អានតួអត្ថបទ
កម្ពុជា-អូស្ត្រាលី

​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលីទទួល​បាន​ការ​លើក​លែង​ទោស​

លោក សាយ ឈុំ ដែល​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី នៅ​ថ្ងៃ​សុក្រ​ទី​២១​កញ្ញា​នេះ បាន​សម្រេច​លើក​លែង​ទោសឲ្យ​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី លោក James Ricketson។ លោក James Ricketson ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធាគារ​៦​ឆ្នាំ ពី​បទ​ចារកម្ម​និង​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជា​អាថិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយការ​ការពារ​ជាតិ​។

លោក Jame Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលី​ ត្រូវបានរុញចូលរថយន្តបន្ទាប់ពីចេញពីតុលាការនា​ពេល​កន្លង​មក
លោក Jame Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលី​ ត្រូវបានរុញចូលរថយន្តបន្ទាប់ពីចេញពីតុលាការនា​ពេល​កន្លង​មក @REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

២២​ថ្ងៃ​ក្រោយ​ការ​ប្រកាស​សាល​ក្រម​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ ពោល​គឺ​នៅ​ថ្ងៃ​ទី​២១​កញ្ញា​នេះ ​លោក James Ricketson ត្រូវ​បាន​លើក​លែង​ទោស​ដោយ​លោក សាយ ឈុំ ដែល​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​​។ ​ព្រះ​រាជក្រឹត្យចុះ​ថ្ងៃ​ទី​២១​កញ្ញា​បញ្ជាក់​ថា ត្រូវ​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ James Staniforth Ricketson។ លោក James Ricketson អាយុ​៦៨​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ចារកម្ម​និង​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជា​អាថិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយការ​ការពារ​ជាតិ តាម​មាត្រា​៣៣៩ និង​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​​។

ក្រៅ​ពី​ទទួល​បាន​ការ​លើក​លែង​ទោស លោក James Ricketson ក៏​ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ដោះ​លែង​ពី​ពន្ធនាគារ​ផង​ដែរ​។ នេះ​បើ​តាម​ដីការ​បង្គាប់​ឲ្យ​ដោះ​លែង ចុះ​ថ្ងៃ​ទី​២១​កញ្ញា​នេះ​។

សូម​រំឭក​ជូន​ថា លោក James Ricketson អ្នក​ផលិត​ភាពយន្ត​ជនជាតិ​អូស្ត្រាលី ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន ថត​រូបភាព​និង​វីដេអូ​ពី​លើ​អាកាស នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្បែរ​ស្ពានជ្រោយ​ចង្វារ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧​។

ការ​ចោទ​ប្រកាន់​និង​ផ្ដន្ទាទោស​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ពី​សំណាក់​តុលាការ​កម្ពុជា​នេះ បាន​ទទួល​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អង្គការ​ជាតិ​និង​អន្ដរជាតិ​ ដូច​ជា ក្លិប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា, អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន, អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស, និង​សមាគម​អប់រំ​និង​ស្រាវ​ជ្រាវ​វិជ្ជាជីវៈ​សារព័ត៌មាន​នៃ​ប្រទេស​អូស្ត្រាលី​ជា​ដើម​។ ស្ថាប័ន​ទាំង​នេះ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កម្ពុជា ថា​មិន​អាច​ទទួល​យក​បាន និង​ថា ជា​ការ​សម្រេច​ដោយ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ