អានតួអត្ថបទ
កម្ពុជា-អាមេរិក

ស្ថាន​ទូត​អាមេរិក​ប្រាប់​​ពលរដ្ឋ​របស់​ខ្លួន​នៅ​ស្រុក​ខ្មែរឲ្យ​ប្រុង​ប្រយ័ត្ន​នៅ​ថ្ងៃ​បោះ​ឆ្នោត

ស្ថាន​ទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បានអំពាវនាវ​​ដល់​ប្រជាជន​របស់​ខ្លួន​ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន នៅ​ថ្ងៃ​ទី​២៩​កក្កដា​។ ថ្ងៃ​ទី​២៩​កក្កដា ជា​ថ្ងៃ​ដែលកម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​។ ការ​អំពាវនាវរបស់​ស្ថានទូត​អាមេរិក​ដូច្នេះ ត្រូវ​បាន​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​កិច្ច​ការពារ​ជា​មុន​ប៉ុណ្ណោះ ពុំ​មែន​ឆ្លើយ​តប​នឹង​ភាព​ជាក់​ស្ដែង​ឡើយ​។

ការ​រាប់​សន្លឹក​ឆ្នោត ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។
ការ​រាប់​សន្លឹក​ឆ្នោត ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។ Getty Image
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ស្ថានទូត​អាមេរិក ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា ទំនង​ជាអាច​ធ្វើ​ឲ្យ​មាន​ការ​ជួប​ជុំ​​ធ្វើ​បាតុកម្មទ្រង់​ទ្រាយ​ធំ​​ក្នុង​រូបភាព​នយោបាយ ឬ​ការ​ចល័ត​កង​កម្លាំង​សន្តិសុខ ដែល​អាច​ក្លាយ​ទៅ​ជា​ការ​ប្រឈម​មុខ​មួយ​រំពេច ដោយគ្មាន​ការ​ជូន​ដំណឹង​ជា​មុន​។ ដោយ​ហេតុ​នេះ​ហើយ ស្ថានទូត​អាមេរិក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួននៅ​​កម្ពុជា ឲ្យ​ប្រុង​ប្រយ័ត្ន ចៀសវាង​នៅ​ក្បែរ​ឬ​ចូល​រួម​ការ​ប្រមូល​ផ្ដុំ​ទ្រង់ទ្រាយ​ធំ ក៏​ដូច​ជា​​សកម្មភាព​ដែល​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។ ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផ្សេង​ៗ​ដោយ​មិន​ចាំ​បាច់ ក៏​គួរ​ចៀស​វាង​ដែរ។ បន្ថែម​ពី​លើ​នេះ ពលរដ្ឋ​អាមេរិក​នៅ​ស្រុក​ខ្មែរ គួរ​តាម​ដាន​ព័ត៌មាន​ និង​ត្រូវ​ផ្ដល់​ដំណឹង​ឲ្យ​ក្រុម​គ្រួសារ​ឲ្យ​បាន​ជាប់​លាប់​។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

​ការ​ជូន​ដំណឹង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​កម្ពុជា លោក ផៃ ស៊ីផាន ចាត់​ទុក​ថា ជា​វិធានការ​ធម្មតា​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​អាមេរិក​ ដែល​ជា​ទូទៅតែង​តែ​ជូន​ដំណឹង​ការពារ​ជា​មុន ហើយ​វា​ពុំ​មែន​ឆ្លើយ​តប​នឹង​ភាព​ជាក់​ស្ដែង​ឡើយ​។ សម្រាប់អ្នក​នាំ​ពាក្យ​រូប​នេះ សេចក្ដី​ជូន​ដំណឹង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពុំ​មាន​ឥទ្ធិពល​លើ​​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា​ទេ​។ និង​ថា វា​ក៏​មិន​មែន​​​ជា​ឧបសគ្គ​ប្រឆាំង​ឬ​បំផ្លាញ​ដំណើរការ​បោះ​ឆ្នោតដែរ​​​។

​សូម​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​ខ្មែរ​ជិត​៨​លាន៤សែន​នាក់ ​នឹងត្រូវ​​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី២៩​ ខែកក្កដា​​ខាងមុខ​នេះ នៅ​ការិយាល័យ​បោះ​ឆ្នោតចំនួន​​២២៩៦៧ ​នៅ​ទូទាំង​ប្រទេស ចាប់​ពី​វេលា​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៣​រសៀល​។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​ចំនួន​២០​​ចូល​រួម​ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​យក​អាសនៈសភា​ចំនួន​១២៥អាសនៈ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បាន​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​រៀបចំ​ធ្វើ​ជា​ធម្មតា បើ​ទោះ​បី​ជា​ខេត្ត​ខ្លះ​របស់​កម្ពុជា​កំពុង​តែ​រង​គ្រោះ​ព្រោះ​ទឹក​ជំនន់​ក៏​ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ