អានតួអត្ថបទ
កម្ពុជា

Freedom House៖ កម្ពុជា​គ្មាន​សេរីភាព និង​គួរ​តែ​ពិនិត្យ​ជា​ពិសេស​

នៅ​ដើម​សប្តាហ៍​នេះ អង្គការ​ឃ្លាំ​មើល​សេរីភាព​ពិភពលោក Freedom House បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​សេរីភាព​លើ​ពិភពលោក​ឆ្នាំ ២០១៩​។ នៅ​ក្នុង​របាយការណ៍​នោះ ក៏​មាន​ការ​ដាក់​ចំណាត់​ថ្នាក់​ថា កម្ពុជា ជា​ប្រទេស​គ្មាន​សេរីភាព (Not Free​) ទទួល​បាន​ត្រឹម ២៦​ពិន្ទុ លើ ១០០​ពិន្ទុ​។ មិន​ត្រឹម​តែ​ពិន្ទុ​តិច​ទេ តែ​កម្ពុជា ក៏​ថែម​ទាំង​ក្លាយ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ ដែល​គេ​ដាក់​ជាការ​កត់​សម្គាល់​ថា មាន​ការ​ប៉ះពាល់​ដល់​គន្លង​ប្រជាធិបតេយ្យ ​ និង​ទាម​ទារ​ឲ្យ​មាន​ការ​ពិនិត្យ​ជា​ពិសេស​ ក្នុង​ឆ្នាំ ២០១៩​នេះ​។ ប៉ុន្តែ​មិន​ខុស​ពី​រាល់​ដង អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​អះអាង​ថា កម្ពុជា មិន​ដែល​ផ្តល់​តម្លៃ​ពី​រឿង​ចំណាត់​ថ្នាក់​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ ហើយ​កម្ពុជា​ក៏​មាន​សេរីភាព​តាម​បែប​របស់​កម្ពុជា​ហើយ​ដែរ​។

Freedom House និងសេរីភាពនៅកម្ពុជា។
Freedom House និងសេរីភាពនៅកម្ពុជា។ @RFI
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចំនួន ១០ ដែល Freedom House ទាមទារឲ្យ​មានការ​ពិនិត្យ​ពីគន្លង​ប្រជាធិបតេយ្យ និង​បញ្ជាក់ថាប្រទេសទាំងនេះសមនឹងទទួលបានការ​តាមដានជាពិសេស​ តាមរយៈផល​ប៉ះពាល់ពីឆ្នាំ ២០១៨នោះ រួមមាន កម្ពុជា ចិន​ អាមេនៀ ប្រេស៊ីល កាម៉េរ៉ូន អេត្យូពី អ៊ីរ៉ាក់ ប៉ូឡូញ ស្រីលង្កា និង​តាន់ហ្សានៀ។​

ការឲ្យ​ត្រឹម ២៦ លើ ១០០ពិន្ទុ របស់ Freedom House ចំពោះសេរីភាពនៅកម្ពុជានេះ គឺយោង​​លើ​ហេតុផល​នៃ​ការវិវត្តន៍​នយោបាយ ​ក្នុង​រយៈពេល​ជិត ​២ឆ្នាំ​កន្លង​មក។ រយៈពេលជិត ២ឆ្នាំ ​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ ត្រូវ​បាន​រំលាយ​ចោល បូក​រួម​ទាំង​ការ​​ចាប់ និង​ឃុំ​ខ្លួន អតីត​ប្រធានបក្ស​ប្រឆាំង និង​ជា​ពិសេស​គឺ​ការ​ក្តោប​ក្តាប់​អំណាច​ទាំង​ស្រុង​ក្នុង​រដ្ឋសភា និង​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន។

របាយការណ៍​នោះ បាន​សរសេរ​បន្ត​ថា៖ «លោក​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា ​បាន​ពង្រឹង​ការ​ក្តោប​អំណាច​ស្ទើរតែ​ទាំងស្រុង​ ក្រោម​ការ​បោះឆ្នោត​ជាតិ​ ដែល​លោក​មាន​កម្លាំង​ខ្លាំង​តែ​ម្នាក់ឯង ដោយ​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​ និង​បំបិទ​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ‍»។​

យ៉ាង​ណា​ក៏​ដោយ ចំពោះ​របាយការណ៍​របស់​ Freedom House នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា លោ​ក​ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា រដ្ឋាភិបាល មិនដែល​ផ្តល់តម្លៃទៅលើ​ការ​ចាត់​ចំណាត់ថ្នាក់ណាមួយ​របស់អង្គការនេះទេ ដោយ​សារអង្គការនេះ ធ្វើការវាយតម្លៃគ្មានភាពយុត្តិធម៌ចំពោះកម្ពុជា។ តាមលោក​ផៃ ស៊ីផាន រដ្ឋាភិបាល មិនបាន​ខ្វល់​ពីការ​ចាត់​ចំណាត់ថ្នាក់កម្ពុជា លើឆាកអន្តរជាតិនោះ​ឡើយ​ ព្រោះកម្ពុជាមាន​ស្តង់ដារសេរីភាព​ តាម​បែបវប្បធម៌ និង​សេដ្ឋកិច្ច​របស់ខ្មែរ ហើយ​ពលរដ្ឋក៏ដឹងពីសេរីភាពរបស់ខ្លួន​រួចហើយដែរ។

គួរជម្រាបជូនថា បើ​គិត​ពីចំណាត់ថ្នាក់​សេរីភាពក្នុងតំបន់នៅឆ្នាំ ២០១៩ របស់ Freedom House កម្ពុជាមាន​ពិន្ទុខ្ពស់ជាងប្រទេសជិតខាង គឺឡាវ វៀតណាម និង​ថៃ ប៉ុន្តែទាប​ជាងប្រទេសចំនួន ៦ផ្សេងទៀត។ ចំណែកនៅលើពិភពលោក​វិញ ប្រទេស ដែលគ្មាន​សេរីភាពសោះតែម្តង គឺស៊ីរី ដែល​មាន ០ពិន្ទុ បន្ទាប់មក ទីបេ មាន ១ពិន្ទុ តួមេនីស្តង់ និង​សូដង់ខាងត្បូង មាន ២ពិន្ទុ ខណៈកូរ៉េខាងជើងមាន ៣ពិន្ទុ។ ហើយប្រទេសដែលមាន​សេរីភាពបំផុត ទទួលបាន ១០០ពិន្ទុពេញ គឺហ្វាំងឡង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ