អានតួអត្ថបទ
កម្ពុជា-ជប៉ុន

បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦៖ ជប៉ុន​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូល​រួម​ទេ

ជប៉ុន​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ មក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោតជាតិ​នៅ​​កម្ពុជា​ នា​ចុង​សប្ដាហ៍​នេះ​ទេ បើ​ទោះ​បី​ជា​ជប៉ុន​គឺ​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​នេះ​ក៏​ដោយ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ថ្ងៃ​ពុធ ទី​២៥ កក្កដា​នេះ​។​

លោក Yoshihide Suga អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​
លោក Yoshihide Suga អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​ AFP PHOTO / KAZUHIRO NOGI
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​តែង​តែ​បញ្ជូន​អ្នក​សង្កេតការណ៍​របស់ខ្លួន​មក​តាម​ដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា រាប់​ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជា​សកល​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣, និង​ក្រោយ​ៗ​មក​ទៀត នៅ​ឆ្នាំ​១៩៩៨, ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៨​។ ប៉ុន្តែ​ឆ្នាំ​នេះ គ្មាន​ការ​បញ្ជូនអ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​កម្ពុជា​ទៀត​ទេ​។

មិន​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ឃ្លាំ​មើល​ដំណើរការ​បោះ​ឆ្នោត​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga បាន​អះអាង​ថា ជប៉ុន​បាន​បញ្ជូន​អ្នក​ជំនាញ​ជា​ច្រើន​មក​កម្ពុជា ក៏​ដូ​ច​ជា​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ការ​បោះ​ឆ្នោត​លើក​នេះ​។ លោក​ថា នេះ​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ជប៉ុន ចំពោះ​កំណែទម្រង់​ការ​បោះ​ឆ្នោតនៅ​កម្ពុជា​​។

គួរ​ជម្រាប​ជូន​ថា ជប៉ុន​គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ចម្បង​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ ថ្មី​ៗ​នេះ ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន​ ១​១,០០០ ​ហិប​ ក៏​ដូច​ជា​រថយន្ត​ប្រភេទ Pick Up ចំនួន​៤០​គ្រឿង​ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​។ គិត​ទាំង​លើក​នេះ​ទៀត ជំនួយ​របស់​ជប៉ុន​សម្រាប់​កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​ជាង​៧​លាន​ដុល្លារ​ហើយ​។

ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ បាន​ទទួល​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្ដរជាតិ ជា​ពិសេស​ពី​មន្ដ្រី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​លោក​ខាង​លិច ក្រោយ​ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា និង​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​ពី​បទ​ក្បត់​ជាតិ​ជា​ដើម​។ បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ រដ្ឋាភិបាល​ខ្មែរ​តែង​តែ​គូស​បញ្ជាក់​ថា ការ​រិះគន់​ទាំង​នេះ គ្មាន​ជះ​ឥទ្ធិពល​លើ​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ