អស់រដូវជាដំណាក់កាលមួយដែលគ្រប់ស្ត្រី ត្រូវឆ្លងកាត់ ដោយចៀសមិនរួច នៅពេលចូលដល់វ័យ ជាងសែ និងចូលហាសិបផ្លាយឆ្នាំ។ ឡើងទម្ងន់ ជ្រុះសក់ ចេះតែស្អុះស្អាប់ បែកញើស ... សុទ្ធសឹងជាអាការៈដែលគេសង្កេតឃើញមានកើតឡើងចំពោះស្ត្រីពេលអស់រដូវ។ ស្ត្រីខ្លះធ្វើទុក្ខខ្លាំង ពេលជិតអស់រដូវ ស្ត្រីខ្លះទៀតមិនសូវរងការរំខានទេ។ បើដូច្នេះតើត្រូវធ្វើដូចម្តេច ដើម្បីចៀសវាងដំណាក់កាលនេះ ? តើមានការព្យាបាលដែរឬទេ ?
បើតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក គេអាចចាត់ទុកស្ត្រីម្នាក់ថាអស់រដូវ គឺនៅពេលស្ត្រី នោះលែងមានធ្លាក់រដូវសោះពេញមួយឆ្នាំជាប់គ្នា។ នៅប្រទេសបារាំង អាយុ៥១ឆ្នាំ ជាអាយុកាលមធ្យម ដែលស្ត្រីត្រូវអស់រដូវ។ បើអស់ខែនៅអាយុមុន៤១ឆ្នាំ នោះគេអាចចាត់ទុកថាជាករណីអស់រដូវឆាប់ជ្រុល (១ទៅ២%) ហើយជាករណីយូរជ្រុលបើស្ត្រីមានអាយុឡើងដល់ ៥៥ឆ្នាំ។ ហ្សែនជាអ្នកកំណត់អាយុកាលនៃការអស់រដូវ ! ប៉ុន្តែ ជំងឺ ការវះកាត់ ការប្រើថ្នាំ ការព្យាបាលជំងឺធ្ងន់ៗ អាចជាកត្តាក្រៅខ្លួនផ្សេងទៀតដែលបង្កផលប៉ះពាល់ខ្លាំងឬខ្សោយ ទៅលើវដ្តរដូវ និងធ្វើឱ្យស្ត្រីឆាប់អស់រដូវ។
អស់រដូវជាដំណាក់កាល ដែលគ្មានស្ត្រីណាម្នាក់អាចចៀសបានឡើយ។ ប៉ុន្តែ គ្រប់ស្ត្រីមិនឆ្លងកាត់ដំណាក់កាលនេះដូចគ្នាទេ !
មុននឹងអស់រដូវទាំងស្រុង ស្ត្រីអាចមានអាការៈសញ្ញាប្លែកៗជាច្រើន ដែលភាសាបច្ចេកទេស ហៅថា រោគសញ្ញាមុនអស់រដូវ Périménopause (ដំណាក់កាលមុនអស់រដូវ) ឬClimatérique à la ménopause ជាភាសាបច្ចេកទេស ដូចជា ៖ ភាយកម្តៅពីក្នុងខ្លួន (ក្តៅស្អុះស្អាប់ ក្រហល់ក្រហាយ) បែកញើសពេលយប់ ឡើងទម្ងន់ ជ្រុះសក់...
អស់រដូវជាអ្វី ?
លោកស្រីសាស្ត្រាចារ្យវេជ្ជសាស្ត្រ Anne Gompel ឯកទេសរោគស្ត្រី នៅមន្ទីរពេទ្យកូហ្សាំង ក្រុងប៉ារីស ៖ “អស់រដូវ គឺជាការបញ្ឈប់ទាំងស្រុងនូវការធ្លាក់ឈាមរដូវដែលស្ត្រីតែងមានជារៀងរាល់ខែ ដោយស្ត្រីអស់(ពង)មេជីវិតរលីង ពីអូវែររបស់ខ្លួន។ ខុសពីបុរស ស្ត្រីមានចំនួនមេជីវិតកំណត់ច្បាស់លាស់។ អស់រដូវជាដំណាក់កាលដ៏លំបាកមួយនៃជីវិតស្ត្រី ! ជាធម្មតា ចំពោះស្ត្រីស្ទើរគ្រប់រូបទាំងអស់ ការអស់រដូវមិនមែនប្តូរផ្លាស់ក្រឡាស់ភ្លាមភ្លែត ខែនេះមានរដូវស្អែកឡើងអស់ភ្លាមទេ ! មុននឹងចាប់អស់រដូវ ស្ត្រីអាចមានជួបអាការៈ ជាច្រើន ដូចជា «ក្តៅស្អុះស្អាប់ បែកញើសពេលយប់ អស់កម្លាំង ឈឺក្បាល ឈឺសន្លាក់ដៃជើង ហើយស្ត្រីខ្លះស្រពន់ដៃជើង ខ្លះទៀតវិលមុខ និងអាចមានអារម្មណ៍មិនល្អ មួរហ្មង ឆាប់ខឹង ឆេវឆាវ ឬបាក់ទឹកចិត្ត គេងមិនលក់ អស់ចំណង់ផ្លូវភេទ ភ្នាសស្ងួតក្រៀម ស្បែកក៏ស្ងួត ជ្រុះសក់ ។ល។ និង។ល។ ស្ត្រីក្នុងវ័យអស់រដូវ មានអាការៈសញ្ញាទាំងនេះ ក្នុងអំឡុងពេលជាមធ្យម៤ឆ្នាំ ! ការធ្វើទុក្ខអាចចាប់ផ្តើមច្រើនឆ្នាំមុនរៀបអស់រដូវទាំងស្រុង តែក៏អាចខ្លីត្រឹម៦ខែក៏មាន។ ស្ត្រីខ្លះ ដំណាក់កាលមុនអស់រដូវអាចធ្វើទុក្ខដល់ទៅ១០ឆ្នាំឯណោះ។
ប៉ុន្តែស្ត្រីទាំងអស់មិនដូចគ្នាឡើយ ! រយៈពេលធ្វើទុក្ខ ប្រែប្រួលខ្លីឬយូរ ទៅតាមមនុស្ស។ ជាសំណាងល្អ គ្រប់ស្ត្រីមិនមែនសុទ្ធតែមានគ្រប់រោគសញ្ញាដូចរៀបរាប់មកនេះទេ ! ៨០% នៃស្ត្រីក្នុងវ័យអស់រដូវ ត្រូវឆ្លងកាត់ដំណាក់កាលនេះ និងមានរោគសញ្ញាមួយ ក្នុងចំណោមអាការៈខាងលើ និងក្នុងរយៈពេល ជួនវែងជួនខ្លីដែលគ្មាននរណាអាចកំណត់បានឡើយ។”
ចុះតើមានមធ្យោបាយអ្វីការពារ ឬទប់ស្កាត់ជាមុន មិនឱ្យមានរោគសញ្ញានេះកើតឡើង បានទេ ?
លោកស្រីវេជ្ជបណ្ឌិត Anne Gompel ៖ “ចាស ! គេមិនអាចទប់ស្កាត់ជាមុនបានទេ ! ប៉ុន្តែគេអាចព្យាបាលបាន។ មុនពេលចាប់អស់ខែ គ្រូពេទ្យអាចផ្តល់ថ្នាំពពួកProgestérone និងProgestatif ដើម្បីសម្រួលវដ្តរដូវ។ ជាទូទៅ និងបើតាមក្បួនពេទ្យ ថ្នាំនេះអាចជួយ និងព្យាបាលស្ត្រីបាន៨០% មិនឱ្យមានអាការៈចេះតែឡើងកម្តៅស្អុះស្អាប់។ ហើយគេអាចផ្តល់ថ្នាំលាប សម្រាប់ព្យាបាលភាពស្ងួត នៅតាមភ្នាស ឬនៅលើស្បែក។ ក្រោយពេលអស់រដូវទាំងស្រុង គ្រូពេទ្យអាចផ្តល់ការព្យាបាលដោយប្រើអ័រមូនពិសេសសម្រាប់អ្នកអស់រដូវ ឬព្យាបាលដោយគ្មានអ័រមូនក៏បាន។ ជម្រើសវិធីព្យាបាលនេះ ជាសេចក្តីសម្រេចរបស់ស្ត្រីផ្ទាល់ខ្លួនផង និងរបស់វេជ្ជបណ្ឌិតផង។ គ្រូពេទ្យមានភារៈធ្វើការវាយតម្លៃអំពីហានិភ័យសុខភាពទូទៅដែលស្ត្រីអាចជួបប្រទះ និងវាយតម្លៃអំពីកំរិតនៃការធ្វើទុក្ខ (ក្រោយអស់រដូវ) មុននឹងស្នើដំណោះស្រាយព្យាបាល ដែលល្អជាងប្រសើរជាងគេ និងដែលស្រ្តីអាចទទួលយកបាន។”
ដំបូន្មានរបស់លោកស្រីវេជ្ជបណ្ឌិត Anne Gompel ៖ មុនគិតគូររកវិធីព្យាបាល ដោយអ័រមូនឬអត់នោះ សូមសុភាពនារីទាំងឡាយ ហាត់ប្រាណ ធ្វើកីឡាកាយសម្បទា ទទួលទានអាហារឱ្យត្រឹមត្រូវ បន្លែត្រីសាច់ ដើម្បីអាចកាត់បន្ថយអាការៈសញ្ញាធ្វើទុក្ខមុនអស់រដូវមួយចំនួន។ ធ្វើសមាធិ ក៏ជាអនុសាសន៍មួយសម្រាប់ស្ត្រីវ័យនេះដែរ។
អស់រដូវ ប្រៀបដូចជាដំណាក់កាលថ្មីមួយនៃជីវិតដែលទាមទារឱ្យស្ត្រីគ្រប់រូប ត្រូវចេះមានការប្រុងប្រយ័ត្នជាងមុន ព្រោះស្ត្រីអាចមានហានិភ័យខ្ពស់ក្នុងការជួបគ្រោះ កើតជំងឺពុកឆ្អឹង វិបត្តិសរសៃឈាមបេះដូង ...
ជំងឺពុកឆ្អឹង ៖ ក្នុងឆ្នាំដំបូងនៃការអស់រដូវភ្លាម ឆ្អឹងបាត់បង់ទម្ងន់យ៉ាងឆាប់រហ័ស។ បើមានការប៉ះទង្គិចអ្វីខ្លាំងបន្តិចនឹងអាចបាក់ភ្លាម។ មួយភាគបួននៃស្ត្រីក្នុងវ័យពី៦០ទៅ៧៥ឆ្នាំ ច្រើនមានបញ្ហានេះ។ ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន ប្រសិនបើអ្នកមានរាងស្តើងស្រាប់ ឬមានម្តាយធ្លាប់ជួបបញ្ហាពុកឆ្អឹងនេះ។ ដើម្បីដឹងច្បាស់ គេអាចធ្វើការថ្លឹងវាស់កំរិតមាសមាឌឆ្អឹងបាន។
វិបត្តិសរសៃឈាមបេះដូង ៖ ក្រោយអស់រដូវ គ្រោះកើតជំងឺសរសៃឈាមបេះដូង បានកើនឡើង ជាពិសេសចំពោះអ្នកដែលឆាប់អស់រដូវ។ អស់រដូវ អ័រមូនអើស្ត្រូហ្សែនចុះ កូឡេស្តេរ៉ូលអាចកើនឡើង សរសៃឈាមអារទែ ចាស់យារ។ សូមឧស្សាហ៍ទៅមើលឈាម។
បន្តតាមដានសុខភាព ៖ អស់រដូវ តែនៅមានស្បូន ដូច្នេះការត្រួតពិនិត្យសុខភាពរោគស្ត្រីត្រូវរក្សាធ្វើជារៀងរាល់ឆ្នាំ ដើម្បីមើលថែភាពរំខានបង្កដោយការអស់រដូវផង និងវែករកមេរោគមហារីកស្បូននិងដៃស្បូនផង ព្រោះហានិភ័យឡើងកាន់ខ្ពស់ក្រោយពេលអស់រដូវ។ តែមហារីកមាត់ស្បូនបានថយចុះ គេអាចពន្យារពេលធ្វើវិភាគជារៀងរាល់បីឆ្នាំម្តងក៏បាន និងរៀងរាល់ពីរឆ្នាំម្តង ចំពោះការថតឆ្លុះសុដន់។
ជីវិតរួមភេទ ៖ នៅពេលអស់រដូវ ស្ត្រីលែងអាចបង្កកំណើតបាន ហើយងាយនឹងជួបគ្រោះរាគនោម អាចមានផលវិបាកនៅប្រដាប់ភេទច្រើនដូចជា ស្ងួត រមាស់ រលាក ... ប៉ុន្តែជីវិតរួមផ្លូវភេទមិនចប់ទេ ! គួររក្សាទម្លាប់រួមរស់ជាមួយស្វាមីដដែល ដើម្បីទ្រង់ទ្រង់ឱ្យមានការបញ្ចេញជាតិរំអិលមកចិញ្ចឹមស្រទាប់ភ្នាស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ