អានតួអត្ថបទ
កម្ពុជា

លោក​នាយករដ្ឋ​មន្ដ្រី​ប្រាប់​ឲ្យ​ពលរដ្ឋ​តាម​ដាន​យុទ្ធនាការ​​ប្រឆាំង​នឹង​ព្រះ​រាជសារ​ព្រះ​មហាក្សត្រ

ព្រះ​ករុណា​ព្រះ​បាទ​នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ខ្មែរ បាន​អំពាវនាវ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ឲ្យ​ទៅ​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា ដើម្បី​ជ្រើស​រើស​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​ព្រះ​រាជសារ​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១៨​ខែ​ឧសភា ដែល​អ្នក​សារព័ត៌មាន​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។ តាម​រយៈ​ព្រះ​រាជសារ​ដដែល​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​បន្ត​តាម​ដាន​។ តាម​ដាន​ក្រែង​មាន​ការ​ប្រឆាំង​នឹងព្រះ​រាជ​​សារ​របស់​ព្រះ​មហាក្សត្រ។ ការ​ប្រឆាំងនឹង​ព្រះ​រាជសារ​ព្រះ​មហាក្សត្រ ដែល​លោក​នាយករដ្ឋ​មន្ដ្រី​ចាត់​ទុក​ថា មាន​ទោស​ពាន​វាំង​។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ចាត់​ទុក​​យុទ្ធនាការ​ «ដេក​ផ្ទះ ឈ្នះ​ឯង» ថា​ជា​ការ​ប្រឆាំង​​នឹង​ព្រះ​មហាក្សត្រ​។ ថ្លែង​ពី​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ពុធ ទី​០៦​មិថុនា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជាស្នើ​ឲ្យ​ប្រជាពលរដ្ឋ​តាម​ដាន​ថា​តើ​នឹង​មាន​ដែរ​ទេ យុទ្ធនាការ​​​​ប្រឆាំង​នឹង​ព្រះ​រាជសារ​ព្រះ​មហាក្សត្រ។ បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ប្រសិន​បើ​ម្ចាស់​យុទ្ធនាការ «ដេក​ផ្ទះ ឈ្នះ​ឯង» ហ៊ាន​អំពាវនាវ​ប្រឆាំង​នឹង​ព្រះ​រាជសារ​ព្រះ​មហាក្សត្រនា​ពេល​នេះ ​ថ្ងៃ​ណា​មួយ​ ពួក​គេ​ក៏​អាច​នឹង​ឈាន​ទៅ​បំផ្លាញដែរ​​ របប​រាជានិយម​និង​ផ្ដួល​រំលំ​រាជ​បល្ល័ង្គ​។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពី​ព្រះ​រាជសារ​ព្រះ​មហាក្សត្រ ដែល​មាន​ខ្លឹមសារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ព្រលប់​ថ្ងៃ​អង្គារ ទី​០៥​ ខែ​មិថុនា​។ ព្រះ​រាជសារ​​ព្រះករុណា​ព្រះ​​មហាក្សត្រ បាន​​គូស​បញ្ជាក់​​ថា ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ គឺ​ជា​ការ​បោះ ឆ្នោត​ជា​ទូទៅ ជា​សកល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​។ ក្នុង​ន័យ​នេះ ព្រះ​អង្គ​ត្រាស់បង្គាប់​ដល់​​ប្រជារាស្ត្រ​​កុំ​ឲ្យ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គម្រាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្ស​នយោបាយ​ណា​មួយ​ឲ្យ​សោះ ហើយ​ត្រូវ​ប្រើ​សិទ្ធិ​បោះ​ឆ្នោត​ទៅ​តាម​សតិ​សម្បជញ្ញៈ​រៀង​ខ្លួន​។

ផ្ទុយ​ពី​ព្រះ​មហាក្សត្រ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ​ «ដេក​ផ្ទះ ឈ្នះ​ឯង» ដោយ​អំពាវនាវ​តាម​បណ្ដាញ​សង្គម​និង​វេទិកា​នានា​នៅ​ក្រៅ​ប្រទេស កុំ​ឲ្យពលរដ្ឋ​ខ្មែរ​ទៅ​បោះ​ឆ្នោត​។ សម្រាប់អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា​រូប​នេះ ការ​មិន​ទៅ​បោះ​ឆ្នោតគឺ​ស្មើ​នឹង​ការ​បន្ត​គាំទ្រ​អតីត​បក្ស​ប្រឆាំង ខណៈ​ការ​ទៅ​បោះ​ឆ្នោត​មាន​ន័យ​ថា ពលរដ្ឋ​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​កាន់​អំណាច​ត​ទៅ​ទៀត​។

ឆ្លើយ​តប​នឹង​យុទ្ធនាការ «ដេក​ផ្ទះ ឈ្នះឯង» របស់​លោក សម រង្ស៊ី គណបក្ស​កាន់​អំណាច​និង​អ្នក​គាំទ្រ​គណបក្ស​នេះ បាន​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម គៀងគរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ខាង​មុខ​។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​​ផ្លាស់​ប្ដូរ​រូបថត​ ឬ Profile Photo លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​។​ ក្រៅ​ពី​បក្ស​កាន់​អំណាច ការ​​អំពាវនាវ​ដូច​គ្នា​នេះ ក៏​មាន​ដែរ​ពី​គណបក្ស​នយោបាយ​ដែល​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ