អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​នៃ​វេទិកា​សភា​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ពាក់​កណ្ដាល​ខែ​មករា

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​នៃ​វេទិកា​សភា​តំបន់​អាស៊ី ប៉ាស៊ីហ្វិក នៅខេត្ត​សៀមរាប​ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ មករា ខាង​មុខ​។ កិច្ច​ប្រជុំ​លើក​ទី​២៧ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ «ការ​ពង្រឹង​ភាព​ជា​ដៃ​គូ ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​»។

ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​ក​ញ្ញា ​ឆ្នាំ​២០១៨​
ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​ក​ញ្ញា ​ឆ្នាំ​២០១៨​ @PM facebook
ផ្សាយពាណិជ្ជកម្ម

នៅ​មិន​ដល់​១០​ថ្ងៃ​ទៀត​ទេ គណៈប្រតិភូ​ជាង​២០០​នាក់ មក​ពី​២១​ប្រទេស នឹង​មាន​វត្តមាន​លើ​ទឹក​ដី​អង្គរ ក្នុង​ខេត្ត​សៀមរាប ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​២៧ នៃ​វេទិកា​សភា​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​។ វេទិកា​សភា អាស៊ី ប៉ាស៊ីហ្វិក ឬ Asia Pacific Parliamentary Forum ហៅ​កាត់​ថា APPF បាន​បង្កើត​ឡើង​នៅ​ទីក្រុង​តូក្យូ ក្នុង​ឆ្នាំ​១៩៩៣​។ ​APPF មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន​២៧​ប្រទេស​។ សម្រាប់​កម្ពុជា ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ APPF នា​ពេល​នេះ គឺ​ជា​ជោគជ័យ​លើ​វិស័យ​ការទូត​សភា​កម្ពុជា​។

នៅ​ក្នុង​ខេត្ត​សៀមរាប គណៈប្រតិភូ​ដែល​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ APPF នឹង​ពិភាក្សា​លើ​របៀប​វារៈក្នុង​វិស័យ​ចំនួន​៥​​សំខាន់​​ដូច​ជា វិស័យ​សមាជិក​សភា​ស្ដ្រី វិស័យ​នយោបាយ​និង​សន្តិសុខ វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម វិស័យ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់ និង​អនាគត​នៃ APPF​។

គិត​ត្រឹម​ពេល​នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​រៀបចំ APPF កាល​ពី​ថ្ងៃ​សុក្រ​ ទី​០៣​មករា ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​ដំណើរការ​កិច្ច​ប្រជុំ​នៃ​វេទិកា​សភា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក APPF ដោយ​រង់​ចាំ​តែ​ថ្ងៃ​អនុវត្ត​មក​ដល់​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ជូន​ថា ក្រៅ​ពី​ជា​សមាជិក​វេទិកា​សភា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក APPF, សភា​កម្ពុជា​ក៏​ជា​សមាជិក​​នៃ​វេទិកា​អន្ដរសភា​ដទៃ​ទៀត​ផង​ដែរ មាន​ជា​អាថិ៍៖ សហភាព​អន្ដរសភា IPU, អន្ដរសភា​អាស៊ាន AIPA, សភា​តំបន់​អាស៊ី APA, កិច្ច​ប្រជុំ​ភាព​ជា​ដៃ​គូ​សភាអាស៊ី​អឺរ៉ុប ASEP, និង​វេទិកាសភា​និយាយ​ភាសា​បារាំង APF ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ