rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កីឡា ប្រវត្តិសាស្រ្ត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍កីឡា​អបអរ​ខួប​២០​ឆ្នាំ​នៃ​សមាហរណកម្ម​នៅ​ស្រុក​អន្លង់​វែង

media
ព្រឹត្តិការណ៍​កីឡា «ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ» Anlong Veng Peace Center

ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​សមាហរណកម្ម​នៅ​ស្រុក​អន្លង់​វែង ក្នុង​ឆ្នាំ​១៩៩៨, ព្រឹត្តិការណ៍​កីឡា​មួយ នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ដើម​ឆ្នាំ​ក្រោយ នៅ​ស្រុក​អន្លង់​វែង​។ បើ​តាម​អ្នក​រៀបចំ​កម្មវិធី ព្រឹត្តិការណ៍​កីឡា «ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ» គឺ​ជា​ឱកាស​ឲ្យ​សាធារណជន​ស្វែង​យល់​ពី​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​របស់​ស្រុក​អន្លង់វែង ដែល​ជា​តំបន់​តស៊ូ​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​ ហើយ​ត្រូវ​បាន​ធ្វើ​សមាហរណកម្មចុង​ក្រោយ ​នៅ​ឆ្នាំ​១៩៩៨​។


«ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ» គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ដើម​ឆ្នាំ​២០១៩​ខាង​មុខ នៅ​លើ​ភ្នំ​ដង​រែក ក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ​ ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​សមាហរណកម្ម​នៅ​ស្រុក​អន្លង់​វែង ក្នុង​ឆ្នាំ​១៩៩៨។ បើ​តាម​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រឹត្តិការណ៍ «ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ» នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​៦​ព្រឹក នៅ​ចំណុច​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អន្លង់​វែង ឬ​សារមន្ទីរ​អតីត​ផ្ទះ​តាម៉ុក។

​អ្នក​ចូល​រួម​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង កាត់ទីតាំង​និង​អគារ​ប្រវត្តិសាស្ត្រ រួម​មាន​ទី​បញ្ជាការ​និង​កន្លែង​ស្នាក់​សំខាន់​ៗ​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។ ទន្ទឹម​គ្នា​នេះ អ្នក​ចូល​រួម​ក៏​នឹង​អាច​មើល​ឃើញ​ជ្រលង​ដង​អូរ​តូច​ៗ​ដូច​ម្រាម​ដៃ វាល​ស្រែ​ស្រូវ​ដ៏​លន្លង់​លន្លោច ត្រពាំង​បឹង​បួរ និង​ទឹក​ជ្រោះ​ដ៏​អាថិ៍​កំបាំង​ ព្រម​ទាំង​អាច​ក្រឡេក​ភ្នែក​ទៅ​ឃើញ​ប្រទេស​ថៃ ពី​ច្រាក​ភ្នំ​ថែម​ទៀត​។

ជា​ការ​កត់​សម្គាល់ អន្លង់​វែង ជា​តំបន់​តស៊ូ​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម មុន​ពេល​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៨​។ អន្លង់វែង ធ្លាប់​ជា​​ចំណុច​ជួរ​មុខ​ដ៏​ក្ដៅ​គគុក​នៃ​ជម្លោះ​ព្រំដែនជាមួយ​ប្រទេស​ថៃ​។ សព្វ​ថ្ងៃ​នេះ អន្លង់វែង​នៅ​តែ​ជា​តំបន់​ដែល​បង្កប់​ដោយ​ភាព​អាថិ៍កំបាំង សក្តិសម​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង គយគន់​សម្រស់​ធម្មជាតិ និង​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​កីឡា «ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ» រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ សាលា​ស្រុក​អន្លង់​វែង និងមជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​៕