អានតួអត្ថបទ
អឺរ៉ុប-កម្ពុជា

សភាអឺរ៉ុប​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក​កឹម សុខា​ឲ្យ​មាន​សេរីភាព​ពេញលេញ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កញ្ញា សភា​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ​ស្តីពី​ស្ថានការណ៍​នៅ​ក្នុង​កម្ពុជា​ដោយ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ឲ្យ​ទម្លាក់​គ្រប់​បទចោទប្រកាន់ និង​ដោះលែង​លោក​កឹម សុខា​ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ។ ក្រៅ​ពី​ករណី​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​លោក​កឹម សុខា សភា​អឺរ៉ុប​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទចោទ​ប្រកាន់​លើ​ថ្នាក់ដឹកនាំ​នយោបាយ​ផ្សេង​ទៀត​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ មាន​ទាំង​លោក​សម រង្ស៊ី​ផង​ដែរ។

សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង
សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង AFP/Frederick Florin
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីសម្រេចិត្ត​មួយ​ដែល​បាន​អនុម័ត​ដោយ​លើកដៃ​នា​សម័យប្រជុំ​ពេញ​អង្គ​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង សភា​អឺរ៉ុប​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់​គ្រប់​បទចោទប្រកាន់​លើ​លោក​កឹម សុខា និង​ដោះលែង​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​រូប​នេះ​ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ។ ក្រៅ​ពី​ករណី​លោក​កឹម សុខា សេចក្តីសម្រេចចិត្ត​របស់​សភា​អឺរ៉ុប​ដដែល​នេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ទទួល​ខុសត្រូវ​នយោបាយ​ផ្សេង​ទៀត ដូច​យ៉ាង​រូប​លោក​សម រង្ស៊ី​ដែល​កំពុង​ទទួល​រង​បទចោទប្រកាន់ និង​ដែល​កំពុង​ភៀសខ្លួន​រស់ក្នុង​ប្រទេស​បារាំង​ដើម្បី​គេច​ពី​ពន្ធនាគារ។

សេចក្តីសម្រេចចិត្ត​របស់​សភា​អឺរ៉ុប​ពេល​នេះ​បាន​ធ្លាក់​មក ៤ថ្ងៃ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះលែង​លោក​កឹម សុខា​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​ទៅ​ឃុំ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ដោយ​មាន​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​វិញ។ ការ​ប្តូរ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅ​ឃុំ​ក្នុង​ផ្ទះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានី​ភ្នំពេញ​លោក គី ឫទ្ធី​លើក​ឡើង​ពី​បញ្ហា​សុខភាព​របស់​លោក​កឹម សុខា។ គួរ​រម្លឹក​ជូន​ថា លោក​កឹម សុខា​បាន​ជាប់​ចោទ​ពី​បទក្បាត់ជាតិ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧។

ទន្ទឹម​នឹង​ទាមទារ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​លើ​លោក​កឹម សុខា រួម​ទាំង​អ្នក​ទទួល​ខុសត្រូវ​នយោបាយ​ដទៃ​ទៀត​របស់​អតីត​គណបក្សសង្រ្គោះជាតិ សភា​អឺរ៉ុប តាម​រយៈ​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន​ក៏​បាន​ធ្វើ​ការ​រិះគន់​វាយប្រហារ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន​លើ​ពួក​ប្រឆាំង និង​រិះគន់​លើ​ច្បាប់បោះឆ្នោត​របស់​កម្ពុជា​បច្ចុប្បន្ន។ សម្រាប់​សភា​អឺរ៉ុប ការ​បោះឆ្នោត​សភា​នៅ​កម្ពុជា​នា​ចុង​ខែ​កក្កដា​កន្លង​មក​ដែល​គណបក្សប្រជាជន​ទទួល​បាន​អសនៈ​ទាំង​អស់​ជា​ការ​បោះឆ្នោត​មិន​សេរី និង​មិន​យុត្តិធម៌។ ចំណែក​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប​ហ្វេដេរីកា ម៉ូហ្កេរីនី​ក៏​បាន​ទាមទារ​ដូច​សមាជិក​សភា​អឺរ៉ុប​ដែរ និង​បាន​បញ្ជាក់​បន្ថែម​ថា លំហ​នយោបាយ​សម្រាប់​ពួក​ប្រឆាំង និង​សង្គមស៊ីវិល​មិន​ត្រឹម​តែ​រួញ​តូច​ប៉ុណ្ណោះ​ទេ តែ​បាន​បាត់​ទាំង​ស្រុង​តែ​ម្តង។

ប្រមុខ​ការទូត​អឺរ៉ុប​រូប​នេះ​ដដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ឡើង​វិញ​ពី​បញ្ហា​នេះ និង​ព្រមាន​ទុក​ជា​មុន​ថា បើ​គ្មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបទ​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ នោះ​ក្រុមប្រឹក្សាអឺរ៉ុប​នឹង​ចាត់​វិធានការ​ឲ្យ​សក្តិសម​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ