក្នុង​អាទិត្យ។

ចុះ​តើ​ជា​ការពិត​ដែរ​ឬទេ ដែល​ថា ការ​ទទួល​ខួរ សត្វ (​ជ្រូក ឬ​គោ) ទៅ​នឹង​ធ្វើ​ឱ្យ​ក្មេង​កាន់​តែ​ឆ្លាត ?

Dr. Patrick Serog ៖ មិនពិត​ទេ ! នេះ​គ្រាន់​តែ​ជាជំនឿ​តែ​ប៉ុណ្ណោះ។ ខួរ​គ្មាន​អាហារូបត្ថម្ភ​អ្វី​ជា​ពិសេស​ លើស​ផ្នែក​ផ្សេងៗ​ទៀតនៃ​គ្រឿង​ក្នុង​​ឡើយ។ ខួរ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​មាន​ជាតិ​លីពីត​ច្រើន​ជាង​គ្រឿង​ក្នុង​ដទៃ។ តែ​ការ​ទទួល​ទាន​ខួរ​ទំនង​ជា​អាច​បង្កើន​ជាតិ​ផូស្វរ ព្រោះ​ខួរសត្វ ឬ​សត្វ​​មាន​ជាតិ​ផូស្វរ​មួយ​ទៀត​លើសមនុស្ស។

អ្នក​មាន​បញ្ហា​ខ្វះ​ឈាមស្លេកស្លាំង ​ត្រូវ​បាន​គេណែ​នាំ​ឱ្យ​ទទួល​គ្រឿង​ក្នុង។ តើ​ជា​ការ​ពិត​ដែរ​ឬទេ?

Dr. Patrick Serog ៖ មែន!​ មាន​គ្រឿង​ក្នុង​​ពីរដែល​ គ្រូពេទ្យតែង​​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ទទួល​ទាន​ គឺ ថ្លើម និង​ឈាម។ ព្រោះ​នៅ​ពេល​យើង​មានជំងឺ​ស្លេក​ស្លាំង ខ្វះ​ឈាម Anémie ឬខ្វះ​ជាតិ​ដែក គេ​ត្រូវ​តែ​រក​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​មក​បង្គប់​។ គេ​អាច​ជា​ដំបូង​ គិត​គូរ​ជា​ដំបូង​រក​ទទួល​ទាន​សាច់ ដែល​សម្បូរ​ជាតិ​ដែក​ដែរ​ ​ឱ្យ​បាន​ច្រើន​ជាង​មុន​ តែ​ការ​បន្ថែម​អាហារ​ជា​ថ្លើម និង​ឈាម ដែល​​រឹត​តែ​សម្បូរ​ជាតិ​ដែក​ខ្លាំង​ជាង​សាច់​សុទ្ធ​ទៅ​ទៀតនោះ ជា​ការ​កាន់​តែ​ប្រសើរ។ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ខ្វះ​គ្រាប់​​ឈាមស្លេកស្លាំង​​មែន គួរ​តែ​ទទួល​ទាន​ថ្លើមនិង​ឈាម​​ពីរ​ដង​ក្នុង​សប្តាហ៍ ឬ​​ក្នុង​មួយ​សប្តាហ៍ ត្រូវ​ហូប​ថ្លើម​ម្តង​ និង​ឈាម​ម្តង។

តើ​ក្មេង​ចាប់​ពី​អាយុ​ប៉ុន្មាន​ឡើង​ទៅ​អាច​ទទួល​ទាន​គ្រឿង​ក្នុង ? ១៥​ខែ​ តើ​​​ក្មេង​ពេក​ទេដឹង ?​

Dr. Patrick Serog ៖ អនុសាសន៍​របស់​វេជ្ជសាស្ត្រ​ គឺ​ត្រូវ​ផ្តល់​អាហារ​ឱ្យ​បាន​ប្លែកដល់​ទារក​និង​កុមារ។ តាមក្បួន​វេជ្ជសាស្ត្រ ​ចាប់​ពី​អាយុ​៤ឬ​៦​ខែ​ឡើង​ អ្នក​ជា​ឪពុក​ម្តាយ​អាច​ផ្តល់​អាហារ​សាច់​ដល់​កូន​បាន​ហើយ។ បើ​យោង​តាមលក្ខខណ្ឌ​​បែប​នេះ ការ​កិន​គ្រឿង​ក្នុង​ឱ្យ​កូន​ក្មេង​ញ៉ាំ មិន​ខុស​អ្វី​ពី​កិន​សាច់​ឱ្យ​ក្មេងអាយុ​ចាប់​ពី​មួយ​ឆ្នាំ​ឡើង​ញ៉ាំ​ទេ។ ​ការឱ្យ​​ក្មេង​ញ៉ាំ​គ្រឿង​ក្នុង​កាន់​តែ​ឆាប់ នឹង​ធ្វើ​ឱ្យ​ក្មេង​កាន់​តែ​ឆាប់បាន​​ស្គាល់ និ​ងបាន​ភ្លក្ស​រស់​ជាតិ​គ្រប់​បែប​យ៉ាង​ ដែល​ជា​ប្រការ​ល្អ​ទៅ​វិញ​ទេ។ ហើយ​រឿង​ក្មេង​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​នោះជា​រឿង​ផ្សេង។ តែ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​ចង់​ណែនាំ​ឱ្យ​អ្នក​ជា​ឪពុក​ម្តាយ​ ដែល​បើទោះ​​ខ្លួនឯង​មិន​ចូល​ចិត្ត​ក្តី​ ក៏​គួរ​ឱ្យ​កូន​បាន​ភ្លក្ស​អាហារ​មួយ​មុខ​នេះ។ គ្រឿង​ក្នុង​ជា​អាហារ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ​គ្រឿង​ក្នុងជា​ ​អាហារ​សាច់​ដ៏​ល្អ​ សម្រាប់​អ្នក​ពុំ​សូវ​មាន​ថវិកា។

បើ​អ្នក​មាន​ជំងឺសរសៃ​ឈាម​បេះ​ដូង គួរ​តែ​ចៀសវា​ង​កុំ​បរិភោគ​គ្រឿង​ក្នុងឬ?

Dr. Patrick Serog ៖ មិនទេ ! គ្មានហេតុផល​អ្វី​ដែល​ត្រូវ​ចៀស​មិនបរិភោគ​គ្រឿង​ក្នុង​ព្រោះ​តែ​មាន​ជំងឺ​​សរសៃ​ឈាម​បេះដូង​ជាប់​នឹង​ខ្លួន​ឡើយ។ ជា​ធម្មតា​ នៅ​ពេល​និយាយ​អំពី​ជំងឺ​សរសៃ​ឈាម​បេះ​ដូង នៅក្នុង​ករណី​នេះ គឺ​សំដៅ​លើ​ជំងឺ​មាន​ខ្លាញ់​ក្នុង​ឈាម។ មិនមែន​ព្រោះ​តែ​មាន​ជំងឺ​ខ្លាញ់​ខ្លាំង​ យើង​ត្រូវ​តែ​ឈប់​ទទួល​ទាន​គ្រឿង​ក្នុង​ឡើយ។ លោក​អ្នក​នៅ​តែ​អាច​ទទួល​ទាន​បាន​ជា​និច្ច​ គ្រាន់តែ​​ក្នុង​កំរិត​និង​បរិមាណ​ទាប មិន​ញយ​ដង​ពេក​ប៉ុណ្ណោះ។ បើ​និយាយ​អំពី​ការខ្លាច​ឡើង​ខ្លាញ់​ក្នុង​ឈាម ឬ​មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម​នេះ សូម​ចង​ចាំ​ថា សូម្បី​តែ​ការ​ទទួល​ទាន​ស៊ុត ក៏​អ្នក​មាន​ជំងឺ​កូឡេស្តេរ៉ូល ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ។ គេ​មិន​ត្រូវ​ទទួល​ទាន​ពង​មាន់​មួយ​ថ្ងៃ​មួយ ឬ​៥ទៅ​៦​គ្រាប់​ក្នុង​មួយ​សប្តាហ៍​ទេ ព្រោះ​ជា​បរិមាណ​ដ៏​ច្រើន​ជ្រុល​សម្រាប់​អ្នក​មាន​ជំងឺ​កូឡេស្តេរ៉ូល។ ប៉ុន្តែ​ ការទទួល​ទាន​គ្រឿង​ក្នុង ឬ​ថ្លើម​ដែល​មាន​កំរិត​កូឡេស្តេរ៉ូល​ខ្ពស់​ខ្លាំង​ជាង​គ្រឿង​ក្នុង​ដទៃ​ ម្តងម្កាល​​ក្នុង​សប្តាហ៍​ មិន​ចោទ​ជា​បញ្ហា​អ្វី​ដល់​សុខភាព​ទេ។ ផ្ទុយទៅ​វិញ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​របប​អាហារ​ ដើម្បី​បញ្ចុះ​ទម្ងន់​ ក្រុមគ្រូពេទ្យ​ឯកទេស សូម​ណែនាំ​ ឱ្យ​អ្នក​​ងាក​មកបរិភោគ​គ្រឿង​ក្នុង​ជា​អាហារ​ ព្រោះគ្រឿង​ក្នុងមាន​ផ្ទុក​ខ្លាញ់​តិច​បំផុត ​ជាទូទៅ លើក​លែង​តែ​ផ្នែក ក្បាល​និង​​អណ្តាត​មួយ​ចេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ