rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
នាទីសុខភាពនិងអនាម័យ
rss itunes

ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

ដោយ អៀង សុខម៉ិញ

ច្រិប​​សាច់ កាត់ ឈូស ខាត់ លាប​ពណ៌ លាប​ជែល តឬ​ពាក់​ក្រចក​សិប្បនិម្មិត្ត មនុស្ស​យើង​ភាគ​ច្រើន​ ជា​ពិសេស​មិត្ត​នារីៗ យក​ចិត្ត​ទុក​ដាក់​ថែក្រចកម្រាមដៃ​ម្រាម​ជើង​ខ្លាំងណាស់ ! ប៉ុន្តែ​ជួន​កាល ក្រចក​ដែល​ជា​អ្នក​ការពារ​ចុងម្រាម​របស់​យើង កំពុង​រងទុក្ខ​អំពី​ទង្វើ​កែ​លម្អ​ជ្រុល​របស់​យើង​ទៅ​វិញ​ទេ។ សូមរក្សា​សម្រស់​ម្រាមដៃ​ម្រាម​ជើង​ឱ្យបាន​សម​ស្រប ព្រោះ​ថា​ក្រចក​ជា​សារ​សុខភាព។ តើ​ក្រចក​អាច​ប្រាប់​យើង​អំពី​អ្វី​ខ្លះ​ ? តើ​មាន​ជំងឺ​អ្វី​ដែល​អាច​កើត​មាន​នៅក្រចក ? ​លាបថ្នាំ​ក្រចក​ជាប់​រាល់​ថ្ងៃ បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​មែន​ឬ ?

ក្រចក​មាន​ផ្ទុក​ជា​សំខាន់​សារធាតុ​Kératine តែ​ក៏​មាន​ផ្ទុក​ផង​ដែរ​នូវសារធាតុ​​ទឹក​ អាស៊ីតខ្លាញ់ និង​កាល់ស្យូម និង​ដែក ក្នុង​បរិមាណ​ដ៏​តិច​តួច។ ក្រចក​ដុះ​លូត​លាស់​ជា​រៀង​រាល់​ថ្ងៃ និង​ជា​រៀង​រហូត គ្រាន់​តែ​ការ​ដុះ​ហាក់​មាន​ល្បឿន​យឺត ប្រមាណ​៤​សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​ដើម្បី​អាច​ដុះថ្មី​ពេញ​ ក្រចក​ត្រូវ​ការ​ពេល​៣​ទៅ​៦​ខែ​សម្រាប់​ក្រចក​ដៃ​និង​១​ទៅ​១​ឆ្នាំ​កន្លះ សម្រាប់​ក្រចក​ជើង។ ប៉ុន្តែ​ផ្ទុយ​ពី​សក់​ ក្រចក​មិន​ជ្រុះ​ដោយ​ងាយៗ និង​ដោយ​ឯងៗដូច​សក់​ទេ។

ក្រចក​ដុះ​ល្អ​ទៅ តាម​វ័យ ! និង​​ មាន​តួនាទី​ផ្សេងៗ​ ដូច​ជា

  • ​ជួយ​ការពារ​ម្រាមដៃម្រាម​ជើង​ទល់​នឹង​ការ​គំរាមកំហែង​ពី​ក្រៅ ដូច​ជា​បុក​ទង្កិច ពី​បម្រែបម្រួល​អាកាសធាតុ។
  • ក្រចក​ជា​ភ្នាក់ងា​រការពារ​ចុង​ម្រាម និងសំខាន់​សម្រាប់​ញាណ​ស្ទាប
  • ក្រចក​ដៃ​ជា​អាវុធ​ការពារ​ ខ្ញៅ​ ក្វាច និង​អេះ
  • ជួយ​ចាប់​វត្ថុ​តូចៗ ដោយ​ធ្វើ​ឱ្យ​ចុង​ម្រាមដៃ​ជើង ​រឹង អាច​ធន់​នឹង​សម្ពាធ
  • ជា​ស្រទាប់​ការពារ​ម្រាម​កុំ​ឱ្យ​ច្អារ​ឬ​ស្ញើប រអា​ដែល​កក្តា​នាំ​ឱ្យ​មួរ​មៅ​ក្នុង​ចិត្ត​

​ក្រៅ​អំពី​តួនាទី​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ ក្រចក​ក៏​ជា​សន្ទទស្សន៍​ដ៏​មាន​តម្លៃ​សម្រាប់​វាស់​វែង​ស្ថានភាព​សុខភាព​របស់​យើង។ ដូច្នេះ​សួរ​ថា តើ​ពិត​ដែរឬទេ ដែល​ថា​ ពណ៌​ និង​ទម្រង់​ក្រចក ជា​សញ្ញា​ប្រាប់​ថា​មាន​ជំងឺ​អ្វី​មួយ ?

​លោកស្រី វេជ្ជបណ្ឌិត Martine Perez​ ៖

“ក្រចក​ជា​សន្ទទស្សន៍​វាយ​តម្លៃ​សុខភាព ! ប៉ុន្តែក៏​មាន​គំនិត​យល់​ខុស​ច្រើន​ដែរ ជា​ពិសេស​ចំពោះ​ស្នាម​សៗ​កើត​នៅ​លើ​ក្រចក។ ស្នាម​ស​នេះ​មិន​មែន​ជា​សារ​ប្រាប់​ថា​យើង​ខ្វះ​ជាតិ​កាល់ស្យូម ឬ​វីតាមីន ​ដូច​ជំនឿធ្លាប់​គិត​នោះ​ឡើយ។​ ស្នាម​សៗ​លើ​ក្រចក​នេះ ជា​ពពុះ​ខ្យល់​ដែល​ជ្រៀត​ចូល​ទៅ​ក្រោម​ក្រចក ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​​អ្វី​មួយ។ ជា​ការ​បុក​ទង្គិច​តិច​តួច ស្រាលៗ​ត្រូវ​ចំ​ក្រចក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្មេងៗ​ច្រើន​តែ​ឧស្សាហ៍​មាន​ស្នាម​ស​នៅ​ក្រចកនោះ ព្រោះក្រចក​ក្មេង​មិន​ទាន់​សូវ​រឹង សូវ​ក្រាស​ មិន​សូវ​ធន់​នឹង​ការ​ប៉ះទង្គិច ! មិនមែន​ក្មេងៗនោះ​ខ្វះ​កាល់ស្យូម​ទេ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ស្នាម ​រលក​ ​លើ​ក្រចក ដូច​​ឆ្នូត តាម​បណ្តោយ​ក្រចក នេះ​ជា​សញ្ញា​ប្រាប់​យើង​ចាស់​ហើយ ! វ័យ​កាន់​តែ​ច្រើន កាន់​តែ​មាន​ស្នាម​រលក​ច្រើន។ ចំពោះ​មនុស្ស​ស្រី ស្នាម​ក្រចក​បែប​នេះ​ច្រើន​លេច​ឡើង​នៅពេល​គាត់​ចាប់អស់​រដូវ។ ស្នាម​រលក​បែប​នេះ​ នឹង​អាច​មាន​លេច​ឡើងច្រើន និង​ចំពោះ​អ្នក​នៅ​ក្មេង​បាន​ដែរ​ ដោយ​សារ​កត្តា​ក្រៅ​ខ្លួន​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា ការ​បុក ទង្គិច ឬដៃ​​ត្រូវត្រាំ​ទឹក​យូរ​ម៉ោង​ក្នុ​ងមួយ​ថ្ងៃៗ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​មាន​ស្នាម​រលក​ទទឹងសាច់​​ក្រចក នោះ​គេ​អាច​បក​ប្រែ​បានថា​​យើង​ ​បញ្ហា​នៅ​ក្រពេញ​កូន​កណ្តុរ Thyroïdien​។

ពណ៌​ក្រចក ក៏​អាចជា​សារ​ប្រាប់​ថា​មាន​ជំងឺ​អ្វី​មួយ​ដែរ។ ​ចំពោះ​អ្នក​មាន​សុខភាព​ល្អ ជា​ធម្មតា ក្រចកត្រូវ​មាន​ពណ៌​កូលាបព្រឿងៗ។ បើ​ក្រចក​មាន​ពណ៌​សស្លេក ថ្លា​ខ្លាំង​ មាន​ន័យ​ថា​យើង​មាន​បញ្ហា​ផ្លូវដង្ហើម​ ឬ​ក៏​មាន​ជំងឺ​កង្វះ​ឈាម។ នៅ​ពេល​ក្រចក​ចេះ​តែ​បាក់ ផុយស្រួយ មាន​ន័យ​ថា​អ្នក​មាន​កង្វះ​វីតាមីន ជាពិសេស​វីតាមីនB។ បើ​ក្រចក​នោះ​ទន់ អ្នក​ជំនាញ​លោក​ថា អ្នក​មាន​ដង្ហើម​ខ្សោយ ដែល​មាន​វិធី​​ព្យាបាលសម្រាប់ករណី​បែបនេះ។​”

ក្រចក​ជា​សារ​ ពញ្ញាក់​អារម្មណ៍​យើង​ឱ្យ​គិត​គូរ​ដល់​បញ្ហា​សុខភាព និង​រក​ការ​ព្យាបាល​ឱ្យ​ដល់​ឬសគល់។ ប៉ុន្តែ ក្រចក​ផ្ទាល់​ ក៏​ចេះ​ឈឺ​ខ្លួន​ឯង មាន​រោគា​​មួយ​ចំនួន​ផ្សេង​ទៀត ដោយ​សារ​តែ​ទង្វើ​របស់​មនុស្ស​ ឬ​ក៏​ដោយ​សារ​មាន​ការ​ចម្លង​មេរោគ។ ក្រចក​អាច​កើត​ជំងឺ​ ជា​ច្រើន រាប់​តាំងពី​ជំងឺ​ត្រចៀក​ក្រាញ់ ផ្សិត និង​ធ្ងន់ធ្ងរ​បំផុត​នោះ គឺ​ជំងឺ​មហារីក។ តើ​គេ​អាច​សម្គាល់​និង​ព្យាបាល​ជំងឺ​ទាំង​នេះ​បាន​យ៉ាង​ដូចម្តេច​ខ្លះ ?

លោកស្រី វេជ្ជបណ្ឌិត Martine Perez​ ៖

“វាពិត​ជា​មិន​គួរ​ឱ្យជឿ​ទេ ប៉ុន្តែ​គ្រប់​ជំងឺ​សុទ្ធ​តែ​អាច​កើត​បាន​នៅ​លើ​ក្រចក។ ក្រចក​អ្នក​ការពារ​ចុង​ម្រាម​របស់​យើង ត្រូវ​រង​កា​រប៉ះទង្គិច​គ្រប់​បែប​យ៉ាង ជួនកាល​ក្រចក​ត្រូវ​រក​ទុក្ខ​ដោយ​សារ​ការ​កាត់​សម្អាត់​ក្រចក​មិន​ត្រឹម​ត្រូវ ធ្វើ​ឱ្យ​មាន​ជំងឺ​អាល្លែកហ្ស៊ី ជំងឺតាអក ជំងឺ​ ​ស្បែក​របកក្រហមៗ និង​ជំងឺមហារីក​ក្រចក។ សញ្ញា​សង្ស័យ​កើត​ជំងឺ​មហារីក​ក្រចក គឺ​ការ​លេច​ស្នាម​ពណ៌​ខ្មៅ​ ឬពណ៌​ដី តាម​បណ្តោយ​សាច់​ក្រចក។ ស្នាម​ខ្មៅ​បែប​នេះ​អាច​មាន​បង្កប់​មេរោគ មេឡាណូម ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។ តែ​​ជំងឺ​ដែល​កើត​មាន​ញឹក​ញាប់ ជាងគេ នៅ​លើ​ក្រចក និង​ពិបាក​ព្យាបាល​ឱ្យ​ជា​ដាច់ គឺ​ជំងឺ​ផ្សិត។ ភាគ​ច្រើន​គឺ ផ្សិត​នៅនឹង​ក្រចក​ជើង។ ជា​ទូទៅ និង​ភាគ​ច្រើន​អ្នក​ជំងឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​វា​ទេ។ ​ប្រសិន​បើ​អ្នក​មានផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម មាន​ការព្យាបាល​ដោយ​ពពួក​ថ្នាំ​ក័រទីកូអ៊ីត មេរោគ​ផ្សិត​នេះ​នឹង​លូត​លាស់​រីក​ដុះ​ដាល​រហូត​ធ្វើ​ឱ្យ​ខូច​ក្រចក​ទាំង​មូលខូច និង​ជ្រុះ​​​តែ​ម្តង។ នៅ​ពេល​គ្មាន​ក្រចក​ អ្នក​ជំងឺ​នឹង​ពិបាក​ដើរ និង​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ សូមកុំ​លេច​សើច​នឹង​ជំងឺ​ផ្សិត​នឹង​ក្រចក ​ដោយព្យាបាល​​ខ្លួន​ឯង​ ! សូម​ស្វែ​ង​រក​ការវិភាគ​ជំងឺ​ដោយ​ត្រឹម​ត្រូវ និង​ឆ្កឹះ​សាច់​ទៅ​វិភាគ​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន​នឹង​ ចាប់​ធ្វើការ​ព្យាបាល ដែល​អាច​អូស​បន្លាយ​ពេលវេលា​រាប់​ខែ និង​ឆ្នាំ​ផង។ ជំងឺ​នេះ​ឆ្លង​ខ្លាំង​ណាស់ ដើរ​ជើង​ទទេ​នៅផ្ទះ នៅ​អាង​ហែល​ទឹក ឬសំណល់​ក្រចក​តែ​បន្តិច រាយ​នៅ​ដី អ្នក​ផ្សេង​ដើរ​ជាន់ គឺ​គ្រប់​គ្រាន់​នឹង​ចម្លង​មេរោគ​ផ្សិត​នោះ​បាន​ហើយ។ ​ជើង​​​សើម បែក​ញើសក្នុង​​ស្បែកជើង ម្រាមដៃ​​ត្រាំ​ទឹក​ច្រើន គឺ​​សម្រួល​ឱ្យ​ងាយ​មាន​​ផ្សិត​នៅក្រចក​ជើងនិង​ក្រចក​ដៃ​។”

ថ្នាំ​លាប​ក្រចក និង​កា​រធ្វើ​ក្រចក

ក្រចក​រង​ការ​ប៉ះ​ទង្គិច​ ជា​រៀងរាល់​ថ្ងៃ ជួន​តិច​ជួន​ច្រើន ទៅ​តាម​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង និង​ជួន​ដោយ​សារ​ការ​កាត់​ច្រិប​សម្អាត​ ជ្រុល​ហួសហេតុ​និង​មិន​ត្រឹម​ត្រូវ។ ការ​កាត់​ច្រិប​សាច់​ ធ្វើ​ឱ្យ​ទម្រង់ក្រចក ស្អាត ប៉ុន្តែ​សូម​ចង​ចាំថា សាច់​លើ​ក្រចក​នេះ​ជា​អ្នក​ការពារ​ក្រចក​ពី​មីក្រុប​បាក់តេរីមិន​ឱ្យ​វាយ​លុក​ចូល​ទៅ​គល់​ក្រចក​ខាង​ក្នុង។ ​នៅ​មាន​សំណួរ​មួយ​ទៀត ដែល​ស្ត្រី​គ្រប់​រូប​ចង់​ដឹង​ខ្លាំង នោះ​គឺ​ការ​ប្រើ​ថ្នាំ​លាប​។ តើ​ការ​ប្រើ​ថ្នាំ​លាប​ក្រចក​ ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ អាច​បង្កបញ្ហា​ដល់​សុខភាព​ក្រចក​និង​សុខភាព​ជា​ទូទៅ​ដែរ​ឬទេ ?

​មិន​អត់​ទេ ! គ្រោះ​ថ្នាក់ ! ព្រោះ​នេះ​វា​អាស្រ័យ​ទៅ​លើ​គុណភាព​របស់​ថ្នាំ​ក្រចក​។ ថ្នាំ​ក្រចក​ខ្លះ​ មាន​ប្រើ​សារធាតុ​ផ្សំ​ ជា​សារធាតុ​គីមី​ពុល​ខ្លាំង។ សារធាតុ​ទាំងនោះ​មាន​ដូច​ជា phtalates, le formaldéhyde, le toluène និងcamphre synthétique ជា​ដើម​។ល។ ដែលសុទ្ធ​សឹង​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។ នេះ​បើ​តាម​​ក្រុម​គ្រូពេទ្យ​​ជំនាញ​ផ្នែក​ជំងឺ​សើ​រស្បែក​បារាំង ដែល​ពន្យល់ទៀត​ថា សារធាតុ​គីមី​អាចជ្រាប​ចូល​ក្នុង​ខ្លួន​យើង​បាន​ តាម​ក្រចក ព្រោះ​ក្រចក​មិនមែន​ជា​រនាំង​ទេ និង​តាម​ការ​ស្រូប​ដង្ហើម។ អ្នក​លាប​ក្រចក អាច​ជួប​គ្រោះ​ថ្នាក់តិច​តួច​ខ្លះ​ដែរ ​ប្រសិន​បើ​ថ្នាំ​មិន​ល្អ​មាន​លាយ​សារធាតុ​បំផ្លែង​ត​ពី​សារធាតុ​ហ្វ័រមុលច្រើន ប៉ុន្តែ​អ្នករងគ្រោះ​ខ្លាំង​ជាងគេ គឺ​អ្នកធ្វើ​ក្រចក ដែល​ជាអ្នក​កាន់ អ្នក​ប៉ះពាល់ និង​ស្រូប​ចំហាយ​ថ្នាំ​ក្រចក​ជា​រៀង​រាល់​ថ្ងៃ។

ជា​ទូទៅ​ ថ្នាំ​ក្រចក មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​លាប​មែន ប៉ុន្តែ​សូម​ចង​ចាំ​ថា ការ​លាប​ក្រចក​រាល់​ថ្ងៃ នឹង​ធ្វើ​ឱ្យ​ក្រចក​លែង​សូវ​ដុះ​ ព្រោះ​ក្រចក​មិន​ប៉ះ និង​ឃើញ​ពន្លឺ​។ ក្រចក​ត្រូវ​ការពន្លឺ ដើម្បី​អាច​ដុះ​លូត​លាស់។ ដូច្នេះ​ដើម្បី​សុខភាព​ក្រចក​ សូមកុំ​លាប​ក្រចក​រហូត​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​អី !​ យូរៗ​ម្តង​ លាង​ថ្នាំ​ចោល ហើយ​ទុក​ក្រចកឱ្យ​ឃើញ​ពន្លឺ​ថ្ងៃ​ ដុះ​តាម​ធម្មជាតិ ទើប​ប្រសើរ។

ចំពោះ​ថ្នាំ​ក្រចក​សម័យ​ថ្មី ដែល​ជា​ជែល លាប​ជាប់​បាន​យូរ​វិញ គ្រោះ​ថ្នាក់​អាច​មាន​ច្រើន ព្រោះ​ជា​បឋម​មុន​នឹង​លាប​វា ជាង​ត្រូវ​ការ​ដុស​ខាត់ ដែល​ធ្វើ​ឱ្យ​សាច់​ក្រចក​ស្តើង​។ ទៅតាម​ផលិត​ផល និង​អ្នក​ធ្វើ អតិថិជន​អ្នក​លាប​ក្រចក អាចជួប​គ្រោះ​អាល់លែកហ្ស៊ី ឬ​មាន​ជំងឺ​នៅ​ម្រាម​ដៃ​ដោយ​ការ​បង្ក​រោគ​។ ជែល​លាប​ក្រចក ត្រូវ​សម្ងួត​ដោយ​ពន្លឺ​UV។ ពន្លឺ​នេះ​អាច​ជ្រាប​ចូល​ដល់​សាច់​ក្នុង​​របស់​ក្រចក និងបង្ក​​ជា​ជំងឺ​មហារីក​បាន។ ប៉ុន្តែ​ដោយ​ហេតុ​ថា តែ​​ពុំទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់​ជុំ​វិញ​បញ្ហា​នេះ ក្រុម​អ្នក​ជំនាញ​សូម​ណែនាំ​ឱ្យ​ស្ត្រី​គ្រប់​រូប​ដែល​និយម​ ​ពាក់​ក្រចកនិង​​លាប​ថ្នាំ​ជាប់​យូរ​ ទៅ​កាត់​លាប​​យ៉ាង​ច្រើន​បួន​ដង​ក្នុង​មួយ​ឆ្នាំ និង​សូម​កុំ​សាកល្បង​កេះ​លាង​ដោយ​ខ្លួន​ឯង​ឱ្យ​សោះ។ ប៉ុន្តែ​បើ​ក្នុង​ករណី អ្នក​មាន​ជំងឺ​ក្រចក​​​ប្រេះ បែក​លើ​សាច់​ក្រចក ការ​ពាក់​ក្រចក​សិប្បនិម្មត្ត​ ជា​ជំនួយ​ដ៏​ប្រពៃ​នៃ​ការ​ព្យាបាល​ក្រចក​ឱ្យ​វិល​ទៅ​រក​ភាព​ដើម​វិញ៕

តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

គ្រុនចាញ់ នៅតែបន្តសម្លាប់មនុស្ស ភាពស៊ាំកាន់​តែ​រីករាលដាល

តើ​ការ​កាច់​ម្រាម​ដៃ​នឹង​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​ឬ ?

សុរានិងស្ត្រី ៖ ស្ត្រីទទួលទានសុរាស្មើបុរស តែរងគ្រោះថ្នាក់ខ្លាំងជាង

វិធី​សង្គ្រោះ​បឋម​ ពេល​មាន​គ្រោះ​ថ្នាក់​នៅផ្ទះ

ជំងឺ​ទឹកនោម​ផ្អែម​មាន​៥​ប្រភេទ មិនមែន​២ ដូច​ដែល​ធ្លាប់គិត

ក្រូចថ្លុង ពិត​ជា​អាច​មាន​ប្រតិកម្ម​នឹង​ថ្នាំ​ពេទ្យ​មែន​ឬ ?

តើ​ការសម្រាលកូន នាពេលបច្ចុប្បន្ន មាន​ជំនួយ​វេជ្ជសាស្ត្រ​ច្រើន​ជ្រុល​មែន​ឬ ?

សារធាតុ​ហ្វ័រម៉ុល​ក្នុង​ចំណី​អាហារ​ និង​បន្លែ​ផ្លែឈើ

គុណប្រយោជន៍​នៃ​ការ​ធ្វើ​សមាធិ

ហេតុ​អ្វី​បាន​ជា​យើង​ស្ងាប ?

ត្បារត្រចៀកបង្កគ្រោះថ្នាក់យ៉ាងណា ?

ទឹកដោះគោ​ពុល ៖ តើ​ត្រូវ​ការពារ​កូនៗ​យ៉ាងណា​ពី​បាក់តេរី​បង្ក​ជំងឺ​រលាក​ពោះវៀន ?

ហេតុ​អ្វី​មាន​ គ្រួស​ក្នុង​ប្រម៉ាត់ ?