អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ សម​ រង្ស៊ី​ អះ​អាង​ថា​ លោក​ ហ៊ុន​ សែន​ កំពុង​តែ​ដក​ខ្លួន​ថយ​ ពី​ការ​ភ្នាល់​ជា​មួយ​លោក​

ជា​ថ្មី​ម្តង​ទៀត ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ លោក​ សម​ រង្ស៊ី​ បាន​អះ​អាង​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​កំពុង​តែ​ភ័យ​ស្លន់​ស្លោ​ ពី​លទ្ធផល​នៃ​ការ​ភ្នាល់​ជា​មួយ​លោក​ ហើយ​ថា​លោក ​ហ៊ុន ​សែន ​កំពុង​តែ​រក​ច្រក​ចេញ​ពី​ការ​ភ្នាល់​នេះ​។​ លោក​ សម​ រង្ស៊ី​​ បញ្ជាក់ថា​ លោក ហ៊ុន​ សែន ​ទើប​តែ​ដឹង​ខ្លួន​ថា ​គាត់​ជាប់​អន្ទាក់​របស់​លោក​។​

​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន  និង លោក សម រង្ស៊ី
​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី @សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានអះអាងថា «ដោយសារតែគាត់ឃើញថា សម្ពាធពីអន្តរជាតិ មកលើគាត់កាន់តែខ្លាំងឡើង ហើយគាត់​ត្រូវ​តែបង្ខំ​ចិត្ត​ដោះ​លែង​លោក កឹម សុខា កាន់តែឆាប់ គាត់ក៏ក្រឡាស់ពាក្យសំដីគាត់ ដើម្បីដកខ្លួនថយ ពី​ការ​ភ្នាល់ជាមួយ លោក សម រង្ស៊ី»។ លោក សម រង្ស៊ី បានអះអាងទៀតថា «អ្វីដែល​ធ្វើ​ឲ្យ​លោក​ ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោនោះ គឺគាត់​បាន​ដាក់​តំណែង​គាត់​ជា​នាយក​រដ្ឋ​មន្ត្រី​ ជាកម្មវត្ថុ នៃការភ្នាល់នេះ បើលោក កឹម សុខា ត្រូវបានដោះលែង នៅថ្ងៃទី ២៩ ខែ​ធ្នូ​ ឆ្នាំ ២០១៨ ឬយ៉ាងយូរ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះមែន»។

បើតាម លោក សម រង្ស៊ី «ដោយសារតែលោក ហ៊ុន សែន ពេលនេះ កំពុង​តែ​ភ័យ​ខ្លាំង​ពេក​ ពីការត្រូវចុះចេញពីតំណែង យ៉ាងយូរថ្ងៃ ០៣ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ គាត់​ក៏​ប៉ុន​ប៉ង​កែច្នៃ និងក្រឡាច់កម្មវត្ថុ និងលក្ខខណ្ឌនៃការភ្នាល់នេះ ដោយ​អះអាង​ចុង​ក្រោយ​នេះ​ថា ​រឿងនេះ ពាក់ព័ន្ធទៅនឹងការស្នើពីគាត់ ទៅព្រះមហាក្សត្រ ឲ្យលើក​លែង​ទោស​លោក កឹម សុខា ទៅវិញ។ តាមការពិត ការភ្នាល់នេះ អត់​មាន​ពាក់​ព័ន្ធ​ការ​ស្នើ​ទៅព្រះ​មហាក្សត្រ​ ឲ្យលើកលែងទោសលោក កឹម សុខា ទាល់តែសោះ»។ នេះជាការ​លើក​ឡើង​របស់​អតីតប្រធាន​គណបក្សប្រឆាំងដដែលនេះ។

សូមបញ្ជាក់ថា ការបន្តលើកឡើងរបស់ លោក សម រង្ស៊ី នេះគឺ​បន្ទាប់ពី​លោក ហ៊ុន សែន តាម​រយៈកិច្ចសម្ភាសជាមួយ​សារព័ត៌មាន ​Fresh News កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លង​ទៅ ​បានថ្លែងថា «យោងតាមច្បាប់ជាធរមាន ទោះ១០០០ឆ្នាំទៀត ក៏​មិន​អាចកើត​បាន​ដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬ​តុលាការ​មិនទាន់​កាត់​ឲ្យ​មានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំ​ថា​ឡើយ​ត្រឹម​សេះ​ដុះ​ស្នែង​»។

លោកប្រមុខរដ្ឋាភិបាលបន្តថា អ្នកដែលចូលចិត្តវាយប្រហារលើរូបលោក គឺ​«អត់​ចេះ​ស្តាប់ ​និងសិក្សាពីសំដី ដែលបង្កប់ដោយន័យនយោបាយ និង​ផ្លូវ​ច្បាប់»​ដែល​លោក​បាន​និយាយនោះ​ទេ ហើយគេរៀបអន្ទាក់ដាក់លោក តែ«ពេលនេះគេ​ដើរ​ជាន់​អន្ទាក់​ខ្លួន​ឯង​ទៅ​វិញ»​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ