អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​កម្ពុជា​អនុម័ត​ជា​ស្ថាពរ សេចក្ដី​ស្នើច្បាប់​បើក​ផ្លូវ​ឲ្យ​អតីតមន្ដ្រី CNRP ​ត្រឡប់​ចូល​ឆាក​នយោបាយ

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​ធ្នូ ​នេះ បាន​អនុម័ត​ជា​ស្ថាពរ សេចក្ដី​ស្នើច្បាប់​ស្ដី​ពី​​វិសោធនកម្ម​ច្បាប់ស្ដី​ពី​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឲ្យ​អតីត​មន្ដ្រី​បក្ស​ប្រឆាំង ត្រឡប់​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​។ ការ​អនុម័ត​នេះ ធ្វើ​ឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា ដឹក​នាំ​ដោយ​លោក ហេង សំរិន ក្នុង​សំឡេង​គាំទ្រ ១១៥​សំឡេង ​លើ​១១៥​សំឡេង។

សម័យ​ប្រជុំ​​របស់​រដ្ឋសភាអាណត្តិ​ទី​៦ នា​ដើម​ខែ​កញ្ញា កន្លង​ទៅ
សម័យ​ប្រជុំ​​របស់​រដ្ឋសភាអាណត្តិ​ទី​៦ នា​ដើម​ខែ​កញ្ញា កន្លង​ទៅ @PM facebook
ផ្សាយពាណិជ្ជកម្ម

វិសោធនកម្ម​មាត្រា​៤៥ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ទើប​តែ​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​អនុម័ត​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់​ច្បាស់​ថា បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​មិន​អាច​ធ្វើ​នយោបាយ អាច​វិល​ចូល​ឆាក​នយោបាយ​ឡើង​វិញ​បាន បន្ទាប់​ពី​ផុត​រយៈ​ពេល​នៃ​ការ​ហាម​ឃាត់​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវ​បាន​ផ្ដល់​នីតិ​សម្បទា​ឡើង​វិញ​ដោយ​ព្រះ​មហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋ​មន្ដ្រី តាម​សេចក្ដី​ស្នើ​សុំ​របស់​ក្រសួង​មហាផ្ទៃ​។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ត្រង់​ចំណុច​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន​ចាត់​ទុក​ថា ជា​ការ​បើក​ផ្លូវ​ឲ្យ​អតីត​មន្ដ្រី​បក្ស​ប្រឆាំង​ត្រឡប់​ចូល​ឆាកនយោបាយ​ឡើង​វិញ។ យ៉ាង​ណា​ក៏​ដោយ ការ​លើក​ឡើង​ដូច្នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ​ច្រាន​ចោល​។ នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កាត់ដេរ​ជាង​២​ម៉ឺន​នាក់ ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​អង្គារ​ទី​១២​ធ្នូ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់នេះ មិន​មែន​ធ្វើ​ឡើង​ដើម្បី​បំរើ​គណបក្ស​នយោបាយ ឬ​ក្រុម​ណា​មួយ​ឡើយ​។ និង​ថា ការ​ស្នើ​សុំ​លើក​លែង​បំរាម​នយោបាយ​បន្ទាប់​ពី​ច្បាប់​ចូល​ជា​ធរមាន គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ឡើង​ម្ដង​ទាំង​អស់​គ្នា​នោះ​ទេ​។ នេះ​បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។

ចំណែកលោក ហេង សំរិន ប្រធាន​រដ្ឋសភា ពន្យល់​ថា វិសោធនកម្ម​ច្បាប់​ដែល​អ្នក​តំណាង​រាស្ត្រ​ទាំង​១១៥​រូប បោះ​ឆ្នោត​អនុម័ត​នា​ពេល​នេះ គឺ​ជា​វិធានការ​ធានា​ភាព​ច្បាស់​លាស់​អំពី​បុគ្គល​ដែល​ត្រូវ​តុលាការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ ដើម្បី​លើក​កម្ពស់​ស្មារតី​បង្រួប​បង្រួម​ជាតិ ក៏​ដូច​ជាពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​នៅ​កម្ពុជា​។ បើ​តាម​លោក ហេង សំរិន អ្នក​នយោបាយ​ដែល​បាត់​បង់​សិទ្ធិ​នយោបាយ​តាម​អំណាច​សាល​ដីកា​តែ​មិន​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ប្រយោជន៍​ជាតិ ក៏​ដូច​ជា​មិន​ប៉ះពាល់​ដល់​ការណ៍​នីតិរដ្ឋ​និង​សន្តិសុខ​ជាតិ នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញតាម​រយៈ​វិសោធនកម្មច្បាប់​នេះ។

គួរ​ជម្រាប​ថា វិសោធនកម្ម​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​នយោបាយ​ដែល​រង​បម្រាម​តុលាការ អាច​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ បាន​ទទួល​ទាំង​ការ​ស្វាគមន៍​និង​រិះគន់​។ អ្នក​ស្វាគមន៍ចាត់​ទុក​ថា នេះ​ជា​ការ​ស្ដារ​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ ខណៈ​អ្នក​រិះគន់​ចាត់​ទុក​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ថា ជា​ដំណោះ​ស្រាយ​តែ​មួយជ្រុង ជា​ដំណោះ​ស្រាយ​ក្លែង​ក្លាយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ