អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ហេតុអ្វីបានជាអាជ្ញាធរបារាំង ណែនាំមិនឱ្យទារកប្រើថ្នាំ Smecta ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

Smecta​ ជា​ថ្នាំ​ប្រឆាំង​អាការៈ​រាករូស ឈឺ​ពោះ​ ទើប​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​បារាំង ចេញ​សេចក្តី​ណែនាំ​ កាលពី​ដើម​ខែ​មីនា មិន​ឱ្យ​ក្មេង​ក្រោម​អាយុ​ពីរ​ឆ្នាំ ទទួល​ទាន​ទេ។ ហេតុអ្វី​បាន​ជា​អាជ្ញាធរ​បារាំង​សម្រេច​បែប​នេះ ? តើ​ថ្នាំ​ស្មិចតា អាច​បង្ក​គ្រោះថ្នាក់​យ៉ាងណា​ដល់​ទារក ? តើ​មនុស្សធំ​ពិត​ជា​អាច​បន្ត​ប្រើ​ថ្នាំ​នេះ​បាន​ប្រកប​ដោយ​សុវត្ថិភាព​ យ៉ាង​ពិត​ប្រាកដ និង​ក្នុង​កំរិត​ណា ?

ភ្នាក់ងារ​សុខាភិបាល​បារាំង បាន​ណែនាំ​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​ទទួល​ទាន​ថ្នាំ​ស្មិចតា
ភ្នាក់ងារ​សុខាភិបាល​បារាំង បាន​ណែនាំ​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​ទទួល​ទាន​ថ្នាំ​ស្មិចតា OLIEL / BSIP /AFP
ផ្សាយពាណិជ្ជកម្ម

ដោយ​​អ្នក​ស្រី ឃុន វ៉ារី ឱសថការី​ខ្មែ​ នៅ​ភូមិ​ទ័កស៊ី ជាយ​ទីក្រុង​ប៉ារីស។

ថ្នាំ​ស្មិចតា ថ្នាំ​ប្រឆាំង​នឹង​ការ​រាករូស ដែល​មាន​ប្រើ​ច្រើន និងយ៉ាង​ទូលំទូលាយ នៅ​ប្រទេស​បារាំង ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ដែរ។ ប៉ុន្តែ​កាលពី​ដើម​ខែ​មីនាកន្លង​ទៅ​ថ្មី​ៗ​នេះ​ ភ្នាក់ងារ​សុខាភិបាល​បារាំង​ បាន​ចេញ​សេចក្តី​ណែនាំ​មិន​ឱ្យ​ឪពុកម្តាយ​ផ្តល់​ថ្នាំ​ Smecta ដល់​ទារកអាយុ​ក្រោម​២​ឆ្នាំ​ប្រើ​ទេ។ ចំណែក​​​ស្រ្តី​មាន​ផ្ទៃពោះ​ ក៏​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដែរ។

ភ្នាក់ងារ​សុខាភិបាលបារាំង​ធ្វើ​ការ​​សម្រេចចិត្ត​បែប​នេះ ដោយ​យោង​ទៅលើ​ការ​សិក្សា​អង្កេត​អន្តរជាតិ​មួយ​ ស្តីអំពីកំរិត​ទាប​បំផុត​នៃ​ជាតិ​សំណរ​ដែល​អាច​បង្ក​ជាតិ​ពុល​សំណរ។​ នៅ​ក្នុង​ថ្នាំ​​ស្មិចតា ដែលផលិត​ ​ចេញ​ពីដី​ឥដ្ឋ គេ​សង្កេត​ឃើញ​មាន​ជាតិ​សំណរ ដ៏​តិច​តួច​បំផុត​មែន​ តែ​​វា​អាច​ប៉ះពាល់ដល់​សុខភាព​ទារក និង​កូន​នៅក្នុង​ផ្ទៃ។ នេះ​ជា​អនុសាសន៍​​ណែនាំ​ បង្ការ​ទុក​ជាមុន ព្រោះ​ការពារ​វា​​ប្រសើរ​ជាង​ព្យាបាល។ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​ពុំ​ដែល​ធ្លាប់​ជួប​ឬ​ឃើញ​មាន​ករណី​ពុល​ជាតិ​សំណរ​ដោយ​ការប្រើ​ថ្នាំ​ស្មិចតា​ នៅ​ឡើយ​ទេ។

ការ​ពុល​ធាតុ​សំណរ

សំណរ​អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​យើង​តាម​ផ្លូវ​ដង្ហើម និង​ផ្លូវរំលាយ​អាហារ។ ពុល​សំណរ​ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​ស្ងៀម​ស្ងាត់ ដោយ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​ការ​ហេវហត់ ឈឺក្បាល ភ្លេចភ្លាំង​ច្រើន រាករូស ក្តៀន ឈឺពោះ មិន​ឃ្លាន​អាហារ រសាប់រសល់ គេងមិន​លក់​។ យូរទៅ​អាច​ធ្វើឱ្យ​អ្នក​ជំងឺ​ស្លេក​ស្លាំង ឡើង​ឈាម មាន​ជំងឺ​បេះដូង និង​ក្រលៀន និង​បាត់បង់​ជីវិត​តែម្តង បើ​ជាតិ​សំណរ​មាន​ច្រើន​ជ្រុល​ក្នុងខ្លួន។

ចំពោះ​កុមារ ជាតិ​សំណរ​នឹង​ធ្វើ​ឱ្យ​ក្មេង​ទន់​ខ្យោយ លូតលាស់​មិន​ត្រឹម​ត្រូវ។ ស្ត្រី​មានផ្ទៃពោះ​ មិន​អាច​រក្សាគ៌ភ​បាន​ត្រឹម​ត្រូវ។

ការ​ប្រើប្រាស់​ថ្នាំ​ស្មិចតា

ហាមប្រើ​ចំពោះ​ក្មេង​ក្រោយ​អាយុ​ពីរ​ឆ្នាំ។

កុមារ​ ចាប់ពី​អាយុ​២​ឆ្នាំ​ឡើង អាច​ប្រើ​ថ្នាំស្មិចតា​ក្នុង​កំរិត​បួន​កញ្ចប់​ក្នុង​មួយ​ថ្ងៃ ក្នុងរយៈ​ពេល​បី​ថ្ងៃ​ និង​ពីរកញ្ចប់​មួយ​ថ្ងៃ​ក្នុង​រយៈ​ពេល​បួន​ថ្ងៃ។

មនុស្ស​ធំ​ពេញ​វ័យ​ បីទៅ​៦​កញ្ចប់​ក្នុង​មួយ​ថ្ងៃ​ និង​យ៉ាង​យូរ​បំផុត​៧​ថ្ងៃ

សូម​ប្រើ​ថ្នាំ​ស្មិចតា នៅ​មុន​ពេល​ទទួល​ទាន​អាហារ និង​ឱ្យ​បាន​ឆ្ងាយ​ពី​ការ​ទទួល​ទាន​ថ្នាំ​ផ្សេង​ទៀត ព្រោះ​ស្មិចតា​អាច​ស្រូប​យក​ជាតិ​ថ្នាំ​ និង​ធ្វើ​ឱ្យ​ការព្យាបាល​ជំងឺ​ផ្សេង​ទៀត​លែង​មាន​ប្រសិទ្ធភាព។

នៅពេល​មាន​អាការៈ​រាករូស យើង​បានបាត់​ជាតិ​ទឹក​អស់​ច្រើន​ណាស់ ដូច្នេះ​សូម​ពិសារ​ថ្នាំ និង​ពិសារ​ទឹក​ឱ្យ​បាន​ច្រើន។ ចៀសវាង​កុំទទួល​ទាន​បន្លែ​ផ្លែឈើ​ស្រស់ អាហារ​មាន​ជាតិ​ហិរ ទឹក​ត្រជាក់​ខ្លាំង តែ​សូម​ជ្រើសរើស​ពិសារសាច់​អាំង និង​​​បាយ​ បបរ ឱ្យ​បាន​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ