អានតួអត្ថបទ
កម្ពុជា

CPP ​ទទួល​ស្គាល់​លទ្ធផល​ផ្លូវ​ការ​នៃការ​បោះ​ឆ្នោត និង​ត្រៀម​ខ្លួន​​បង្កើត​រដ្ឋសភា​ឯកបក្ស

នៅ​ក្នុង​សន្និសីទ​កាសែត​ឯ​សណ្ឋាគារ​សូហ្វីតែ​ភូគីត្រា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​មក​ទទួល​ស្គាល់​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​។ តាម​រយៈ​លទ្ធផល​ដដែល​នេះ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា ខ្លួន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ចូល​ទៅ​កាន់​កាប់​ទាំង​ស្រុង រដ្ឋសភា​ជាតិ​ដែល​មាន​១២៥​អាសនៈ និង​បង្កើត​រដ្ឋាភិបាល​ថ្មីដោយ​ឯកបក្ស​​។

គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា @REUTERS
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា មាន​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​ដឹក​នាំ​ប្រទេស ក្រោយ​ពី​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជិត​៥​លាន​សំឡេង ឬ​ស្មើ​នឹង​ជាង​៧៧​ភាគ​រយ​។ តាម​រយៈ​ការ​គាំទ្រ​ដ៏​ច្រើន​លើស​លុប​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​កាន់​កាប់ទាំង​ស្រុង​​រដ្ឋសភា និង​រដ្ឋាភិបាល ដោយ​មិន​បែង​ចែក​ឲ្យ​គណបក្ស​ណា​ផ្សេង​ឡើយ​។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ចំពោះ​មុខ​អ្នក​កាសែត​រាប់​សិប​នាក់ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦​សីហា​នេះ​។ ការ​បែង​ចែក​អាសនៈទៅ​ឲ្យ​គណបក្ស​ផ្សេង ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ដដែល​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​កាន់​អំណាច​ចាស់​វស្សា​នេះ បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន នៅ​ក្នុង​ការ​ធ្វើ​ការ​សហការ​ជាមួយ​បណ្ដា​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​គ្រប់​មជ្ឈដ្ឋានផ្សេង​ទៀត តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ ដើម្បី​រួម​គ្នា​កសាង​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​។ បើ​តាម​គណបក្ស​ដដែល ​ដើម្បី​បុព្វហេតុ​ជាតិ​និង​ប្រជាជន គណបក្សប្រជាជន​​​កម្ពុជា​នឹង​បន្ត​ធ្វើ​សកម្មភាពការងារ​តាម​ច្បាប់​ជា​ធរមាន បើ​ទោះ​បី​ជា​នៅ​ក្នុង​រដ្ឋសភានិង​រដ្ឋាភិបាល មាន​តែ​គណបក្ស​មួយ​ក៏​ដោយ​។

ជាការកត់សម្គាល់ រដ្ឋសភា​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បើក​សម័យ​ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​៥​កញ្ញា មានបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតជាស្ដ្រី​តែ១៩រូបប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់១២៥រូប។ ដោយឡែក តំណាង​រាស្ត្រ​ជាប់​ឆ្នោត​វ័យ​ក្មេង​ជាតិ​គេ​នា​អាណត្តិ​នេះ គឺ​លោក យឹម លាត វ័យ​៣២​ឆ្នាំ ឈរ​ឈ្មោះ​លេខ​រៀង​ទី​៤​នៅមណ្ឌល​ខេត្ត​កំពង់ធំ ខណៈ​តំណាង​រាស្ត្រ​ចាស់​ជាង​គេ គឺ​លោក ហេង សំរិន ដែល​មាន​វ័យ​៨៤​ឆ្នាំ ឈរ​ឈ្មោះ​នៅមណ្ឌល​ត្បូង​ឃ្មុំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ