អានតួអត្ថបទ
កម្ពុជា-ច្បាប់

បុរស​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ករណី​ប្រមាថ​ព្រះ​មហា​ក្ស​ត្រ​

សមត្ថកិច្ច​​បាន​​ចាប់​ខ្លួន​​បុរស​​ម្នាក់​​ទៀត​កាល​ពី​ល្ងាច​ម្សិល​មិញ ​ករណី​ប្រមាថ​​ព្រះ​មហាក្សត្រ​​ជា​​បន្ត​បន្ទាប់​​នៅ​តាម​​ហ្វេ​ស​ប៊ុ​ក​​របស់​ខ្លួន​។ ​នេះជា​ករណីទី៣​ហើយ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​​ចោទ​​ប្រកាន់​ថា ​ប្រមាថ​ព្រះមហា​ក្សត្រ​ បន្ទាប់ពី​ច្បាប់​ថ្មី​នេះបាន​ចូល​ជាធរ​មាន​ ខណៈ​ដែល​​លោក​ សម​ រង្ស៊ី ​ក៏ត្រូវ​បាន​ក្រសួង​​យុត្តិធម៌​ចោទ​​ប្រកាន់​​ដូច​គ្នា​នេះដែរ​​។​

បុរស​ឈ្មោះ អៀង ជលសា ដែលសមត្ថកិច្ចចាប់ខ្លួន
បុរស​ឈ្មោះ អៀង ជលសា ដែលសមត្ថកិច្ចចាប់ខ្លួន @រស្មីកម្ពុជា
ផ្សាយពាណិជ្ជកម្ម

បុរស​ដែលត្រូវបាន​ចាប់ខ្លួន​នោះ ឈ្មោះ អៀង ជលសា អាយុ​២៦​ឆ្នាំ​។ ត្រូវបានចាប់ខ្លួន​នៅ​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃទី​១៥​ខែមិថុនា នេះ​នៅ​សង្កាត់ បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

តាមរយៈហ្វេសប៊ុកឈ្មោះ អៀង ជលសា នេះ ក្រៅពីមានសារប្រមាថ​ព្រះមហាក្សត្រ​ជាបន្តបន្ទាប់ក៏មានបង្ហាញដែរពីឧបករណ៍ប្រើ​ប្រាស់គ្រឿងញៀន។ ​

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំង​អន្តរជាតិ​RFI​ថា ពិតជាមានការឃាត់​បុរសម្នាក់នោះមែន។ តែថាលោកមិនទាន់ដឹងថា​នឹងបញ្ជួន​ទៅ​តុលាការ​នៅពេលណានៅឡើយ។

ទាក់ទងសំណុំរឿង​ប្រមាថព្រះ​មហាក្សត្រនេះ កាលពី​ថ្ងៃ​ទី​១៣ ឧសភា ​សាលា​ដំបូង​ខេត្ត​កំពង់​ធំ បាន​សម្រេចឲ្យឃុំ​ខ្លួននាយកសាលាបឋមសិក្សាម្នាក់គឺ ​លោក ឃាង ណាវី អាយុ៥០​ឆ្នាំ តាមមាត្រា​៤៣៧​ស្ទូន នៃ​វិសោធនកម្ម​ច្បាប់​ព្រហ្ម​ទណ្ឌ។ ប៉ុន្មានថ្ងៃក្រោយមក៏មានបរុសម្នាក់ទៀត​នៅខេត្ត​សៀម​រាប ក៏ត្រូវបានឃុំខ្លួនដូច​គ្នានេះដែរ ករណីមានការ​ Shear បន្តតាមហ្វេសប៊ុក​នៃខ្លឹម​សារ​ប្រមាថ​ព្រះ​មហាក្សត្រ។

ក្រៅពីបុរស៣នាក់ខាងលើ លោក​អង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ​បាន​បញ្ជា​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​លើ​ លោក ​សម រង្ស៊ី​ កាលពីថ្ងៃទី០៨ មិថុនា បន្ទាប់ពី​លោក​សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​ចាត់ទុក​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​កម្ពុជា ថា​ជា​លិខិត​ក្លែងក្លាយ ឬក៏​ជា​លិខិត​មួយ​ដែល​បាន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ជាព្រះរាជសារចុះ​ថ្ងៃទី១៨ខែឧសភា មាន​ខ្លឹមសារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទៅ​បោះឆ្នោត​ឲ្យ​បានគ្រប់ៗគ្នា​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

មាត្រា ៤៣៧ ស្ទួន​ដែល​ទើប​បញ្ចូល​ទៅក្នុង​ក្រមព្រហ្មទណ្ឌ​បានចែង​ថា ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល ទៅ១០លាន​រៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ